បច្ចុប្បន្ននេះ យើងសង្កេតឃើញថាបញ្ហាកើតមានស្នាមនៅលើផ្ទៃមុខនៅតែបន្តកើតមានឡើងលើយុវវ័យមួយចំនួនដែលមិនបានដឹងពីមូលហេតុច្បាស់លាស់ ដោយយុវវ័យមួយចំនួនពេលដែលកើតមានបញ្ហានេះហើយ ក៏បានព្យាយាមទិញផលិតផលល្អៗថ្លៃៗដើម្បីបំបាត់ស្លាកស្នាមទាំងនោះចេញ។ ដើម្បីជាចំណេះដឹងមួយ ក៏ដូចជាការរំឮកខ្លះៗដល់យុវវ័យក្នុងការបង្ការដល់ការកកើតស្លាកស្នាមនៅលើផ្ទៃមុខ អ្នកអាចអានអត្ថបទខាងក្រោមនេះបាន៖

ទី១.ការមិនប្រើឡេការពារកម្ដៅថ្ងៃឱ្យបានសមស្របជាមួយស្បែកមុខ និងមិនគ្រប់ចំនួននៃតម្រូវការស្បែកមុខ។ អាកាសធាតុនៅស្រុកយើងគឺបង្កឱ្យស្បែកងាយរងការប៉ះពាល់ជាខ្លាំង ខណៈពេលដែលយុវវ័យភាគច្រើនគិតថាឡេការពារកម្ដៅថ្ងៃមិនសំខាន់។ 

លើសពីនេះទៅទៀតការប្រើ BB Cream  Foundation Make Up ដែលមាន SPF គឺមិនអាចជំនួសឡេការពារកម្ដៅថ្ងៃបាននោះទេ។ ហើយពន្លឺថ្ងៃជាបញ្ហាដំបូងក្នុងការធ្វើឱ្យស្បែកបាត់បង់សមត្ថភាពជួសជុលកោសិកាឬស្លាកស្នាមដែលមានលើស្បែក។ យ៉ាងណាមិញចង់ព្យាបាលស្លាកស្នាម​ ជាដំបូងអ្នកត្រូវចេះជ្រើសរើសឡេការពារកម្ដៅថ្ងៃឱ្យត្រឹមត្រូវជាមុនសិន។ 

ទី២.តុល្យភាពអរម៉ូន ជាពិសេសចំពោះយុវវ័យនេះឯង ដែលភាគច្រើនបានគិតខុសថា នៅក្មេងសុខភាពល្អស្រាប់ មិនបាច់ទាន់ថែរក្សាច្រើនពេកនោះទេ។ គោលបំណងក្នុងការថែរក្សាសុខភាព គឺត្រូវថែឱ្យបានខ្ជាប់ខ្ជួនចាំបាច់បំផុតសម្រាប់យុវវ័យដែលទើបតែពេញរូបពេញរាងដំបូង ដោយមិនត្រូវបណ្ដោយឱ្យស្បែកមុខរបស់អ្នកទៅមុនអាយុឡើយ។ ជាមួយគ្នានេះដែរការបរិភោគឱ្យបានគ្រប់គ្រាន់ អាហារមានជីវជាតិដល់សុខភាព ជៀសវាងអាហារកំប៉ុង របស់ហឹល​ និងអាហារផ្អាប់ជាដើម។

ទី៣.ការលំហែផ្លូវចិត្ត នៅក្នុងវ័យនេះ យុវវ័យជាវ័យដែលមានភាពស្រពិចស្រពិលបំផុត គិតច្រើន ស្រ្តេសច្រើន​ ធ្វើការច្រើនម៉ោង ហត់គ្មានពេលសម្រាកឱ្យបានគ្រប់គ្រាន់ គេងយប់ជ្រៅ កម្លាំងចិត្តខ្សោយ និងពិបាកចិត្តច្រើន។ កត្តាខាងក្នុងទាំងនេះសុទ្ធសឹងតែអាចបង្កឱ្យលេចចេញសញ្ញាមកក្រៅដូចជាឡើងមុន មុខស្រអាប់ និងមានស្លាកស្នាមពិបាកកែប្រែ។ ក្នុងនោះផងដែរអ្នកត្រូវបន្ធូរបន្ថយសម្ពាធផ្លូវចិត្តសិនទើបរាងកាយ និងស្បែករបស់អ្នកមានលក្ខណៈល្អក្នុងការព្យាបាលដោយខ្លួនឯង។

៤.ការប្រើផលិតផលលាយគ្នាច្រើន យុវវ័យជាច្រើនដោយចង់ស្អាតឆាប់រហ័យ ក៏ប្រើប្រាស់ជាមួយផលិតផលដែលមានជាតិកាត់ ជាតិបក ម្សៅលាយដែលងាយឱ្យស្បែកមុខមានស្លាកស្នាមមិនងាយបាត់។ ដើម្បីការពារសុខភាពស្បែកយើង អ្នកត្រូវរៀនស្វែងយល់ជាមុនសិនមុននឹងប្រើថាតើវាគួរឱ្យទុកចិត្តបានទេ ផលិតផលហ្នឹងផលិតពីអ្វី មានប្រភពមកពីណា។

រឿងទាំងបួនខាងលើនេះជារឿងតូចៗទេ ដែលអាចធ្វើឱ្យអ្នកមើលរំលងមិនបានគិតដល់ព្រោះគិតថាវាមិនចាំបាច់ តែបើយើងយកមកពិនិត្យឱ្យមែនទែន វាគឺជាមូលហេតុបឋមមួយដែលធ្វើឱ្យស្នាមឬបញ្ហាស្បែកលើមុខរបស់យើងមិនងាយរលុប ទោះយើងប្រឹងប្រែងចំណាយប្រាក់ព្យាបាលវាយ៉ាងណាក៏ដោយ ដូច្នេះហើយសូមអ្នកត្រឡប់មកយកចិត្តទុកដាក់ជាមួយបញ្ហាទាំងនេះកុំឱ្យកើតជារឿងពិបាកនឹងព្យាបាល៕