នៅលើពិភពលោកនេះ មិនមែនឲ្យតែមនុស្សប្រុសគឺសុទ្ធសឹងតែជាមនុស្សល្អនោះឡើយ ហើយក៏មិនប្រាកដនោះដែរថា ឲ្យតែមនុស្សប្រុសគឺសុទ្ធសឹងតែអាក្រក់ដូចគ្នា។ ជាមួយគ្នានេះដែរ ថ្ងៃនេះយើងនឹងធ្វើការលើកឡើងនូវប្រភេទសេចក្តីស្រឡាញ់បែបជាឈ្នាន់របស់បុរស មកកាន់មនុស្សស្រីចំនួន៤ប្រភេទ។ ដោយទាំងអស់នេះ ជាអ្វីដែលមនុស្សស្រីល្អគួរប្រយ័ត្នប្រយែងខ្លួន ជាជាងភាពស្តាយក្រោយដែលបានសម្រេចចិត្ត ជ្រើសរើសមនុស្សខុសមកធ្វើជាស្វាមី។

១. “ស្រឡាញ់ ដើម្បីដោះស្រាយចំណង់តណ្ហា” 

ចំណង់តណ្ហា នឹងឆាប់ធ្វើឲ្យបុរសមានការប្រែប្រួលចិត្តក្នុងពេលខ្លី នៅពេលក្រេបរសជាតិទឹកឃ្មុំឆ្អែតឆ្អន់ហើយ ចាប់ផ្តើមរកកលដើម្បីបោះបង់នាងចោល។ បន្ទាប់មកស្វែងរកនារីថ្មីម្នាក់ផ្សេងទៀត ដែលស្អាត និងក្មេងជាងទៅវិញ។ 

២. “ស្រឡាញ់ ដើម្បីទឹកប្រាក់” 

ព្រោះថាមនុស្សប្រុសគ្មានលទ្ធភាព ស្វែងរកប្រាក់ដោយខ្លួនឯង ទើបជាហេតុធ្វើឲ្យពួកគេត្រូវបង្ខំចិត្តរៀបការជាមួយមនុស្សស្រី ដែលជាអ្នកមានទ្រព្យស្តុកស្តុបជាងខ្លួន។ លុះពេលមានទ្រព្យសម្បត្តិគ្រប់គ្រាន់ ជាដើមទុនរួចហើយ ប្រាកដណាស់ថាពួកគេ នឹងបោះបង់នាងចោលជាក់ជាមិនខានឡើយ។

៣. “ស្រឡាញ់ ដោយសារឪកាស”

ក៏ព្រោះថា ពេលវេលាបានផ្តល់ឲ្យជាឪកាស ទើបធ្វើឲ្យពួកគេ ឆ្លៀតពេលបង្កើតទំនាក់ទំនងស្នេហា ជាមួយមនុស្សស្រីម្នាក់នោះ។ បន្ទាប់ពីពេលវេលា បានកន្លងផុតទៅមួយរយៈ ក៏ធ្វើឲ្យសេចក្តីស្នេហារបស់ខ្លួន បានប្រែប្រួលនិងផ្លាស់ប្តូរជា ញឹកញាប់ទៅតាមផលប្រយោជន៍ដែលពួកគេចង់បាន។

៤. “ស្រឡាញ់ ដោយសារជំនាន់រស់នៅក្បែរគ្នា” 

ពោលគឺប្រសិនបើពួកគេធ្លាប់រៀនសូត្រ និងធ្វើការរួមជំនាន់ជាមួយគ្នា ទើបជាហេតុធ្វើឲ្យភាគីខាងប្រុសចង់ទាក់ទងជាមួយនាងដើម្បីងាយស្រួលក្នុងការពឹងពាក់នាង។ 

សរុបរួមមកវិញស្នេហារបៀបនេះ អាចនឹងមានរយៈពេលយូរអង្វែងក៏ព្រោះតែផលប្រយោជន៍ ដែលភាគីម្ខាងទៀតប្រាថ្នាចង់បានពីដៃគូ ជាជាងផ្តល់នូវសេចក្តីស្រឡាញ់ដែលពិតប្រាកដជូនមកកាន់នាង។ ទន្ទឹមនឹងនេះផងដែរយើងក៏រមែងតែងតែសង្កេតឃើញថា ស្នេហាប្រភេទនេះមានតែរយៈពេលវែង ប៉ុន្តែមិនមែនខ្លឹមសារអត្ថន័យពេញលេញនោះឡើយ។ ដូច្នេះប្រសិនបើអ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពស្នេហារបៀបនេះ អ្នកគួរតែឆាប់បញ្ចប់វាឲ្យកាន់តែលឿន៕