សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

មនុស្សគ្រប់គ្នាសុទ្ធតែស្អប់បញ្ហាក្នុងជីវិតចង់ជៀសចេញឱ្យឆ្ងាយ និងមិនចង់ជួប​ជាដើម តែសម្រាប់អ្នកនិពន្ធពេលខ្លះ​បែរជាចូលចិត្តបញ្ហាលំបាកទាំងអស់នោះទៅវិញ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក សុខ ចាន់ផលអ្នកនិពន្ធមួយរូបរបស់កម្ពុជា បានលើកឡើងថា មនុស្សគ្រប់គ្នាសុទ្ធតែជួបបញ្ហាក្នុងជីវិត។ ទោះបីជាយើងចង់គេចចេញប៉ុណ្ណាក៏ដោយ ក៏ទំនងជាមិនអាចគេចអស់នោះដែរហេតុនេះពេលខ្លះបញ្ហាដែលបានកើតឡើងរួចទៅហើយ យើងទៅឈឺក្បាលជាមួយវាក៏ឥតប្រយោជន៍ដែរអ្វីដែលអាចធ្វើទៅបានសម្រាប់អ្នកនិពន្ធ គឺកែប្រែបញ្ហានោះឱ្យមានប្រយោជន៍ទៅវិញ។

លោក​ សុខ ចាន់ផល បាននិយាយថា៖ «​ពេលខ្លះអ្នកនិពន្ធស្រឡាញ់បញ្ហាជីវិតព្រោះវាអាចក្លាយជាប្រធានបទយ៉ាងសំខាន់ដែល​យើងជាអ្នកសរសេរផ្ទាល់បានជួបនិងស្គាល់វាច្បាស់លាស់ជាងអ្នកណាទាំងអស់»។

អ្នកនិពន្ធខាងលើបានបញ្ជាក់ផងដែរថា អ្នកនិពន្ធគឺជាអ្នកបង្កើតបរិយាកាស អារម្មណ៍ រឿងរ៉ាវនិងបញ្ហាជាច្រើនដើម្បីឱ្យកើតចេញជាសាច់រឿង​ដើម្បីអប់រំ​និងផ្តល់ការកម្សាន្តផ្នែកអារម្មណ៍។ ហេតុនេះពេលខ្លះវាមិនមែនជារឿងងាយស្រួលនោះទេក្នុងការស្វែងរកប្រធានបទសំខាន់ៗសម្រាប់​សរសេរឱ្យបានល្អិតល្អន់។ ដូច្នេះហើយ ទើបពេលខ្លះបញ្ហាជីវិតផ្ទាល់ខ្លួនអាចនឹងក្លាយជាប្រធានបទដ៏ល្អ សម្រាប់បង្កើតជាសាច់រឿង​យ៉ាងស៊ីជម្រៅ​ដល់អ្នកអាន។

លោកបានបន្ថែមទៀតថា នៅពេលយើងជួបបញ្ហាយើងនឹងឃើញថា ​មានរឿងរ៉ាវជាច្រើនប្រទាក់ក្រលាគ្នា បន្ថែមពីលើនេះក្នុងបញ្ហានីមួយៗមានមនុស្សជាច្រើនដែលពាក់ព័ន្ធ។ បញ្ហានោះទៀតសោតក៏​មានភាពបត់បែនច្រើនទៅតាមកាលៈទេសៈនៃការដោះស្រាយ។ ហេតុនេះ​ប្រសិនបើយើងបានឆ្លងកាត់បញ្ហាណាមួយក្នុងជីវិត យើងនឹងយល់ច្បាស់ពីមេរៀនឬផ្លូវល្អដើម្បីដោះស្រាយបញ្ហាដ៏ចាក់ស្រេះទាំងអស់នោះ។ 

តម្លៃអប់រំទាំងអស់នោះ​មិនមែនចេះតែគ្រប់គ្នាបជួបនោះទេ។ វាត្រូវការសង្កេត និង​តាមដានដោយយកចិត្តទុកដាក់។ដូច្នេះ ប្រសិនបើវាចៃដន្យកើតចំជីវិតយើងផ្ទាល់ ពេលខ្លះយើងអាចរាប់ថាជាសំណាងមួយដែលយើងបានឆ្លងកាត់និង​ដកយកផ្នត់គំនិតទាំងអស់នោះដើម្បីទៅច្នៃបន្ថែមសម្រាប់បង្កើតជាទស្សនិយភាពអក្សរសិល្បិ៍ដ៏រស់រវើកសម្រាប់អ្នកអាន៕