ចំពោះចំណងមិត្តភាពគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗដែល តែងតែមានតាំងពីកុមារភាបមកម្ល៉េះ។ ក៏ប៉ុន្តែតើអ្នកធ្លាប់មានអារម្មណ៍ថាមានសម្ពាធ ដែរឬទេ? នៅពេលដែលអ្នកចាប់ផ្តើមមានទំនាក់ទំនងជាមួយមនុស្សមួយចំនួនតូច។ ដូច្នេះហើយនៅក្នុងអត្ថបទនេះនឹងធ្វើឲ្យអ្នកសិក្សាស្វែងយល់ដឹងកាន់តែច្បាស់ពីប្រភេទខុសៗនៃបុគ្គលិកលក្ខណៈរបស់មនុស្ស ដែលអ្នកគួរជៀសវាងមុនពេលរាប់អាន៖

១.មិនឱ្យតម្លៃការសន្ទនារបស់អ្នក៖ ជឿជាក់ថាអ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានជួបមនុស្សប្រភេទនេះហើយ គឺជាមនុស្សដែលមិនបានឱ្យតម្លៃការសន្ទនារបស់អ្នកចំពោះពួកគេ ដែលគេតែងតែចាកចេញពីអ្វីដែលអ្នកនិយាយបែបមិនចាប់អារម្មណ៍នឹងអ្នកដែលខំឱ្យតម្លៃការសន្ទនារបស់អ្នកទាំងអស់គ្នា។

២.ចូលចិត្តនិយាយដើមអ្នកដទៃ៖ នៅក្នុងអំឡុងពេលនោះ អ្នកអាចជាមនុស្សដែលគេនិយាយរឿងនរណាម្នាក់មកប្រាប់អ្នក ប៉ុន្តែថ្ងៃក្រោយអ្នកអាចជាប្រធានបទសម្រាប់គេ ដែលនិយាយពីអ្នកទៅប្រាប់អ្នកដទៃបានដូចគ្នា។ មនុស្សប្រភេទនេះមិនសាកសមទទួលបានទំនុកចិត្តពីអ្នកដទៃឡើយ ព្រោះជាមនុស្សដែលមិនមានការឃុំគ្រងចិត្តខ្លួនឯង ជាប្រភេទមនុស្សដែលគួរតែជៀសវាងបំផុត។

៣.សួរជីកឬសគល់ច្រើនហួស៖ ​អ្នកត្រូវបែងចែកឱ្យដាច់រវាងមនុស្សដែលសួរព្រោះចង់ដឹងសុខទុក្ខ និងប្រភេទមនុស្សសួរព្រោះតែមានគោលបំណងអ្វីម្យ៉ាងពិសេសពីអ្នក។ ដោយមនុស្សបែបនោះអាចសាកសួរព្រោះចង់វាយតម្លៃអ្នក ឧទាហរណ៍មនុស្សម្នាក់នោះគ្រាន់តែជាមនុស្សស្គាល់គ្នាធម្មតា ប៉ុន្តែបែរជាមកសួរកន្លែងការងារ គ្រួសារ និងចំណូលចំណាយរបស់អ្នកវាគឺជារឿងចម្លែកហើយ។ យ៉ាងណាមិញបើអ្នកដែលសួរគឺជាមិត្តជិតដិត គ្រួសាររបស់អ្នកគឺគ្មានអ្វីប្លែកនោះទេ។

៤.ស្គាល់តែពេលមានទុក្ខ៖​​​អាចជាមនុស្សដែលអ្នកស្គាល់យូរមកហើយ ឬជាមិត្តនិងគ្នា ក៏ប៉ុន្តែនៅពេលដែលអ្នកជួបប្រទះការលំបាកអ្វីមិនដែលឃើញវត្តមានគេ មកសួរសុខទុក្ខអ្នកឡើយ ឬនៅពេលដែលអ្នកមានទុក្ខគេមិនដែលជួយផ្ដល់ជាដំណោះស្រាយដល់អ្នក។ យ៉ាងណាមិញនៅពេលដែលគេជួបការលំបាកគេតែងតែសុំជំនួយពីអ្នកតែម្នាក់គ្រប់ពេល តែងតែមករ៉ាយរ៉ាប់ពីទុក្ខលំបាករបស់គេហើយសុំជំនួយពីអ្នកទៀតផង។

៥.ឆ្អិនក្បលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយ៖ អ្នកប្រហែលជាប្រទះមនុស្សប្រភេទនេះញឹកញាប់ហើយ គឺជាមនុស្សដែលតែងតែនៅខាងមនុស្សគ្រប់គ្នាមិនថាអ្នកណាត្រូវអ្នកណាខុសនោះទេ។ ជាពិសេសនៅពេលដែលអ្នកមានបញ្ហាជាមួយនរណាម្នាក់គេតែងមកនិយាយអាក្រក់ពីម្នាក់នោះជារឿយៗ ក៏ប៉ុន្តែនៅពេលដែលអ្នកចាប់ផ្ដើមត្រូវគ្នាជាមួយម្នាក់នោះវិញ គេបែរជាប្ដូរមកនិយាយល្អៗពីគេដោយភ្លេចសម្ដីដែលធ្លាប់និយាយអាក្រក់ពីម្នាក់នោះវិញ។

សរុបមកមនុស្សទាំង៥ប្រភេទដូចបានបង្ហាញខាងលើ ជាប្រភេទមនុស្សដែលមិនសមទទួលបានទំនុកចិត្ត និងការរាប់អានពីអ្នកទាំងអស់គ្នាឡើយ ហើយអ្នកក៏គួរតែជៀសវាងពីមនុស្សប្រភេទនេះដូចគ្នា។ យ៉ាងណាមិញអ្នកក៏មិនត្រូវធ្វើខ្លួនជាមនុស្សទាំង៥ប្រភេទនោះដូចគ្នា ប្រសិនបើអ្នកចង់ក្លាយជាមនុស្សម្នាក់ដែលទទួលបានការស្រឡាញ់រាប់អានពីមនុស្សជុំវិញខ្លួនដោយភាពស្មោះត្រង់៕