បើនិយាយពីការសិក្សា មានរឿងច្រើនដែលត្រូវពិចារណា ព្រោះវាមិនមែនគ្រាន់តែចូលទៅក្នុងសាលាត្រង់តែមួយមុខគត់ ហើយចេញមកវិញអាចធ្វើឱ្យយើងក្លាយជាមនុស្សខ្លាំងនោះទេ។ ដើម្បីឱ្យយើងក្លាយជាមនុស្សដែលមានការអប់រំល្អ ចាំបាច់មានធាតុផ្សំជាច្រើនដែលត្រូវដឹង។

ឯកឧត្តម​បណ្ឌិត អ៊ឹម កុ​ច រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថា និស្សិតប្រមាណពីរភាគបីមកពីគ្រប់តំបន់លើពិភពលោកនាពេលបច្ចុប្បន្ន កំពុងប្រឈមនឹងបញ្ហា ​មិនអាច​រក​ការងារ​ធ្វើបាន ឬ​មិនអាច​ទទួលបាន​ការងា​រ​ដែល​ត្រូវ​ជំនាញ​​ក្រោយពេល​បញ្ចប់​ការសិក្សា។ កត្តា​ទាំងអស់នេះ​ មិនមែន​មកពី​ការអប់រំ​នៅតាម​សាលាឬ​សាកលវិទ្យាល័យ​ ដែល​មិនមាន​ភាពស៊ីចង្វាក់​ជាមួយនឹង​ទីផ្សារការងារ​ទាំងអស់​នោះទេ តែ​វា​បណ្តាលមកពី​កត្តាផ្សេងៗទៀត ជាពិសេសគឺ​កត្តា​និស្សិត​ខ្លួនឯង ​ដែល​មិនបាន​បន្ស៊ាំ​ខ្លួនឯង​ជាមួយជំនាញមួយ​ចំនួន ​ដើម្បី​ស្វែងរក​បទពិសោធ​ជាក់ស្តែងនៅខាងក្រៅ។

ឯកឧត្តម អ៊ឹម កុ​ច ​មានប្រសាសន៍ថា៖ «ដើម្បី​ទទួលបាន​ការងារ និង​អភិវឌ្ឍ​សមត្ថភាព​ការងារ​ឱ្យ​បានល្អ​ក្រោយពេល​បញ្ចប់​ការសិក្សា​នៅកម្រិត​មហាវិទ្យាល័យឪពុកម្តាយគួរតែ​ផ្តល់ឱកាស​ឱ្យបាន​ច្រើន​សម្រាប់កូនៗ និង​ត្រូវចេះលើកទឹកចិត្ត​កូន​ឱ្យធ្វើ​ការងារ​ហាត់​ការ(Internship)ជាដើមដើម្បីទទួលបានបទពិសោធន៍ការងារជាក់ស្តែង​មុនពេលបញ្ចប់ការសិក្សា»។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ផងដែរថា កត្តា​មួយចំនួន​ដែល​ជំរុញ​ឱ្យ​សិស្ស-និស្សិត​មិនអាច​រក​ការងារ​ធ្វើបាន​នៅ​កម្រិត​មហាវិទ្យាល័យ គឺ​មកពី​ពួកគាត់​មិនទាន់មាន​សមត្ថភាព​ឆ្លើយតប​ជាមួយនឹង​ទីផ្សារការងារ​មិនសូវ​យល់ច្បាស់​ពី​តម្លៃ​ នៃ​ការចូលរួម​ក្នុង​សកម្មភាព​ស្ម័គ្រចិត្ត​ មិន​ចាប់អារម្មណ៍​ស្វែងយល់​ពី​ការបង្កើត​ទំនាក់ទំនង​ល្អនិង​យល់​មិនបាន​ស៊ីជម្រៅ​ពី​ការសិក្សា​នៅ​មហាវិទ្យាល័យ។ ជាឱកាសល្អដែល នាពេល​បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​ជាច្រើន​បាន​បង្កើតឡើង ​ហើយ​ត្រូវការ​អ្នកធ្វើការ​ស្ម័គ្រចិត្ត​ដើម្បី​ហាត់​ការ​ ដូចជា​ផ្នែកសេវាកម្ម​និង​តាម​ក្រុមហ៊ុន​ក្នុង​វិស័យផ្សេងៗជាច្រើន​ទៀត។ ការធ្វើ​ការហាត់​ការគឺជា​ការងារ​ដែល​ផ្តល់​បទពិសោធ​ច្រើន ​លើ​ផ្នែក​ការងារ​ទំនាក់ទំនងនិង​ធ្វើឱ្យមាន​ភាពចាស់ទុំ។ 

ឯកឧត្តមថា ការសិក្សា​នៅ​មហាវិទ្យាល័យ ​គឺមាន​ប្រហែល​ជាជាង30%តែប៉ុណ្ណោះ​សម្រាប់​ទទួលបាន​ការងា​រ​ធ្វើ ដូច្នេះដើម្បីទទួលបានឱកាសកាន់តែច្រើន ​និស្សិត​ត្រូវ​ស្វះស្វែង​ដោយ​ខ្លួនឯង​ក្នុង​ពិភព​ខាងក្រៅ ​ដើម្បី​រៀនហើយ​អភិវឌ្ឍ​ខ្លួន​ដើម្បីឱ្យ​ឆ្លើយតប​ជាមួយនឹង​ទីផ្សារការងារ។ បន្ទាប់ពី​មានចំណេះដឹង​ពី​មហាវិទ្យាល័យ​មាន​បទពិសោធ​ជាក់ស្តែងនិង​មាន​ទំនាក់ទំនង​ល្អ​ហើយ ពួកគេ​ប្រាកដជាទទួលបាន​ការងារ​ល្អ​ធ្វើ​ក្រោយពេល​បញ្ចប់​ការសិក្សា៕