បន្ទប់គេងគឺជាកន្លែងដ៏សំខាន់សម្រាប់ផ្ទះនីមួយៗព្រោះវាជាកន្លែងសម្រាក និងដល់ក្ដីសុខដល់មនុស្សគ្រប់គ្នា។ មនុស្សភាគច្រើនចូលចិត្តតុបតែងកន្លែងគេងរបស់ខ្លួននូវវត្ថុស្អាត និងពិសេសដើម្បីបង្កើនអារម្មណ៍ក្នុងការគេង។ ប៉ុន្តែមិនមែនគ្រប់យ៉ាងដែលអ្នកស្រលាញ់សុទ្ធតែអាចទុកក្នុងបន្ទប់គេងបាននោះទេ ព្រោះវាអាចបង្កផលអាក្រក់ដល់អ្នកដូចរបស់ខាងក្រោមនេះជាដើម។

១. ស្បែកជើង

ស្បែកជើងគឺជារបស់សំខាន់សម្រាប់មនុស្សមួយចំនួន ប៉ុន្តែអ្នកមិនគួរទុកវាក្នុងបន្ទប់គេងឡើយ។ បើនិយាយតាមវិទ្យាសាស្ត្រ ស្បែកជើងគឺជារបស់ដែលពាក់នៅខាងក្រៅ ហើយអាចជាប់កម្ទេចដី ធូលី ឬវត្ថុមិនស្អាតដូចជាបាក់តេរីជាដើម។ ការទុកស្បែកជើងក្នុងបន្ទប់គេង នឹងធ្វើឱ្យកន្លែងដែលត្រូវសម្រាករបស់អ្នកទៅជាកខ្វក់ ធ្វើឱ្យមានអារម្មណ៍មិនល្អ និងបង្កជាជំងឺដោយមិនដឹងខ្លួន។

ចំណែកខាងហុងស៊ុយវិញ ស្បែកជើងអាចនាំថាមពលមិនល្អពីខាងក្រៅចូលមកក្នុងបន្ទប់គេងរបស់អ្នក។ ដូច្នេះបើទុកវាក្នុងបន្ទប់ វានឹងជះឥទ្ធិពលអាក្រក់ ឬសំណាងមិនល្អដល់ម្ចាស់ផ្ទះ។

២. រូបថតគ្រួសារ

ការរក្សាទុករូបថតរបស់សមាជិកគ្រួសារថតជុំគ្នាគឺជាអនុស្សាវរីយ៍ដ៏រីករាយមួយ ប៉ុន្តែអ្នកមិនគួរទុកវាក្នុងបន្ទប់គេងឡើយ ជាពិសេសរូបថតដែលមានសមាជិកណាម្នាក់បានបាត់បង់ជីវិត។ ហេតុផលគឺថាប្រសិនបើអ្នកសម្លឹងមើលរូបថតទាំងនោះមុនពេលចូលគេង អ្នកអាចនឹងមានអារម្មណ៍មិនល្អ រម្លឹកដល់រឿងរ៉ាវពីមុនៗ ធ្វើឱ្យប៉ះពាល់ដល់ដំណេករបស់អ្នក។ ចំណែករូបភាពរបស់អ្នកដែលបានបាត់បង់ជីវិតទៅហើយនោះ នឹងនាំឱ្យអ្នកនូវអារម្មណ៍សោកសៅ ឬយល់សប្ដិច្រើននៅពេលគេងក៏ថាបាន។

៣. កញ្ចក់ផ្ទាំងធំនៅចុងជើងគ្រែ

ការដាក់កញ្ចក់ក្នុងបន្ទប់គេងគួរកំណត់ទំហំឱ្យបានត្រឹមត្រូវ ជាពិសេសមិនគួរដាក់កញ្ចក់នៅចុងជើងឡើយ។ ការតុបតែងបន្ទប់គេងដោយប្រើកញ្ចក់អាចជះឥទ្ធិពលដល់អារម្មណ៍នៃការគេងទាំងសម្រាប់អ្នកនៅលីវ និងអ្នកមានគ្រួសារប្ដីប្រពន្ធ ហើយបើតាមហុងស៊ុយអាចឈានដល់ការបង្កើតឱកាសសម្រាប់ជនទីបីទៀតផង។

៤. វត្ថុបុរាណ

មនុស្សភាគច្រើនចូលចិត្តតុបតែងលម្អផ្ទះ ជាពិសេសបន្ទប់គេងដោយប្រើវត្ថុបុរាណ ឬវត្ថុដែលមានវ័យចំណាស់យូរឆ្នាំ។ ប៉ុន្តែបើគិតថាក្បួនហុងស៊ុយអ្នកមិនគួរទុករបស់ទាំងនេះនៅកន្លែងដែលអ្នកត្រូវសម្រាកឡើយ។​ វត្ថុទាំងនេះអាចមានអ្វីសម្ងាត់ដែលយើងមិនអាចមើលដឹងពីខាងក្រៅដូចជាវិញ្ញាណ ឬរឿងរ៉ាវពាក់ព័ន្ធតាំងពីណាពីណីមក ឬអាចប៉ះពាល់ដល់សុខភាពរបស់ម្ចាស់បន្ទប់បាន។

៥. កាំបិត ឬរបស់មុតៗ

តាមហុងស៊ុយ របស់មុតៗមិនគួររក្សាទុកជាគ្រឿងតាំងលម្អក្នុងផ្ទះ ជាពិសេសបន្ទប់គេងឡើយ ព្រោះវាតំណាងឱ្យសកម្មភាពមិនល្អ។ ការទុករបស់ទាំងនេះក្នុងបន្ទប់គេងអាចបង្កើតជាអារម្មណ៍មិនសុខស្ងប់ដល់ម្ចាស់បន្ទប់ នាំឱ្យមានសម្ពាធការងារធ្ងន់ធ្ងរ ឬអាចមានគ្រោះថ្នាក់អ្វីមួយជាដើម៕