ដំណើរកម្សាន្តក្រោយពេលបំពេញកិច្ចការងាររួចឬការងារជោគជ័យ មិនថាលក្ខណៈគ្រួសារ មិត្តភក្តិ ឬក្រុមការងារ ភាគច្រើនគឺមានច្រើនជម្រើសសំបូរបែបទៅតាមចំណូលចិត្តដូចជាទីរមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានកែច្នៃ ទីរមណីយដ្ឋានប្រវត្តិសាស្រ្តជាដើម-ល-។ ដោយឡែកសម្រាប់ហេតុផលមួយចំនួនអ្នកអាចពិចារណាទៅលើ ចំណុចពិសេសនៃទីកន្លែងធម្មជាតិដែលភាគច្រើនផ្តល់នូវផលប្រយោជន៍ទៅដល់ដំណើរកម្សាន្តគ្រួសារឬវិស្សមកាលផ្ទាល់ខ្លួនជាដើម ដែលហេតុផលនោះមានដូចជា៖

. ធម្មជាតិផ្តល់ប្រយោជន៍ល្អដល់ខួរក្បាល

ការចំណាយពេលវេលានៅទីកន្លែងធម្មជាតិគឺជួយពង្រីកមុខងារខួរក្បាល ដោយជួយក្នុងការចងចាំ និងការផ្តោតស្មារតីបានល្អដោយហេតុថាខ្យល់អាកាសនៃបរិស្ថានធម្មជាតិមានភាពល្អប្រសើរសម្រាប់រាងកាយ និងស្មារតី។ 

នៅក្នុងការសិក្សានៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៩ដោយសាកលវិទ្យាល័យ Michigan បានបង្ហាញថាអ្នករស់នៅទីក្រុង ពិសេសក្មេងៗ ច្រើនមានបញ្ហាក្នុងការផ្ចង់ស្មារតីនិងអារម្មណ៍មិនល្អច្រើន ប៉ុន្តែក្រោយពេលពួកគេបានស្ថិតក្នុងបរិស្ថានបៃតងដែលមានដើមឈើ និងធម្មជាតិ អាការៈទាំងនោះរបស់ពួកគេគឺបានធូរស្បើយច្រើន។ ជាមួយគ្នានេះលទ្ធផលនៃការសិក្សាផ្សេងៗក៏បានសម្គាល់ដែរថា នៅរាល់បន្ទប់អ្នកជំងឺនៅមន្ទីរពេទ្យ ដែលមានបរិស្ថានក្បែរធម្មជាតិគឺបានជួយឱ្យពួកគេបានជាសះស្បើយបានលឿន។

២. ធម្មជាតិជួយគ្រប់គ្នាបំបាត់ភាពស្រ្តែស

ជាការពិតមនុស្សជាផ្នែកមួយនៃធម្មជាតិ ហើយក៏ត្រូវាការការផ្សារភ្ជាប់ទៅនឹងកន្លែងធម្មជាតិក្នុងបរិស្ថានសមស្របមួយ។ នៅក្នុងរបាយការណ៍ស្រាវជ្រាវមួយរបស់លោកវេជ្ជបណ្ឌិត William Bird ជាទីប្រឹក្សាផ្នែកសុខមាលភាពនៃទីភ្នាក់ងាររដ្ឋាភិបាលអង់គ្លេស ផ្នែកកិច្ចការបរិស្ថានអាហារ និងទីជនបទ បានឱ្យដឹងថា ប្រជាពលរដ្ឋទទួលបានសុខភាពល្អប្រសើរឡើងនៅពេលពួកគេទៅវិស្សមកាលនៅតាមទីជនបទទៅឧទ្យានធម្មជាតិ ឬសួនបៃតងជាដើម។

 លោកវេជបណ្ឌិត Bird បានលើកឡើងថាការនៅចេញឆ្ងាយពីធម្មជាតិច្រើន គឺនឹងក្លាយជាហានិភ័យដូចជាភាពអន្ទះអន្ទែងម៉ួហ្មងក្នុងអារម្មណ៍ជាដើម។ យ៉ាងណាមិញ កម្រិតនៃភាពស្រ្តេសនិងតានតឹងនឹងធ្លាក់ចុះនៅពេលពួកគេបានស្ថិតក្នុងបរិស្ថានបៃតងទីកន្លែងធម្មជាតិមានខ្យល់អាកាសគ្រប់គ្រាន់។ លោកក៏បន្ថែមដែរថាគ្រួសារដែលមានទម្លាប់វិស្សមកាលទៅទីធម្មជាតិច្រើន គឺជួយឱ្យពួកគេបានស្និទ្ធិស្នាលសម្រាក និងមានភាពសកម្មឡើងវិញ។

៣. កន្លែងធម្មជាតិជួយឱ្យយើងសកម្ម

ពិតមែននៅតាមទីកន្លែងធម្មជាតិ នឹងនាំឱ្យយើងចង់ដើរទស្សនា ឬបញ្ចេញសកម្មភាពមិននៅមួយកន្លែង ដោយសារវាជាសកម្មភាពខាងក្រៅផ្ទះដែលតម្រូវឱ្យយើងធ្វើចលនា និងមានសកម្មភាពខ្លះ។ ដូចនេះការកម្សាន្តនៅទីធម្មជាតិនឹងចូលរួមចំណែកដល់សុខភាពអ្នកផងដែរ តាមរយៈសកម្មភាពសកម្មដូចជាចៀសឆ្ងាយ ពីសម្ពាធឈាមខ្ពស់ ជំងឺបេះដូង ឬភាពតានតឹងជាដើម។

៤. ធម្មជាតិផ្តល់នូវបទពិសោធ និងការស្វែងយល់អ្វីថ្មីក្នុងបរិស្ថាន

បើសិនអ្នកធ្វើដំណើរទៅតាមទីធម្មជាតិមានព្រៃភ្នំ សមុទ្រ ឬបឹងបួរផ្សេងៗអ្នកនឹងសង្កេតឃើញមានអ្វីជាចម្ងល់ជាច្រើនក្នុងសាកលលោកហើយអ្នកអាចជ្រាវជ្រាវពង្រីកគំនិតថ្មីៗ ពីការដើរវិស្សមកាលនោះ។ បន្ថែមពីនេះបើអ្នកមានកូនៗតូចៗ អ្នកអាចដឹកនាំមើលពួកគេក្នុងសកម្មភាពស្រាវជ្រាវពីធម្មជាតិនេះដែលជួយទាំងចំណេះដឹងទូទៅពួកគេ ព្រមទាំងសុមាលភាពគ្រួសារទាំងមូលផងដែរ។

៥. ឱកាសមិនមានច្រើន

ជាឧទាហរណ៍ក្នុងចំណុចនេះគឺក្នុងឱកាសខ្លះ អ្នកអាចទស្សនានូវបាតុភូតធម្មជាតិ ដោយកម្រ ពោលគឺ អ្នកខ្លះអាចជួបបាតុភាពធម្មជាតិដោយចៃដន្យ (ឧទាហរណ៍ពន្លឺធម្មជាតិ អំពិលអំពែក ទេពច្យុត ឥន្ធនូ ភ្លៀងលាយទឹកកកជាដើម…) ដូចនេះអាចថា អ្នកអាចមានសំណាងបានជួបបទពិសោធនៃធម្មជាតិទាំងនេះក្នុងជីវិតដែលជាទិដ្ឋភាពមួយអស្ចារ្យនៃសាកលលោក៕