ការរស់នៅប្រកបដោយសុភមង្គល សើចសប្បាយ និងមានសេចក្តីសុខច្រើនជាងសេចក្តីទុក្ខ គឺជាបំណងប្រាថ្នារបស់បុគ្គលគ្រប់រូប។ គ្មាននរណាម្នាក់ចង់មានជីវិត ដែលជួបតែសេចក្តីទុក្ខគ្រប់ពេលវេលានោះទេ។ យើងសង្កេតឃើញថាបញ្ហាមួយចំនួនដែលបានកើតឡើងនៅក្នុងជីវិតរបស់អ្នក គឺបានធ្វើឱ្យអ្នកគិតច្រើនអ្នកស្មុគស្មាញ និងមិនសប្បាយចិត្តឡើយ។ ទន្ទឹមនឹងនេះដែរ ប្រសិនអ្នកមានទម្លាប់ល្អនិងមានការគិតបែបវិជ្ជមាន នោះជីវិតរបស់អ្នកនឹងទទួលបានភាពរីករាយ ជាក់ជាមិនខានឡើយពីព្រោះថា សុខ ឬទុក្ខគឺអាស្រ័យលើទង្វើ និងការគិតរបស់អ្នក ជាអ្នកកំណត់តែម្តង។

ដោយឡែកប្រសិនបើអ្នកមិនមានការប្រុងប្រយ័ត្ន ទៅលើការគិត និងទម្លាប់មិនល្អប្រចាំថ្ងៃមួយចំនួនដែលជះឥទ្ធិពលអវិជ្ជមាន មកលើជីវិតរបស់អ្នកនោះទេអ្នកប្រាកដជាគ្មានថ្ងៃនឹងរស់នៅប្រកបដោយភាពរីករាយ និងមានសុភមង្គលបាន នោះឡើយ។ ដូច្នេះយើងនឹងបង្ហាញអ្នកពីការគិតទាំងប្រាំដែលនឹងធ្វើឱ្យជីវិតរបស់អ្នកគ្មានថ្ងៃមានសេក្តីសុខឡើយ។

១) ការប្រៀបធៀបខ្លួនឯងជាមួយអ្នកដ៏ទៃ 

ការប្រៀបធៀបខ្លួនឯងជាមួយអ្នកដ៏ទៃគឺជាទម្លាប់ដ៏អាក្រក់មួយដែលអ្នកគួរតែជៀសវាង ពីព្រោះថាវានឹងធ្វើឱ្យអ្នកកើតមាននូវអារម្មណ៍អវិជ្ជមានមកលើខ្លួនឯង។ ការដែលឃើញអ្នក ដ៏ទៃល្អជាងខ្លួនពូកែ និងមានអ្វីៗគ្រប់យ៉ាង ស្របពេលដែលអ្នកមិនទាន់មាន គឺវានឹង បណ្តាលឱ្យអ្នកមាន​អារម្មណ៍មួយដែលស្តីបន្ទោសអន់ចិត្តនឹងខ្លួនឯង និងមិនសប្បាយ ចិត្តនោះឡើយ។ ដូច្នេះអ្នកគួរតែសប្បាយចិត្តចំពោះអ្វីដែលខ្លួនមាន​ហើយខិតខំ បន្តដំណើរជីវិតប្រកបដោយភាពជឿជាក់ និងសប្បាយរីករាយ។

២) ការរំពឹងទុកលទ្ធផលល្អឥតខ្ចោះពេក

ការរំពឹងទុកថាខ្លួននឹងទទួលបានលទ្ធផលល្អ គឺជារឿងល្អមួយមិនថាតែនៅកន្លែងការងារ ក្នុងការសិក្សាឬចំណងមិត្តភាពនោះទេដោយហេតុថាគ្រប់អ្វីៗទាំងអស់ គឺសុទ្ធសឹង តែត្រូវបានឆ្លងកាត់ការខិតខំប្រឹងប្រែងនិងការលះបង់របស់អ្នក។ 

ដោយឡែកចំពោះ រឿងមួយចំនួន ប្រសិនបើអ្នករំពឹងខ្ពស់ពេកដែលហួសពីសមត្ថភាពរបស់ខ្លួននៅពេល ដែលលទ្ធផលដែលទទួលបានមិនសមនឹងបំណង វានឹងធ្វើឱ្យអ្នកខកចិត្តខ្លាំង។ ការគិតបែបនេះនឹងធ្វើឱ្យអ្នកជម្ងឺបាក់ទឹកចិត្តអស់សង្ឃឹម និងមិនមានក្តីសុខឡើយ។

