ជំនឿនៅតែមានក្នុងសាងសង់ផ្ទះ ប្រសិនបើសាងខុសក្បួនហុងស៊ុយមិនត្រឹម តែមិននាំលាភសំណាងអ្វីហើយថែមទាំងធ្វើឱ្យជួបតែរឿងអពមង្គលកើតឡើងក្នុងផ្ទះទៀតផង។ ដូច្នេះយើងមកមើលទាំងអស់គ្នាថា តើផ្ទះដែលមានហុងស៊ុយមិនល្អមានលក្ខណៈបែបណាខ្លះ?
១.ទីតាំងផ្ទះនៅចំផ្លូវកោង
តាមច្បាប់ហុងស៊ុយត្រូវបានគេជឿថា នេះជាទីតាំងមុតស្រួចដែលអាចនាំរឿងមិនល្អដល់សមាជិកក្នុងគ្រួសារ។ចំពោះការប្រកបរបររកស៊ីវិញ នឹងមិនរីកចម្រើន មិនកាក់កបឡើយ។ វិធីកែឱ្យល្អវិញនោះគឺយកកញ្ចក់ប៉ោងមកដាក់តាមកន្លែងដែលចិនសែណែនាំ។
បើវិភាគពីហេតុផលវិញគឺយើងដឹងហើយថាផ្លូវកោងជាកន្លែងដែលងាយមានគ្រោះថ្នាក់ណាស់ អាចនឹងមានរថយន្តជ្រុលចង្កូតបុកទម្លុះចូលជាផ្លូវបាំងហាងនិងពិបាកចតឡាន។ចំណែកឯវិធីប្រើកញ្ចក់កោងក៏ដើម្បីការពារគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើង។
២.ផ្ទះចំមាត់ផ្លូវទឹក
ចំណុចល្អដែលផ្ទះស្ថិតនៅមាត់ផ្លូវទឹក គឺមានទេសភាពស្អាតគួរជាទីគយគន់មានបរិយាកាសស្រស់ស្រាយ ល្អសម្រាប់ការសម្រាកលំហែ។ ប៉ុន្តែបរិវេណនេះក្រៅពីងាយជ្រាបទឹកចូលផ្ទះហើយ គេចិនសែមានជំនឿថាទ្រព្យសម្បត្តិកេរ្តិ៍ឈ្មោះ នឹងរសាត់ហូរទៅតាមទឹកដែរ។
៣.ដើមឈើស៊ុបទ្រុបនៅមុខផ្ទះ
តាមក្បួនហុងស៊ុយ ទីធ្លាមុខផ្ទះប្រៀបដូចជាកន្លែងបណ្តុំថាមពល។ ដូច្នេះផ្ទះណាដែលចង់ដាំដើមឈើដើម្បីលម្អត្រូវឧស្សាហ៍កាត់មែក តុបតែងឱ្យស្រឡះៗ។ ប្រសិនបើបណ្តោយឱ្យដុះស៊ុបទ្រុប ត្រូវបានគេជឿថានឹងមានបញ្ហាប៉ះពាល់ដល់សុខភាពមនុស្សចាស់និងកូនក្មេងក្នុងផ្ទះ។
បើគិតតាមន័យម្យ៉ាងទៀត ប្រសិនបើយើងបណ្តោយឱ្យមានដើមឈើដុះស៊ុបទ្រុបពេកអាចជាជម្រកសត្វផ្សេងៗឬអាចជាសត្វមានពិសដែលបង្កគ្រោះថ្នាក់ដល់ជីវិតបាន។
៤.មានសសរឬផ្ទះបាយចំកណ្តាលផ្ទះ
តាមតម្រាហុងស៊ុយបុរាណតែងតែជឿថា ផ្ទះដែលមានសសរចំកណ្តាលក្រៅពីតំណាងឱ្យភាពអពមង្គលហើយ ក៏ជាតំណាងភាពរលំរលាយដែរ។ ប្រសិនបើមិនអាចវ៉ៃចោលបានទេ វិធីដែលល្អអាចតុបតែងឱ្យវាក្លាយទៅជាគ្រឿងសង្ហារឹមមួយទៀតតែម្តងទៅ។ ចំណែកឯផ្ទះបាយដែលនៅចំកណ្តាលផ្ទះជាទីតាំង ចិនសែណែនាំថាជាការបំផ្លាញសុភមង្គលក្នុងគ្រួសារ។
៥.មានគំនរសំរាមមុខផ្ទះ
សំរាមប្រៀបដូចជាថាមពលអវិជ្ជមានក្រៅពីជះក្លិនមិនល្អហើយ គេជឿថានឹងនាំតែរឿងអពមង្គល គ្រោះអាក្រក់ចូលផ្ទះ នាំបញ្ហាប៉ះពាល់ដល់សុខភាពសមាជិកគ្រួសាររួមទាំងរឿងលុយកាក់ផងដែរ។