អ្នកប្រាកដជាបានអានបាន លឺច្រើនមកហើយអំពីវិធីនៃការកាត់បន្ថយស្រ្តេសដែលភាគច្រើន គឺជួយណែនាំអ្នក ហាត់ប្រាណ ញុាំ​អាហារល្អៗ​ ជួយឲ្យសុខភាពរបស់អ្នករឹងមាំ ដើម្បីជួយទ្រទ្រង់កោសិកាខួរក្បាលរបស់អ្នកឲ្យរឹងមាំ ឬគេងឲ្យបានគ្រប់គ្រាន់ជាដើម ដែលទាំងនេះគឺតម្រូវឲ្យអ្នកចំណាយពេលយូរទើបអាចកាត់បន្ថយវាបាន។ 

ចុះប្រសិនបើជាករីណដែលអ្នកចាប់ផ្តើមស្រ្តេសភ្លាមៗ នៅកន្លែងធ្វើការ កន្លែងសិក្សា តើអ្នកគួរធ្វើបែបណាជាមួយវា?តើអ្នកគ្រប់គ្រងវាបានដែរ ឬក៏អត់?​ ប្រសិនបើជាអ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពបែបនេះ អ្នកអាចសាកអនុវត្តនូវវិធីទាំងបួននេះបាន៖

១/ កំណត់ពីមូលហេតុនៃស្រ្តេស

ដើម្បីឲ្យដឹងច្បាស់ថាអ្នកស្រ្តេសរឿងអ្វី​ អ្នកកើតទុក្ខរឿងអ្វី ជាដំបូងអ្នកត្រូវរកមើលពីមូលហេតុដែលបង្កឲ្យអ្នកស្រ្តេសជាមុនសិន​ ទើបអ្នកអាចដោះស្រាយឬរកផ្លូវចេញពីបញ្ហាស្រ្តេសទាំងនោះបាន។ ប្រសិនបើអ្នកមិនអាចកំណត់ពីមូលហេតុនៃស្រ្តេសឲ្យបានត្រឹមត្រូវនោះទេ អ្នកនឹងរឹតតែតានតឹងលើសដើម ហើយនឹងមានអារម្មណ៍ថាឈឺក្បាលកាន់តែខ្លាំង ដោយសារតែមិនអាចគ្រប់គ្រងព្រំដែននៃការគិតរបស់អ្នកបាននេះឯង។

ដូច្នេះអ្នកគួរសួរខ្លួនឯងថា ហេតុអ្វីបានជាខ្ញុំស្រ្តេស? ហើយខ្ញុំត្រូវដោះស្រាយជាមួយវាតាមវិធីណា? សំណួរនេះនឹងជួយអ្នកឲ្យរួចផុតពីស្រ្តេសបាន។​

២/ រកមនុស្សដែលអាចស្តាប់និងផ្តល់ការប្រឹក្សាយោបល់ជូនអ្នក

ពេលដែលអ្នកកំពុងតែស្ថិតនៅក្នុងសភាពស្រ្តេសបែបនេះ អ្នកគួរតែស្វែងរកមិត្តជិតស្និទ្ធ និងគួរឲ្យទុកចិត្តរបស់អ្នកណាម្នាក់ដើម្បីប្រាប់នូវបញ្ហារបស់អ្នកទៅកាន់ពួកគេ ដើម្បីឲ្យគេស្តាប់នូវរឿងរ៉ាវក៏ដូចជាផ្តល់យោបល់ និងដំណោះស្រាយមកឲ្យអ្នក ថាគួរធ្វើបែបណាជាមួយនឹងបញ្ហានោះជាដើម។ ព្រោះនេះគឺជាវិធីមួយដែលល្អបំផុត ដើម្បីឲ្យជួយអ្នករួចចេញពីភាពតានតឹងមួយនេះបាន។​

៣/​ ដកដង្ហើមវែងៗ

ការដកដង្ហើមវែងៗ​ គឺជាវិធីមួយដែលអាចជួយសម្រួលផ្លូវដង្ហើមរបស់អ្នកឲ្យដើរបានកាន់តែស្រួលក៏ដូចជាជូយកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍របស់អ្នកផងដែរ មិនថាពេលអ្នកធុញថប់អ្នកស្រ្តេសនោះទេ គឺវាអាចជួយបានទាំងអស់។ ដកដង្ហើមមួយៗឲ្យបាន ៣ទៅ ៤ដងនោះអ្នកនឹងមានអារម្មណ៍ធូរស្រាលជាងមុនបន្តិច។

ដូច្នេះប្រសិនបើជាអ្នកពិបាកគ្រប់គ្រងភាពតានតឹងមួយនេះ អ្នកអាចសាកល្បងវិធីនេះបាន។មួយវិញទៀតការធ្វើចលនាខ្លួនប្រាណក៏ធ្វើឲ្យអ្នកបានធូរស្រាលបានខ្លះផងដែរ។​

៤/ កុំគិតពីបញ្ហាទាំងនោះច្រើនពេក

ប្រសិនបើភ្លើងកំពុងតែឆេះ ហើយអ្នកយកសាំងមកចាក់ពីលើខ្លួនឯងបន្ថែមទៀត នោះអ្នកនឹងកាន់តែក្តៅ កាន់តែពិបាកទ្រាំ។​ ដូចគ្នាទៅនឹងអ្វីដែលអ្នកកំពុងតែជួបអញ្ចឹងប្រសិនបើអ្នកកំពុងតែស្រ្តេស ហើយព្យាយាមគិតពីវាម្តងហើយម្តងទៀត នោះអ្នកនឹងកាន់តែទទួលរងនូវឥទ្ធិពលអវិជ្ជមានពីស្រ្តេសនោះកាន់តែខ្លាំងលើសដើម៕​