កំពត៖ ទីផ្សារដីធ្លីនៅតំបន់ជាយក្រុងកំពតនៅតែសកម្មភាពទិញលក់ជាធម្មតា បើទោះបីជាបញ្ហាប្រឈមទៅនឹងវិបត្តិនៃជំងឺកូវីដ១៩ នៅអូសបន្លាយយ៉ាងណាក្តី ខណៈដែលអ្នកទិញភាគច្រើនទិញយកទៅអភិវឌ្ឍន៍ធ្វើជាកន្លែងកម្សាន្តខ្នាតតូច និងសាងសង់ជាសំណង់លំនៅដ្ឋានតូចៗ បម្រើដល់វិស័យទេសចរណ៍នៅក្នុងខេត្ត តាមតំបន់ធម្មជាតិគោលដៅ ខុសប្លែកពីគម្រោងដីឡូតិ៍មួយចំនួនហាក់នៅសភាពទ្រឹង។
លោក អ៊ី សារ៉ន អ្នករកស៊ីដីធ្លីនៅក្នុងខេត្តកំពត បានប្រាប់ Krama Post ថា ជាទូទៅទីផ្សារដីធ្លីនៅក្នុងក្រុងកំពតមានតម្រូវការខ្ពស់ ដោយសារខេត្តកំពតជាគោលដៅទេសចរណ៍ និងជាកន្លែងទាក់ទាញលើការវិនិយោគផ្ទះលំហែកាយ និងរមណីយដ្ឋានផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរ លើកលែងតែក្នុងឆ្នាំ២០២០ដែលរាតត្បាតដោយជំងឺកូវីដ ការទិញលក់បានថយចុះ ប៉ុន្តែមិនធ្លាក់ដល់ចំណុចសូន្យដូចក្រុងព្រះសីហនុនោះទេ។
លោក អ៊ី សារ៉ន ថ្លែងថា « សម្រាប់តម្លៃដីធ្លីនៅក្នុងក្រុង គឺអាស្រ័យទៅតាមកន្លែងណាដែលនៅជាប់ផ្លូវធំ ឬផ្លូវតូច ហើយអាចប្រកបមុខរបរ រកស៊ីបានអាចមានតម្លៃចាប់ពី៥០០-១៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបើដីនៅឆ្ងាយពីក្រុងបន្តិចហើយមិនអាចរកស៊ីបានមានតម្លៃ ២០០ ទៅ ៣០០ដុល្លាអាមេរិកក្នុងមួយម៉ែត្រការ៉េ។ តម្លៃនេះ បើធៀបជាមួយនឹងឆ្នាំ ២០១៩ និង២០២០ គឺមានការកើនឡើងតិចតួចអាចស្ថិតក្នុងខ្ទង់ ១០ភាគរយ ប៉ុន្តែបើនៅតាមតំបន់គោលដៅទេសចរណ៍អាចឡើងក្នុងរង្វង់១៥-២០ភាគរយ»។
អភិបាលខេត្តកំពត លោក ជាវ តាយ ធ្លាប់បានឱ្យដឹងថា ខេត្តកំពតមានសក្ដានុពលស្ទើរគ្រប់វិស័យ ជាពិសេសដីធ្លី និងបានទាក់ទាញគម្រោងវិនិយោគជាបន្តបន្ទាប់ ឱ្យចូលមកកាន់ខេត្តដែលជាប់មាត់សមុទ្រមួយនេះ។
លោកថា «ខេត្តកំពតមានសកត្តានុពលខ្លាំងលើវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ជាដើម។ ជាក់ស្ដែងពេលនេះ បើទោះស្ថិតនៅវិបត្តិកូវីដ១៩ក៏ដោយ ប្រាក់ចំណូលរបស់ខេត្តនៅតែប្រមូលបានចំនួន ១៤០ភាគរយ ខណៈដែលតម្លៃដីធ្លី សំណង់អគារ និងការអភិវឌ្ឍផ្សេងៗនៅតែបន្តកើនឡើងឥតឈប់ឈរ ពីមួយខែទៅមួយខែ»។
លោកអភិបាលខេត្តបានបញ្ជាក់ថា «ជាមួយនឹងភាពល្អប្រសើរ និងអំណោយផលពីកត្តាភូមិសាស្ត្រ បច្ចុប្បន្ននេះ វិស័យសំណង់ និងអចលនទ្រព្យនៅទូទាំងខេត្តកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដែលបានចលករយ៉ាងសំខាន់ជួយជំរុញដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់ខេត្តកំពត ក៏ជាកម្រិតជីវភាពរបស់ប្រជាជនក្នុងខេត្តទាំងមូលផងដែរ»៕