ជំងឺកូវីដ១៩ ត្រូវបានគេមើលឃើញថា ជាបញ្ហាប្រឈមដ៏សំខាន់មួយសម្រាប់ពិភពលោក ព្រោះវាបានផ្តល់គ្រោះថ្នាក់ដោយផ្ទាល់ចំពោះអាយុជីវិត តែដំណាលគ្នានេះ កូវីដ១៩ ក៏បានជះឥទ្ធិពលទៅដល់ផ្នែកជាច្រើនផ្សេងទៀតដែលគំរាមកំហែងដល់ការរស់នៅផងដែរ។

ថ្មីៗនេះ អ្វីដែលគេរកឃើញថា ជាកត្តាប្រឈម​សំខាន់មួយដែលកើតចេញពី​ឥទ្ធិពលនៃ​ជំងឺកូវីដ១៩ គឺ​ផលប៉ះពាល់ចំពោះសុខភាពផ្លូវចិត្ត។ តាមរយៈអង្គការវេទិកាសេដ្ឋកិច្ចពិភពលោកបានបញ្ជាក់ថា មនុស្សនៅក្នុងប្រទេសអភិវឌ្ឍជាច្រើនដែលកំពុង​មានការរីករាលដាលជំងឺកូវីដ១៩ បានទទួលរងផលប៉ះពាល់ផ្នែកផ្លូវចិត្តដោយសារតែពួកគេទទួលរងសម្ពាធ ពីការធ្វើគម្លាតសង្គម ការបាត់បង់ចំណូល និងការបាត់បង់ការងារជាដើម។

តាមតួលេខដែលត្រូវបានបង្ហាញដោយរដ្ឋាភិបាលក្រុងតូក្យូនៅពេលចុងក្រោយនេះ អាចឱ្យយើងឃើញថាចំនួននៃអ្នកធ្វើអត្តឃាត គិតត្រឹមខែតុលានេះនៅទូទាំងប្រទេស គឺមានរហូតទៅដល់ 2,153 នាក់ ពោលគឺគិតមកត្រឹមថ្ងៃសុក្រសប្តាហ៍មុន ខណៈដែលតួលេខនៃអ្នកស្លាប់ដោយសារកូវីដ១៩ មានចំនួនត្រឹមតែ 2,087 នាក់ប៉ុណ្ណោះ ចាប់តាំងតែពីមានការផ្ទុះឆ្លងវីរុសនេះ។ ហេតុនេះ​ ការយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមផ្នែកសម្ពាធផ្លូវចិត្តបានក្លាយជាចំណុច​ផ្តោតសំខាន់ថ្មីមួយទៀត ដែលបណ្តាប្រទេសនានាកំពុងយកចិត្តទុកដាក់ចំពោះមុខផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ១៩។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ សារព័ត៌មាន CNN បានផ្សព្វផ្សាយនៅក្នុងសប្តាហ៍នេះថា អ្នកជំនាញជាច្រើនបានព្រមានថាបញ្ហារាតត្បាតនៃកូវីដ១៩ នៅដំណាក់កាលនេះ អាចនឹងធ្វើឱ្យការរស់នៅរបស់មនុស្ស ត្រូវប្រឈមជាមួយនឹងវិបត្តិផ្លូវអារម្មណ៍ដ៏ធ្ងន់ធ្ងរ ព្រោះចំនួនអ្នកបាត់បង់ការងារអាចនឹងកើនឡើងកាន់តែច្រើនឡើង ដោយសារតែគម្លាតសង្គម និងធ្វើឱ្យមនុស្សកាន់តែច្រើនមានបញ្ហាធុញថប់ ព្រមទាំងតានតឹងរហូតដល់មានការសម្លាប់ខ្លួនជាដើម៕