មួយរយៈចុងក្រោយនេះ មនុស្សភាគច្រើនត្រូវនៅក្នុងផ្ទះអ្នកខ្លះចូលចិត្តរកអ្វីធ្វើបំបាត់អផ្សុក ប៉ុន្តែអ្នកខ្លះទៀតញៀនគ្រែមិនសូវទៅណាឆ្ងាយពីភួយ ខ្នើយទេ។ គ្រែ ខ្នើយភួយគឺជាកន្លែងបណ្តុំនៃមេរោគ ដូច្នេះអ្នកមិនគួរព្រងើយកន្តើយឱ្យវាកខ្វក់ឡើយ។ ហេតុនេះហើយទើបថ្ងៃនេះ យើងនឹងមកធ្វើការចែករំលែកអំពីគន្លឹះសម្ងាត់មួយក្នុងការកម្ចាត់បាក់តេរីអាក្រក់ទាំងនោះ កម្ចាត់ស្នាមប្រឡាក់ពណ៌លឿង ឱ្យត្រឡប់មកសភ្លឺដូចទើបទិញថ្មីម្តងទៀត។
ជំហានដំបូងត្រូវត្រៀមសម្ភារៈជាមុនសិន (គួរដាក់បោកខ្នើយម្តង២ ដើម្បីកុំឱ្យធ្ងន់ម៉ាស៊ីនបោកខោអាវពេក)។
១. ទឹកក្តៅ
២. សាប៊ូបោកខោអាវ ១ កូនចានចង្កឹះ
៣. ម្សៅលាងចាន ១ កូនចានចង្កឹះ
៤. ទឹកអូសាវ៉ែល ១ កូនចានចង្កឹះ
៥. ម្សៅបូរ៉ាក់ពាក់កណ្តាលកូនចានចង្កឹះ។
ពេលនេះមកដល់ដំណាក់បោកគក់ខ្នើយហើយ៖
១.ជាដំបូង កុំភ្លេចអានការណែនាំនៅលើស្លាកជាប់ខ្នើយថា វាអាចយកទៅបោកក្នុងម៉ាស៊ីនបោកខោអាវបានដែរឬទេ។
២.បន្ទាប់មកដោះស្រោមខ្នើយចេញឱ្យអស់។
៣.ចាក់ទឹកក្តៅចូលក្នុងម៉ាស៊ីនបោកខោអាវប្រមាណ ១ភាគ៣ នៃម៉ាស៊ីន។
៤. យកសាប៊ូបោកខោអាវនិងសម្ភារៈដែលបានត្រៀមផ្សេងទៀតដាក់ចូលឱ្យអស់។ រួចបើកឱ្យម៉ាស៊ីនវិលរយៈពេល ២ ទៅ៣នាទីដើម្បីឱ្យសាប៊ូទាំងអស់រលាយចូលគ្នាសិន សឹមដាក់ខ្នើយចូលទៅបោក។
៥. នៅពេលម៉ាស៊ីនបោកបាន ៥នាទីហើយបិទម៉ាស៊ីនរួចត្រឡប់ខ្នើយទៅម្ខាងទៀតដើម្បីឱ្យច្បាស់ចិត្តថាបានសម្អាតសព្វល្អ។រួចហើយចុចឱ្យម៉ាស៊ីនដំណើរការបន្តរយៈពេល ៥ នាទី។
៦. នៅពេលខ្នើយក្លាយជាពណ៌សល្អហើយធ្វើការបោកទឹកមួយដងទៀត។ កុំភ្លេចថាត្រូវប្រើមុខងារទឹកក្តៅប្រសិនបើម៉ាស៊ីនរបស់អ្នកមិនមុខងារនេះទេអាចបន្ថែមទឹកក្តៅចូលដោយខ្លួនឯងបាន។
៧.ប្រសិនបើផ្ទះរបស់អ្នកមានម៉ាស៊ីនសម្ងួតខោអាវ ក៏អាចប្រើសម្ងួតខ្នើយឱ្យស្ងួតកាន់តែលឿនជាមួយនឹងការបន្ថែម Dryer Balls ចូលទៅ១ ឬ ២ គ្រាប់នឹងជួយឱ្យខ្នើយកាន់តែឆាប់ស្ងួត។ ប្រសិនបើមិនមានម៉ាស៊ីនសម្ងួតទេ យកខ្នើយទៅដាក់ហាលថ្ងៃជំនួសវិញ។ គ្រាន់តែប៉ុន្មានជំហាននេះប៉ុណ្ណោះអ្នកនឹងទទួលបានខ្នើយសភ្លឺដូចទើបតែទិញថ្មីៗអញ្ចឹង៕