សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬជាទូទៅយើងតែងហៅថាជាការប្រឡងបាក់ឌុប ជាការប្រឡងយ៉ាងសំខាន់សម្រាប់សិស្សថ្នាក់ទី១២ ព្រោះវាជាដំណាក់កាលបញ្ចប់កម្រិតមធ្យមសិក្សា និងឈានទៅដល់ការចាប់យកជំនាញជាអាជីពសម្រាប់ជីវិតក្នុងពេលអនាគត។

ដើម្បីត្រៀមប្រឡងដ៏សំខាន់នេះ អតីតសិស្សនិទ្ទេស A ហេង គីមហុង បានណែនាំថា សិស្សានុសិស្សទាំងអស់ដែលជាបេក្ខជន ចាំបាច់ត្រូវតែមានការត្រៀមខ្លួនឱ្យបានល្អក្នុងរយៈពេលសមរម្យមួយ។ ជាចំណុចចាប់ផ្តើមនៃការត្រៀមខ្លួន បេក្ខជនគួរប្រមូលឯកសារនានាដែលគិតថា អាចនឹង​ចេញក្នុងពេលប្រឡង​ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ បន្ទាប់មកទៀត យើងអាច​យកលំហាត់ទាំងឡាយណា ដែលភាគច្រើនចេញជារឿយៗដើម្បីអនុវត្តឱ្យបានច្រើនបំផុត ព្រោះជារៀងរាល់ឆ្នាំការប្រឡង​តែងតែត្រូវបានគេកម្រិតស្តង់ដា​វិញ្ញាសារ ហេតុនេះកម្រិតនៃលំហាត់ និងវិញ្ញាសារ​មិនសូវខុសគ្នាប៉ុន្មាននោះទេ។

បន្ថែមពីលើនេះ សម្រាប់មុខវិជ្ជាដែលមិនមែនលំហាត់ ឬមុខវិជ្ជាមេរៀន​គួរ​ធ្វើការសង្ខេបមេរៀនទាំងអស់នោះឱ្យទៅជា Mind Maps ឬឱ្យក្លាយជា​ឯកសារសង្ខេបខ្លីៗ ងាយយល់ និងឆាប់ចងចាំល្អ។ ការធ្វើបែបនេះ នឹងធ្វើឱ្យយើង​ចំណេញពេលវេលា ហើយថែមទាំងធ្វើឱ្យយើងបាត់ភ័យថែមទៀតផង។ ជាក់ស្តែង យើងឃើញហើយថាសម្រាប់មុខវិជ្ជាមេរៀន ក្រសួងមិនមែនចេញសំណួរត្រឹមតែ​កម្រិតថ្នាក់ទី១២នោះទេ តែពេលខ្លះ​ក៏ចេញសំណួរក្នុងថ្នាក់ទី១០ ឬ១១ដែរ។ ហេតុនេះ​ដើម្បីធានាថា ​យើងមានសមត្ថភាពឆ្លើយបានល្អ អ្នកសិក្សាទាំងអស់​ចាំបាច់ត្រូវតែចេះ​ ឬក្តាប់ឱ្យបាននូវមេរៀន​ចាប់ពីថ្នាក់ទី១០ដល់ថ្នាក់ទី១២។

អតីតសិស្សពូកែ ហេង គីមហុង បាននិយាយថា៖«​ការត្រៀមខ្លួនបានល្អ គឺជាចំណុចចាប់ផ្តើមដ៏សំខាន់ក្នុងការទទួលបានលទ្ធផលជាវិជ្ជមានឬពិន្ទុខ្ពស់សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ»។

លោកបានលើកឡើងផងដែរថា​  ដើម្បីត្រៀមអារម្មណ៍ និងខួរក្បាលឱ្យបានល្អ លុះត្រាតែយើងទុកចិត្តថាមេរៀនទាំងអស់ដែលយើងបានសិក្សា​ គឺស្ថិតក្នុងការចងចាំរបស់យើងភាគច្រើន។ ទោះបីជាមិនចាំទាំងអស់ក៏មិនមែនទទេស្អាតនោះទេ។ ហេតុនេះ​ ការធ្វើគំនូសតាងសង្ខេបឬការសង្ខេបមេរៀន អាចធ្វើឱ្យយើងដកស្រង់ ឬក្តាប់បាននូវព័ត៌មានពីសៀវភៅមេរៀន​រាប់រយទំព័រក្នុងពេលដ៏ខ្លី ព្រោះក្រោយពេលសង្ខេបពេលខ្លះ​ ឯកសារពីរបីរយទំព័រនឹងត្រូវ​​បញ្ចូលមកត្រឹមតែ​ពីរបីទំព័រតែប៉ុណ្ណោះ។ ការធ្វើបែបនេះ នឹងធ្វើឱ្យយើងមានទំនុកចិត្តខ្ពស់ថា យើងពិតជាអាចគ្រប់គ្រងស្ថានការណ៍បានល្អក្នុងពេលប្រឡងពិតប្រាកដ៕