៣)  ការប្រកាន់ខ្ជាប់នូវគំនិតអវិជ្ជមាន

គំនិតអវិជ្ជមាននឹងរារាំងមិនឱ្យជីវិតរបស់អ្នកគ្មានមានសេចក្តីសុខ​ដែលអាចសើចសប្បាយបាននោះឡើយ។ មិនថាចំពោះខ្លួនឯង ឬចំពោះអ្នកដ៏ទៃនោះទេបើកាលណាអ្នកគិតក្នុងផ្លូវអវិជ្ជមានហើយ វាប្រាកដជាបង្កើតឱ្យមានអារម្មណ៍ក្តៅក្រហាយនិងភាពស្មុគស្មាញកាន់តែច្រើនឡើងៗថែមទៀត។ ហើយវាក៏ជាកត្តាមួយ ដែលជំរុញឱ្យជីវិតរបស់អ្នកធ្លាក់ក្នុងភាពអាត្មានិយមផងដែរ។ គំនិតបែបអវិជ្ជមានក៏ នឹងសម្លាប់ក្តីសុបិន្តរបស់អ្នក ហើយជំនួសមកវិញដោយសេចក្តីស្អប់ការអន់ចិត្ត និងភាពច្រណែនឈ្នានីស។

៤) ការឃុំឃាំងខ្លួនឯងជាមួយអតីតកាល 

ការចំណាយពេលច្រើនពេក ក្នុងការគិតទៅលើអតីតកាល ក៏ដូចជាការចងចាំនូវអនុស្សាវរីយ៍ឈឺចាប់ចាស់ៗ នឹងធ្វើឱ្យអ្នកឈឺចាប់គ្រប់ពេលវេលា ដោយមិនមាន សេចក្តីសុខឡើយ។ ការខកបំណង ការឈឺចាប់ និងភាពបរាជ័យ ទាំងឡាយដែល អ្នកធ្លាប់បានឆ្លងកាត់នឹងតាមលងបន្លាចជីវិតរបស់ អ្នកគ្រប់ពេលវេលា ប្រសិនបើអ្នកមិនព្រមរំដោះខ្លួនចេញពីវា។ដូច្នេះអ្នកគួរតែគិតពីបច្ចុប្បន្ន ខិតខំយ៉ាងណាដើម្បីអភិវឌ្ឍខ្លួនឱ្យបានច្រើនជាពិសេសនោះគឺត្រូវស្រឡាញ់និងពេញចិត្ត នូវអ្វីដែលខ្លួនកំពុងតែមាននាពេលបច្ចុប្បន្នទើបជីវិតរបស់អ្នកមានសេចក្តីសុខ។

៥) ការគិតថាខ្លួនមិនអាចធ្វើបាន

ការមើលស្រាលសមត្ថភាពខ្លួនឯង គិតថាខ្លួនមិនអាចសម្រេចអ្វីដែលជាក្តីស្រមៃរបស់ខ្លួនគឺជារឿងដែលមិនល្អទាល់តែសោះ ដោយហេតុថានៅលើសកលលោកយើងនេះ អ្វីៗគឺសុទ្ធសឹងតែអាចកើតឡើងបានទាំងអស់។ទម្លាប់គិតបែបនេះ នឹងធ្វើឱ្យជីវិតរបស់អ្នកជួបតែភាពបាត់បង់ ភាពបរាជ័យនិងមិនអាចអភិវឌ្ឍ ខ្លួនឱ្យរីកចម្រើនបានឡើយ។ អ្នកត្រូវតែចងចាំថាអ្វីៗទាំងអស់គឺអាស្រ័យ ទៅលើការគិតនិងទង្វើរបស់អ្នក​ ពោលគឺប្រសិនបើអ្នកមានការគិតនិងសម្រេចត្រឹមត្រូវរួមជាមួយនឹងការខិតខំប្រឹងប្រែង ក៏ដូចជាការតស៊ូបានគ្រាប់គ្រាន់អ្នកប្រាកដជាទទួលបានលទ្ធផលល្អជាក់ជាមិនខាន៕

សរុបមកវិញ អ្នកគួរតែជៀសវាងនូវការគិតទាំង៥ខាងលើនេះពីព្រោះថា វាគឺជាផ្នែកមួយដែលធ្វើឱ្យជីវិតនៃការរស់នៅរបស់អ្នក ឋិតនៅក្នុងភាពមិនសប្បាយរីករាយ។ ម៉្យាងវិញទៀតអ្នកគួរតែប្រើប្រាស់ជីវិតរស់នៅរបស់ខ្លួន ឱ្យមានសេចក្តីសុខ ដោយការលើកទឹកចិត្តខ្លួនឯងក៏ដូចជាខិតខំអភិវឌ្ឍខ្លួនបន្តទៀត ដើម្បីសម្រេចគោលដៅរបស់ខ្លួនឱ្យបានឆាប់៕