ការភ័យខ្លាច កើតឡើងពីការប៉ាន់ស្មានពីសភាពនៃស្ថានការណ៍ដែលអាចនឹងកើតឡើងនៅក្នុងចិត្តរបស់យើង ដោយអាស្រ័យទៅលើបទពិសោធន៍ដែលធ្លាប់ជួប រួចយកមកតាក់តែងការភ័យខ្លាចទាំងនោះ មកបំភ័យខ្លួនឯងឲ្យកាន់តែគួរខ្លាចឡើង។​

ជាការពិត វាមិនមែនជារឿងមួយដែលគួរឲ្យខ្មាសគេនោះទេ ដែលមនុស្សយើងមានការភ័យខ្លាចនៅក្នុងចិត្ត ប៉ុន្តែអ្វីដែលសំខាន់​នោះគឺអ្នកត្រូវមានភាពភ័យខ្លាចមួយដែលសមល្មមអាចពុះពារ អាចប្រឈមជាមួយវាបាន ពោលគឺកុំឲ្យមានភាពភ័យខ្លាចជ្រុលពេក។ 

ប៉ុន្តែតើយើងអាចកម្ចាត់នូវភាពភ័យខ្លាចទាំងនោះ បានដោយរបៀបណា?

១/ កុំគិតពីរឿងដែលខ្លាច

បើយើងខ្លាចអ្វី ចូរកុំនឹកគិតពីរឿងនោះ ការដែលយើងមិនគិតពីរឿងភ័យខ្លាច វាប្រៀបដូចជាការកាត់ផ្តាច់នូវបញ្ហាឬក៏រឿងរ៉ាវទាំងនោះកុំឲ្យកើតមានឡើងនៅក្នុងខួរក្បាលរបស់យើងអីចឹង។ តួយ៉ាងបើសិនជាយើងខ្លាចការអស់សង្ឃឹម ចូរកុំអង្គុយគិតពីរឿងអស់សង្ឃឹមនោះតទៅទៀតអី ព្រោះក្រៅពីបង្កនូវភាពភ័យខ្លាច ភាពច្របូកច្របល់ ឬការរារែកចិត្តមកដល់ការធ្វើដំណើររបស់យើងទេ គឺវាថែមទាំងធ្វើឲ្យយើងចំណាយពេលចោលឥតប្រយោជន៍ទៀតផង។

២/​ ប្រកាន់ខ្ជាប់ឲ្យខ្លាំងនូវអ្វីដែលយើងជឿជាក់ 

ការប្រកាន់ខ្ជាប់ឲ្យខ្លាំងនូវអ្វីដែលយើងជឿជាក់ គឺចង់សម្តៅទៅលើការប្រើប្រាស់កម្លាំងចិត្ត កម្លាំងស្មារតី កម្លាំងជំនឿដែលមានទាំងប៉ុន្មានយកមកបញ្ចូលទៅក្នុងរបស់ណាមួយ ដើម្បីឲ្យរបស់នោះជួយជាកម្លាំងជម្រុញផ្តុំជាកាតាលីករដើម្បីសម្រេចនូវអ្វីដែលយើងចង់បាន។

៣/​ ប្រឈមមុខនឹងភាពភ័យខ្លាច

ការប្រឈមមុខនឹងភាពភ័យខ្លាច វាពិតជាលំបាកសម្រាប់ការចាប់ផ្តើម​ ប៉ុន្តែវានឹងមានតម្លៃខ្ពស់នាពេលអនាគត។ ជាក់ស្តែងបើយើងភ័យខ្លាចក្នុងការនិយាយជាសាធារណៈ យើងត្រូវបង្វឹកខ្លួនឯងឲ្យនិយាយឲ្យបានញឹកញាប់នៅចំពោះមុខសាធារណៈ ហើយបើយើងខ្លាចក្នុងការចាប់ផ្តើមធ្វើអ្វីមួយ យើងត្រូវអនុញ្ញាតឲ្យខ្លួនឯងធ្វើវាឲ្យបានញឹកញាប់។

បន្ទាប់ពីធ្វើម្តងហើយម្តងទៀត យើងនឹងឃើញថា អ្វីដែលយើងខ្លាចនោះតាមពិតទៅវាមិន មែនជារឿងដែលគួរឲ្យខ្លាចឡើយ គឺវាគ្រាន់តែបន្លាច គ្រាន់តែបំភាន់ភ្នែកយើងឲ្យមើលមកខ្លួនឯងអន់តែប៉ុណ្ណោះ៕