ពេលវេលាធ្វើសមាធិ យើងម្នាក់ៗរមែងតែជ្រើសរើសពេលវេលាដែលងាយស្រួលសម្រាប់ខ្លួនឯង។ អ្នកខ្លះអាចកំណត់ពេលវេលាច្បាស់លាស់សម្រាប់ធ្វើសមាធិជាប្រចាំ ដូចជាសមាធិរយៈពេលកន្លះម៉ោង រឺ១ម៉ោងនៅពេលក្រោកពីគេង ពេលទំនេរ មុនចូលគេង។ ចំពោះការជ្រើសរើសពេលវេលាសមាធិនេះវិញ "ពេលព្រឹក" ត្រូវបានអ្នកជំនាញផ្នែកសមាធិលើកឡើងថា ជាពេលវេលាដ៏ល្អបំផុត។

ការធ្វើសមាធិនៅពេលព្រឹក អាចជួយកាត់បន្ថយភាពតានតឹងចិត្តអារម្មណ៍ពេញមួយថ្ងៃ។ ជាពិសេស បើយើងសមាធិពេលព្រឹក មុនចាប់ផ្ដើមសកម្មភាពការងារប្រចាំថ្ងៃ វាអាចជំរុញផលិតភាពការងារកាន់តែល្អប្រសើរ។ 

ព្រះសង្ឃឥណ្ឌូ Dandapani ល្បីល្បាញមួយអង្គនៅលើពិភពលោកមានសង្ឃដិកាថា៖ " ពេលវេលាដ៏ល្អបំផុតដែលយើងគួរធ្វើសមាធិ គឺ ពេលព្រឹក។" ព្រះសង្ឃរូបនេះ បានណែនាំ នៅពេលភ្ញាក់ពីគេងភ្លាម យើងមិនត្រូវប្រើទូរស័ព្ទដៃ បើកអ៊ីម៉ែល អានសៀវភៅ ជាដើម។ ពេលក្រោកពីគេង ដំបូងត្រូវងូតទឹកសម្អាតកាយ លុបលាងមុខ ដុសធ្មេញ ស្លៀកសម្លៀកបំពាក់រលុងងាយស្រួលអង្គុយសមាធិ។ យើងត្រូវអង្គុយស្មឹងស្មាធិ៍រយៈពេល៣០នាទី ទៅ ១ម៉ោង។

ស្របជាមួយមតិខាងលើ លោក Deepak Chopra អ្នកជំនាញខាងការធ្វើសមាធិមានប្រសាសន៍ថា " ពេលកំពុងរស់នៅស្វែងយល់ពីសមាធិក្នុងប្រទេសឥណ្ឌា គ្រូបង្រៀនយូហ្គា និងសមាធិភាគច្រើនដែលលោកបានសិក្សាជាមួយ បានលើកទឹកចិត្តអោយអនុវត្តការធ្វើសមាធិនៅពេលព្រឹកចន្លោះម៉ោង ៣ទាបភ្លឺ ទៅ ៦ ព្រឹក"។ ពេលព្រឹកត្រូវបានគេចាត់ទុកថាជា “ម៉ោងវេទមន្តរបស់ចក្រវាឡ” ។

ព្រះសង្ឃទីបេភាគច្រើន ក្រោកពីព្រលឹមហើយធ្វើសមាធិរយៈពេល ១ ទៅ៣ម៉ោង ហើយធ្វើដូចគ្នានៅពេលយប់មុនពេលសឹង។  ការអនុវត្តបែបនេះធ្វើអោយផ្លាស់ប្តូររលកខួរក្បាល ដើម្បីអោយកាយស្ងប់ និង ចិត្តស្ងប់។ 

យ៉ាងណាមិញ ដើម្បីធ្វើសមាធិអោយមានប្រសិទ្ធភាពខ្ពស់ចំពោះសុខភាពផ្លូវចិត្ត និងផ្លូវកាយ អ្នកត្រូវឆ្លៀតពេលជាក់លាក់មួយ ដើម្បីសមាធិឱ្យបានទៀងទាត់រាល់ថ្ងៃ៕