មនុស្សគ្រប់ៗគ្នាព្យាយាមខិតខំប្រឹងប្រែងរៀនសូត្រ និងតស៊ូដើម្បីឲ្យខ្លួនឯងមាននូវសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញកិច្ចការងារតូចធំក្នុងជីវិតរបស់ខ្លួន។ ការខិតខំប្រឹងប្រែងរបស់អ្នកនៅក្នុងសាកលវិទ្យាល័យ គឺភាគច្រើនជាជំនាញរឹង ដែលមនុស្សគ្រប់ៗគ្នាប្រាថ្នាចង់បាន។

តែយ៉ាងណាមិញ នៅក្នុងជីវិតរបស់យើងម្នាក់ៗក្រៅពីជំនាញរឹងមនុស្សគ្រប់ៗគ្នា ក៏រមែងតែងតែត្រូវការជំនាញទន់បន្ថែមទៀត ដើម្បីឲ្យខ្លួនឯងមានសមត្ថភាពកាន់តែល្អក្នុងការធ្វើការរួមគ្នា និងចុះសម្រុងជាមួយអ្នកដទៃ។ ដូច្នេះខាងក្រោមនេះជាជំនាញទន់ទាំង ៥ ដែលអ្នកត្រូវអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត៖

១. ការគិតបែបច្នៃប្រឌិត

ការគិតបែបច្នៃប្រឌិត Creative Thinking គឺសំដៅលើសមត្ថភាពក្នុងការគិតអំពីការងារ ឬដោះស្រាយបញ្ហាក្នុងរបៀបមួយថ្មី ឬសមត្ថភាពក្នុងការបង្កើតគំនិតថ្មីៗ។ មិនមែនទាល់តែជាអ្នកសិល្បៈ ទើបត្រូវការគំនិតច្នៃប្រឌិតឡើយ ប៉ុន្តែ ការធ្វើការសព្វថ្ងៃទាមទារឲ្យយើងអាចរិះរកមធ្យោបាយថ្មីៗ ដើម្បីឆ្លើយតបនឹងរបត់សង្គម និងបញ្ហាប្រឈមថ្មី។

២. សិល្បៈក្នុងការបញ្ចុះបញ្ចូល

បើយើងមានគំនិតល្អ មានមធ្យោបាយថ្មី តើយើងត្រូវធ្វើយ៉ាងណាដើម្បីឲ្យក្រុមការងារយើងជឿជាក់លើយើងបាន?ជំនាញប្រភេទនេះ គឺជាចម្លើយ។ ការបញ្ជាក់ពន្យល់ឲ្យមិត្តរួមក្រុម ជឿមកលើយើង ជឿមកលើសមត្ថភាពរបស់ក្រុមទាំងមូល ជាជំនាញមួយត្រូវការជាចាំបាច់ ក្នុងការធ្វើការនាសម័យនេះជាពិសេសសម្រាប់អ្នកដឹកនាំ។

៣. សមត្ថភាពធ្វើការដោយសហការគ្នា

Team Work ជំនាញនេះ ជាសមត្ថភាពធ្វើការជាមួយអ្នកដទៃក្នុងការសម្រេចគោលដៅរូមណាមួយ។ ប្រាកដណាស់គេថា បើចង់ដើរលឿន ដើរតែឯង ប៉ុន្តែបើចង់ដើរបានឆ្ងាយ សូមដើរជាក្រុម។ ជំនាញនេះមិនស្រួលទេ អ្នកត្រូវរៀន ធ្វើការចុះសម្រុង និងមានប្រសិទ្ធភាពជាមួយមនុស្សដែលមានទាំងបុគ្គលិកលក្ខណៈចំណេះជំនាញនិងវប្បធម៌ដែលខុសពីអ្នក។

៤. សមត្ថភាពក្នុងការសម្របខ្លួន

ជំនាញនេះចង់សំដៅទៅលើការដែលយើងសម្របខ្លួនបានលឿន ទៅនឹងបរិបទការងារណាមួយឬការឆ្លើយតបដោយមានប្រសិទ្ធភាពចំពោះការផ្លាស់ប្តូរនានា ដូចជាបរិបទការងារយុទ្ធសាស្រ្តជាដើម។ សង្គមការងារ សព្វថ្ងៃត្រូវការអ្នកដែលប្រៀបដូចរុក្ខជាតិ ដែលដាក់ត្រង់ណាដុះត្រង់ហ្នឹង អាចរៀនសូត្របានលឿន ហើយស្វះស្វែងរៀនអ្វីដែលថ្មីជានិច្ច។

៥. ការគ្រប់គ្រងអារម្មណ៍

សម្តៅទៅលើការយល់អារម្មណ៍ខ្លួនឯង និងអ្នកដទៃ ហើយការចេះគ្រប់គ្រងអារម្មណ៍នោះ ដើម្បីធ្វើការ ឬប្រាស្រ័យទាក់ទងដោយមានប្រសិទ្ធភាពរវាងគ្នា។ សមត្ថភាពនេះអាចកាត់បន្ថយភាពតានតឹងផ្លូវចិត្តរបស់យើងផ្ទាល់ ហើយក៏អាចបង្កើននូវស្មារតីក្រុម ការគោរពអធ្យាស្រ័យបានល្អប្រសើរនៅកន្លែងការងារផងដែរ៕