អ្នកប្រាជ្ញាខុងជឺ គឺជាអ្នកទស្សនៈវិទូដ៏ល្បីល្បាញមួយរូបនៅក្នុងប្រវត្តិសាស្ត្រ ដែលបានបន្សល់ទុកពាក្យទូន្មានប្រៀនប្រដៅជាច្រើនចំពោះផ្នត់គំនិតនិងជីវិតរស់នៅរបស់ប្រជាជនចិន កូរ៉េ ជប៉ុន វៀតណាម រហូតដល់ពួកគេបានចាត់ទុកជាលទ្ធិ​មួយ។ ខាងក្រោមនេះជាពាក្យទូន្មាន៥ឃ្លាដែលមានន័យបំផុតចំពោះជីវិតដែលលោកបានបន្សល់ទុក៖

ទី១.ជីវិតតាមពិតសាមញ្ញខ្លាំងណាស់ ប៉ុន្តែយើងចេះតែធ្វើឱ្យវាស្មុគស្មាញ មនុស្សជាច្រើនចេះតែធុញធប់នឹងជីវិតគិតថាគ្រប់យ៉ាងលំបាក នេះដោយសារតែការសម្លឹងមើលខ្ពស់ពេក ប៉ុន្តែគេមិនធ្លាប់យកពេលវេលាខ្លះមករំឮកឡើងវិញទេ ថាតើពីមុនមកពួកគេធ្លាប់ជួបរឿងអ្វីខ្លះទម្រាំដើរមកដល់ពេលនេះ ហេតុអ្វីពីមុនអាចដើរមកបាន ហេតុអ្វីមិនប្រៀបធៀបខ្លួនឯងពីមុនមកឥឡូវថាខុសគ្នាប៉ុណ្ណា? 

ជាការពិតណាស់ជីវិតរបស់មនុស្សម្នាក់ៗត្រូវមានក្ដីស្រមៃ ត្រូវសម្លឹងខ្ពស់ មើលឱ្យបានវែងឆ្ងាយ ដើម្បីជិវិតបានថ្កុំថ្កើនឡើង ប៉ុន្តែមិនត្រូវឱ្យវាមករំលាយសេចក្ដីសុខរបស់អ្នកនោះទេ ប្រឹងប្រែងរកស៊ី ធ្វើការគ្រប់សព្វតែមិនត្រូវតូចចិត្ត និងជីវិតខ្លាំងពេកមិនត្រូវគិតថាលំបាកពេក យកពេលវេលានោះមករកសេចក្ដីសុខដាក់ខ្លួន ផ្ដល់ក្ដីស្រឡាញ់ដល់មនុស្សជុំវិញខ្លួន និងក្រុមគ្រួសារនោះអ្នកនឹងរកឃើញភាពសាមញ្ញមួយនៃជីវិត។

ទី២.គ្រប់យ៉ាងសុទ្ធតែស្រស់បំព្រង ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាបានឃើញនោះទេ ពិតណាស់អ្វីក៏មានតម្លៃនៃភាពស្រស់ស្អាតរបស់វាដែរ ជាក់ស្ដែងជីវិតមនុស្សម្នាក់ៗមានភាពស្រស់បំព្រងរៀងខ្លួន គ្រាន់តែអ្នកខ្លះមិនបានឃើញវាតែប៉ុណ្ណោះ។ សេដ្ឋីម្នាក់បានចេញទៅស្រែ ឃើញកសិករម្នាក់ច្រៀងបណ្ដើរ រាំបណ្ដើរ មានក្ដីសុខរៀងរាល់ថ្ងៃ សេដ្ឋីក៏ចាប់ផ្ដើមធុញនិងជីវិតខ្លួនដែលមានតែការព្រួយបារម្ភចំពោះទ្រព្យសម្បត្តិមិនបានសប្បាយចិត្តសោះ។ 

ចំណែកឯកសិករក្រឡែកមកឃើញសេដ្ឋីស្លៀកពាក់ស្អាតបាត ដើរយ៉ាងសង្ហាមានអ្នកការពារឆ្វេងស្ដាំ ក៏នាំគ្នាច្រណែន ថាមិនបានស្រួលដូចគេ។ តាមពិតបើអ្នកចេះស្រឡាញ់អ្វីដែលនៅជុំវិញខ្លួន នោះអ្នកនឹងឃើញភាពស្រស់បំព្រងរៀងរាល់ថ្ងៃ មិនថាអ្វីដែលអ្នកមានការងាររបស់អ្នក​មនុស្សជាទីស្រឡាញ់របស់អ្នកនោះទេ អ្វីក៏ដោយនៅពេលដែលអ្នកមាននៅក្បែរខ្លួនគឺមិនសូវចង់បាន មិនសូវស្រឡាញ់ប៉ុន្មានទេ ប៉ុន្តែតែងតែប្រាថ្នាអ្វីដែលមិនមែនជារបស់ខ្លួនជានិច្ចជាកាល។

