សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ការជ្រើសរើសបុគ្គលិកឲ្យស្ថិតក្នុងរយៈពេលនៃការសាកល្បងការងារ គឺជាពេលវេលាមួយដើម្បីនាយកផ្នែកធនធានមនុស្សវាស់ស្ទង់ពីសមត្ថភាពពិតប្រាកដនៃការបំពេញការងារ និងសមត្ថភាពដែលមានសរសេរក្នុងCV ដើម្បីធ្វើការសម្រេចចិត្ត ឲ្យក្លាយជាបុគ្គលិកពេញសិទ្ធិឬត្រូវជម្រុះ។

អ្នកជំនាញផ្នែកធនធានមនុស្សនិងរដ្ឋបាល លោក ជុំ ភាព បានលើកឡើងជាដំបូន្មានមួយចំនួន មកចែករំលែកដូចខាងក្រោម៖

លោក ជុំ ភាព បានលើកឡើងថា៖ ជាដំបូងបុគ្គលិកក្នុង Probation ត្រូវដឹងអោយបានច្បាស់ ពីពាក្យសាកល្បងជាអ្វី? សាកល្បងលើអ្វី? សាកល្បង ជាការល្បងឬការប្រលង។ ល្បងឬប្រលង លើចំណេះដឹង ជំនាញនិងឥរិយាបថក្នុងការងារ ថាតើដូចក្នុងប្រវត្តិរូប និងការសម្ភាសន៍ដែរឬទេ?

ដើម្បីជាប់ការសាកល្បងពួកគាត់ត្រូវធ្វើអ្វីខ្លះ?

រយៈពេលនៃការសាកល្បងការងារ អាចដល់៣ខែ ហើយក្នុងកំឡុងពេលនេះ បុគ្គលិកមានឱកាសច្រើនដើម្បីរៀនសូត្រពីក្រុមហ៊ុន ស្គាល់ពីការងារនិងបានធ្វើការជាក្រុម។ ក្នុងនោះ លោក ជុំ ភាព បានលើកឡើង៣ចំណុច សំខាន់ៗ ដែលបុគ្គលិកក្នុងProbation មិនអាចខ្វះបាន ដើម្បីមានឱកាសជាប់ពេញសិទ្ធិ៖

១ យល់ពីក្រុមហ៊ុន

·      យល់អោយច្បាស់ពីចក្ខុវិស័យបេសកម្ម និងគុណតំលៃរបស់ក្រុមហ៊ុន

·      គោរពគោលការណ៍និងគោលនយោបាយរបស់ក្រុមហ៊ុនអោយបានល្អ

២ បញ្ចេញសមត្ថភាពខ្លួនឯង

·      ព្យាយាមធ្វើកិច្ចការអោយអស់ពីលទ្ធភាពនិងបង្ហាញពីឆន្ទៈក្នុងការធ្វើការងារ

·      ត្រូវមានចរិតចង់ចេះ ចង់ដឹងនិងទទួលយកការងាររៀនសូត្រ

៣ ទំនាក់ទំនងក្នុងការងារ

·      បង្កើត និងរក្សាទំនាក់ទំនងល្អទំាងក្នុងផ្នែក និងក្រៅផ្នែកក្នុងក្រុមហ៊ុន។

·      ការចេះធ្វើការងារជាក្រុម។

ជារួម បុគ្គលិកត្រូវយល់ពីគោលបំណងនៃការសាកល្បងនេះជាមុនដោយអ្វីដែលបេក្ខជនបានសរសេររៀបរាប់ពីក្នុង CV អាចបង្ហាញដល់នាយកផ្នែកត្រឹមតែជាបទពិសោធន៍ការងារដែលធ្លាប់ឆ្លងកាត់ មុខជំនាញដែលបានសិក្សាតែប៉ុណ្ណោះ។សាកល្បងនេះ ក៏បង្ហាញពីភាពស្មោះត្រង់របស់បុគ្គលិក ភាពធននឹងការងារ និងទំនុកចិត្តដល់ក្រុមហ៊ុនផងដែរដើម្បីអ្នកអាចក្លាយជាធនធានដែលក្រុមហ៊ុនជ្រើសរើសមិនខុសបំណង៕