នៅក្នុងសកម្មភាពរស់នៅជាមួយគ្នាប្រចាំថ្ងៃ មិនថាក្នុងស្នេហាគ្រួសារ ឬមិត្តភាពនោះទេគឺតែងតែមានការឈ្លោះប្រកែកគ្នាដោយចៀសមិនផុតឡើយ។ ក្នុងនោះផងដែរការឈ្លោះប្រកែកគ្នា​ការអាក់អន់ស្រពន់ចិត្ត ការប្រច័ណ្ឌ គឺជាដើមហេតុដែលបណ្តាលឱ្យមានការបែកបាក់គ្នា ​មិនថាស្ថិតក្នុងស្ថានការណ៍ណាឡើយពោលគឺប្រសិនបើភាគីទាំងសងខាងមិនព្យាយាមស្វែងយល់ចិត្តគ្នាទៅវិញទៅមក ឬអាចនិយាយបានថាម្ខាងខឹង ចំណែកម្ខាងទៀតមិនចេះលួងលោម។ ជាមួយគ្នានេះដែរយើងតែងតែសង្កេតឃើញថាមានស្វាមីភរិយានិងសង្សារមួយចំនួនត្រូវបានចែកផ្លូវគ្នា គឺដោយសារតែបញ្ហាមួយនេះ។ បើដូច្នេះនៅក្នុងអត្ថបទនេះនឹងបង្ហាញអ្នកពីវិធីសាស្រ្តចំនួន៥​ ដើម្បីលួងលោមដៃគូរបស់អ្នកឱ្យឆាប់បាត់ខឹង។​

១) ស្វែងរកឱ្យឃើញពីមូលហេតុដែលនាំឱ្យមានកំហឹង

ជាដំបូងបំផុត អ្នកត្រូវរកឱ្យឃើញជាមុនសិនថា តើមូលហេតុអ្វីដែលធ្វើឱ្យដៃគូរបស់អ្នកខឹង។វាគឺជាចំណុចសំខាន់ណាស់ ពីព្រោះវានឹងផ្តល់ភាពងាយស្រួលដល់អ្នកក្នុងការលួងលោមនិងសម្តែងសកម្មភាព ក៏ដូចជារៀបចំពាក្យពេចន៍ក្នុងការនិយាយឱ្យត្រូវនឹងចិត្តរបស់គាត់។

២) ត្រូវប្រើសម្តីផ្អែម​ល្ហែមទន់ភ្លន់ចំពោះគាត់

ជាការពិតណាស់ការប្រើសម្តីឱ្យបានផ្អែមល្ហែម និងទន់ភ្លន់ គឺជាសិល្បៈដែលធ្វើឲ្យដៃគូរបស់អ្នកចង់បានបំផុតព្រោះថាគ្មាននរណាម្នាក់ចង់ស្តាប់ការលួងលោមដោយពាក្យគំរោះគំរើយនោះទេ។ ហើយវាមិនមែនជារឿងពិបាកពេកទេដោយគ្រាន់តែទិញផ្កា ឬជូនកាដូឱ្យដៃគូរបស់អ្នក។ ផ្ទុយទៅវិញវានឹងធ្វើឱ្យដៃគូររបស់អ្នកឆាប់ទន់ចិត្តជាក់ជាមិនខានប្រសិនបើអ្នកចេះលេងពាក្យសម្តីឱ្យត្រូវនឹងចិត្តរបស់គាត់ពេលខឹងអ្នកម្តងៗ។

៣) ត្រូវធ្វើទឹកមុខញញឹម​ជានិច្ច

ទឹកមុខញញឹមស្រទន់ប្រកបដោយសេចក្តីស្រលាញ់ និងការសុំអភ័យទោសក៏ជាចំណុចមួយដែលអ្នកគួរតែយល់ដឹងផងដែរពីព្រោះវានឹងបញ្ជាក់ពីក្តីស្រលាញ់ស្មោះស្ម័គ្រ និងការសុំឪកាសដើម្បីត្រូវគ្នាវិញទៅកាន់ភាគីម្ខាងទៀតរបស់អ្នក។ ក្នុងនោះផងដែរវានឹងជួយឱ្យដៃគូរបស់អ្នកឆាប់ទន់ចិត្តក្នុងការលើកលែងទោសឱ្យអ្នក។

៤) ផ្តល់ពេលវេលាឱ្យបានគ្រប់គ្រាន់ និងការជូនដើរលេងកម្សាន្ត

ការចំណាយពេលវេលាឱ្យដៃគូរបស់អ្នកឱ្យបានគ្រប់គ្រាន់គឺបញ្ជាក់ប្រាប់គេថា គេជាមនុស្សសំខាន់ជាងរឿងអ្វីៗទាំងអស់សម្រាប់អ្នក។ ហើយអ្នកគួរតែឆ្លៀតពេលនូវកំដរគាត់​ដោយការជូនគាត់ដើរលេងកម្សាន្ត ញ៉ាំអាហារឆ្ងាញ់ៗ ឬបើអាចអ្នកគួរតែចម្អិនអាហារឱ្យគាត់ដោយថ្វីដៃរបស់អ្នកផ្ទាល់តែម្តង។ទង្វើទាំងនេះ​នឹងជួយឱ្យដៃគូរបស់អ្នកសប្បាយរីករាយចិត្ត និងធ្វើឱ្យគាត់មានអារម្មណ៍ថាអ្នកខ្វល់ខ្វាយ និងយកចិត្តទុកដាក់ទៅលើគាត់ខ្លាំងយ៉ាងណា។

៥) ព្យាយាមបង្ហាញសកម្មភាពកំប្លែងៗឲ្យគាត់

អ្នកគួរតែព្យាយាមរកនឹកនិយាយពាក្យលួងលោមបែបមនោសញ្ចេតនាលាយឡំនឹងកំប្លែងផងពោលគឺអ្នកត្រូវធ្វើយ៉ាងណាឱ្យដៃគូរបស់អ្នកដែលកំពុងខឹងនោះអាចញញឹម និងសើចសប្បាយបានវិញ។ត្រង់ចំណុចនេះដែរវាអាចជាវិធីសាស្រ្តដែលពិបាកនឹងបង្ហាញចេញសម្រាប់អ្នកទៅកាន់ដៃគូពេលខឹង។តែយ៉ាងណាមិញអ្នកត្រូវតែធ្វើវា ដើម្បីមនុស្សជាទីស្រឡាញ់របស់ខ្លួន។​​​​

សរុបរួមមកវិញទិចនិចទាំង ៥ខាងលើនេះនឹងជួយអ្នកក្នុងការលួងលោមដៃគូឱ្យឆាប់ទន់ចិត្តនិងបាត់ខឹងពីអ្នកយ៉ាងរហ័ស បើទោះបីជាគាត់កំពុងមិនសប្បាយចិត្តនឹងអ្នកខ្លាំងយ៉ាងណាក៏ដោយចុះ។​លើសពីនេះទៅទៀតប្រសិនបើអ្នកអាចអនុវត្តនូវទិចនិចខាងលើបានយ៉ាងល្អចំពោះគាត់នោះសេចក្តីស្នេហារបស់អ្នកក៏នឹងកាន់តែរីកធំធាត់ និងពោរពេញទៅដោយសេចក្តីសុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃថែមទៀតផង៕