ទី៣.ជ្រើសរើសការងារដែលអ្នកស្រឡាញ់ អ្នកនឹងគ្មានអារម្មណ៍ថាកំពុងធ្វើការ មនុស្សគ្រប់គ្នាសុទ្ធតែត្រូវធ្វើការងារ ទោះបីនាក់រកស៊ីក៏ត្រូវធ្វើការងារដើម្បីខ្លួនឯងដែរ បើអ្នកមិនអាចស្វែងរកការងារដែលខ្លួនស្រឡាញ់បាននោះអ្នក នឹងមានអារម្មណ៍ថាហត់នឿយ គឺធ្វើការចាំដល់ថ្ងៃបើកប្រាក់ខែប៉ណ្ណោះ ប៉ុន្តែបើអ្នកមានការងារដែលស្រឡាញ់ នោះការងារប្រៀបដូចជាការកំសាន្ដ ហើយមានអារម្មណ៍ថាចង់ទៅកន្លែងធ្វើការដោយគ្មានការនឿយហត់ឡើយ។ វាប្រៀបដូចជាការរៀបការដែរ នៅពេលដែលអ្នករៀបការជាមួយមនុស្សដែលអ្នកមិនបានស្រឡាញ់អ្នករៀបការឱ្យតែហើយៗតែប៉ុណ្ណោះ ប៉ុន្តែបើមនុស្សម្នាក់ដែលអ្នកបានរៀបការជាមួយ ជាមនុស្សដែលអ្នកស្រឡាញ់ពេញចិត្តអ្នកប្រាកដជារំភើប សប្បាយចិត្តជាខ្លាំង។

ទី៤.អ្វីដែលមិនចង់ឱ្យកើតលើខ្លួនអ្នកកុំធ្វើលើអ្នកដទៃ មនុស្សគ្រប់គ្នាសុទ្ធតែចង់បានសេចក្ដីសុខផ្ទាល់ៗខ្លួនមិនខុសពីអ្នកឡើយ អ្វីដែលអ្នកមិនចូលចិត្តមិនចង់ឱ្យកើតលើអ្នក សូមកុំធ្វើលើអ្នកដទៃឱ្យសោះ ព្រោះគេក៏មានគំនិតដូចអ្នកដែរ រស់នៅបែបនេះជីវិតនឹងមានសេចក្ដីសុខទាំងអស់គ្នា ហើយពោពេញដោយភាពស្រស់បំព្រង។ ឧទាហរណ៍ថាអ្នកមិនចង់ឱ្យនរណាម្នាក់មកនិយាយកុហកអ្វីមួយមកលើអ្នកទេ ហើយរឿងនេះអ្នកដទៃក៏មិនចង់ឱ្យអ្នកធ្វើបែបនេះដាក់គេវិញដែរ អ្នកចង់ឱ្យមានមនុស្សមកស្រឡាញ់រាប់អានអ្នក អ្នកក៏ត្រូវចេះចែករំលែកក្ដីស្រឡាញ់អ្នកទៅឱ្យអ្នកផ្សេងដូចគ្នា។

ទី៥.រឿងល្អពិបាកសម្រចហើយរឿងអាក្រក់ងាយស្រួលកើតឡើង ធ្លាប់មានសិស្សម្នាក់បានប្រាប់ទៅកាន់គ្រូថារៀនពិតជាពិបាកណាស់ ហើយគ្រូក៏បានឆ្លើយតបមកវិញថា បើរៀនស្រួលនោះគ្រប់គ្នាសុទ្ធតែជាប់លេខមួយហើយ តាមពិតអ្វីដែលល្អៗគឺពិបាកសម្រេចណាស់។ ដូចនេះបើអ្នកប្រឹងប្រែងខ្លាំងអ្នកនឹងទទួលបានតាមការតាំងចិត្ត ដោយការខំប្រឹងប្រែងនោះដែរ ប៉ុន្តែបើអ្នកខ្លាចពិបាកនោះអ្នកនឹងមិនអាចទទួលបានអ្វីដែលអ្នកចង់បាននោះទេ។

ជាចុងក្រោយ ៥ឃ្លាដែលមានអត្ថន័យដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបានរបស់អ្នកប្រាជ្ញា ខុង ជឺ បានបង្រៀនមនុស្សឱ្យចេះស្រឡាញ់ ចេះត្រៀមចិត្ត ចែកក្ដីស្រឡាញ់ រៀនគ្រប់គ្រងការប្រាថ្នារបស់ខ្លួនឱ្យសមជាមួយសមត្ថភាព មិនមានចិត្តលោភលន់ មិនធ្វើបានកេងប្រវ័ញ្ចអ្នកដទៃ ធ្វើឱ្យអ្នកដែលមានចិត្តស្របជាមួយខុង ជឺបានយល់ដឹងកាន់តែច្បាស់ពាក្យសម្ដីមិនអាចកាត់ថ្លៃបាន៕