មនុស្សគ្រប់គ្នារស់នៅជាមួយនឹងពាក្យថា រៀនប្រសិនបើមនុស្សមិនរៀនទេ យើងមិនអាចមានជីវិតដូចពេលបច្ចុប្បន្ននោះទេ។ គ្រាន់តែកើតមកភ្លាមមនុស្សត្រូវរៀនសព្វគ្រប់បែបយ៉ាង រាប់ចាប់តាំងពីរៀន​ទទួលទានអាហាររៀន​ប្រាស្រ័យទាក់ទង រៀនដើរ រៀន​រស់នៅ និងរៀន​លើចំណុចជាច្រើនទៀត។

ការរៀនចាំបាច់ត្រូវតែរៀនមួយជីវិត ហើយដើម្បីឱ្យការរៀននោះកាន់តែមានប្រសិទ្ធភាពខ្ពស់ យើងចាំបាច់ត្រូវតែរៀន និងអភិវឌ្ឍជាប់ជាប្រចាំ។

លោក Steven R. Covey អ្នកនិពន្ធសៀវភៅ 7 Habits of Highly Effective People បានលើកឡើងថា មនុស្សម្នាក់ៗ​ចាំបាច់ត្រូវតែ​ដុះខាត់សមត្ថភាពជាប់ជាប្រចាំ ទើបអាចធានាថា​យើងអាចរស់នៅប្រកបដោយ​ភាពសំខាន់ជាប់ជានិច្ច។ ពីមួយថ្ងៃទៅមួយថ្ងៃសម័យកាល និងពិភពលោកប្រែប្រួលជាប់ជានិច្ច ហេតុនេះ​សមត្ថភាពរបស់មនុស្សក៏ចាំបាច់ត្រូវតែ​អភិវឌ្ឍឥតឈប់ឈរទៅតាមនោះដែរ។ ចំណុចសំខាន់៣ យ៉ាងដែលលោកជំរុញឱ្យ​មានការអភិវឌ្ឍនោះគឺ ចិត្ត កាយ បញ្ញា និងស្មារតី។

លោក Steven R. Covey បាននិយាយថា៖ «​ទោះបីជាមនុស្សមានចំណេះដឹងច្រើនប៉ុណ្ណាក៏ដោយ ប្រសិនបើគ្មានការអនុវត្តទេ ចំណេះដឹងទាំងអស់នោះ នឹងរលាយបាត់បង់ទៅវិញជាក់ជាមិនខាន។ ហេតុនេះ មនុស្សម្នាក់ៗចាំបាច់ត្រូវតែប្រើប្រាស់ចំណេះដឹងទាំងអស់នោះ ហើយថែមទាំងបន្តអភិវឌ្ឍ​ឱ្យអស់ពីសមត្ថភាព»។

លោកបានបញ្ជាក់ផងដែរថា ហេតុផលដែលមនុស្សជាច្រើន​មិនព្រម​បន្តអភិវឌ្ឍ ដោយសារតែ​ពួកគេ​មិនរវល់ខ្លាំងពេកជាមួយនឹងការងារចរន្តប្រចាំថ្ងៃ ហើយមិនព្រម​សម្រួច​ចំណេះដឹង​ពាក់ព័ន្ធនឹងអាជីព និងការរស់នៅ។ ជាក់ស្តែងមនុស្សភាគច្រើន តែងតែយកហេតុផលថារវល់ជាមួយនឹងការងារ រវល់ជាមួយនឹងអាជីវកម្ម ឬរវល់​ជាមួយនឹង​ការងារបន្ទាន់ជាច្រើនផ្សេងទៀតទើបមិនអាចបន្តរៀនបាន។ 

ហេតុផលនេះ ទំនងជាមិនសូវសមហេតុផលនោះទេ ព្រោះប្រសិនបើយើងប្រៀបធៀបជីវិតជាមួយនឹងការបើកបរយើងនឹងឃើញថាស្ថានភាពនេះមិនខុសគ្នានោះទេ។ គ្រប់ពេលដែលយើងធ្វើការងារ និងរវល់ប្រៀបបានទៅនឹងយើងកំពុង​ព្យាយាម​បង្កើនល្បឿនយានយន្តដើម្បីឱ្យចំទិសដៅ។ ការធ្វើបែបនេះជារឿងល្អ តែប្រសិនបើយើងរវល់ពេក​រហូតភ្លេចចាក់សាំងនោះ​យើងនឹងត្រូវគាំងកណ្តាលផ្លូវ។ ជាក់ស្តែងជីវិតរស់នៅរបស់យើង​ប្រចាំថ្ងៃក៏ដូចគ្នាដែរ។​​ ប្រសិនបើយើងផ្តោតខ្លាំងពេក​លើ​ភាពរវល់​ប្រចាំថ្ងៃ ហើយភ្លេចអភិវឌ្ឍខ្លួន យើងនឹងជួបបញ្ហាលំបាក​នៅថ្ងៃណាមួយជាក់ជាមិនខាន៕