បណ្ដុះគំនិត៖ មនុស្សភាគច្រើនមើលឃើញថា អាជីវកម្ម ជាការប្រកួតប្រជែងស៊ីសាច់ហុតឈាម។ ហើយជារឿយៗអ្នកតែងតែលឺ អ្នកជំនាញ វាគ្មិនខាងអាជីវកម្ម និយាយអំពីការយកឈ្នះចំណែកទីផ្សារ និងដំណើរការអាជីវកម្មឲ្យបានឆាប់រហ័សជាងគូប្រកួតប្រជែង។
ជៀសវាងការប្រកួតប្រជែង៖ អាជីវកម្មថ្មី ត្រូវផ្តល់នូវអ្វីដែលប្លែកគេ
លោក ភីធឺ ធៀល (លោក Peter Thiel ជាស្ថាបនិកម្នាក់នៃក្រុមហ៊ុន PayPal និងជាអ្នកវិនិយោគដំបូងលើក្រុមហ៊ុន Facebook) បានលើកឡើងក្នុងសៀវភៅ "Zero to One " ថា ការបង្កើតអាជីវកម្មដែលទទួលបានជោគជ័យខ្លាំង ដូចជា PayPal និង Facebook គឺពិតជានិយាយពីការជៀសឲ្យបាន ពីការប្រកួតប្រជែង និងបង្កើតភាពផ្តាច់មុខ (ដែលមានតែមួយ)។
ការដោះស្រាយបញ្ហា ណាមួយឲ្យប្រាកដ៖ អ្នកត្រូវបង្កើតប្រភេទផលិតផលឬសេវាថ្មីចែសតែម្ដង ដែលដោះស្រាយលើបញ្ហាណាមួយឲ្យច្បាស់លាស់។ ជាឧទាហរណ៍ ក្រុមហ៊ុន Airbnb បានបង្កើតឲ្យមានការដាក់ជួលបន្ទប់នៅតាមផ្ទះ របស់ម្នាស់ម្នាក់ៗជាលើកដំបូង ដែលមិនធ្លាប់មាននៅលើទីផ្សារ។
ធ្វើអ្វីមួយឲ្យបានល្អ ដែលមិនងាយមានអ្នកណាអាចធ្វើដូច៖ ឧទាហរណ៍ ក្រុមហ៊ុន Google បានវិនិយោគយ៉ាងច្រើនទៅក្នុងកម្មវិធីស្វែងរកមាតិការ ឯកសារផ្សេងៗ ដែលវាស្ទើរតែមិនអាចទៅរួចទេ សម្រាប់នរណាម្នាក់ក្នុងការផ្តល់នូវដំណោះស្រាយប្រសើរជាងក្រុមហ៊ុន Google នោះ។
អាជីវកម្មដែលថ្មីចែសឬមានតែឯង ដែលគ្មានគូរប្រកួតប្រជែង តែងតែផ្តល់នូវប្រាក់ចំណេញដ៏ធំ ដែលអាចឲ្យក្រុមហ៊ុន បានយកចិត្តទុកដាក់លើបុគ្គលិកបានយ៉ាងល្អ ដូចជាការលើកទឹកចិត្ត ការផ្ដល់ជាភាគហ៊ុនដែលមិនធ្លាប់មាន។
ការប្រកួតប្រជែង លើដំណោះស្រាយដូចគ្នា៖ នៅពេលដែលក្រុមហ៊ុនមួយ ត្រូវបានជាប់គាំងលើការប្រកួតប្រជែង ជាមួយក្រុមហ៊ុនផ្សេងទៀត ដែលផ្តល់ដំណោះស្រាយជាមូលដ្ឋានដូចគ្នានោះ ប្រាក់ចំណេញរបស់ពួកគេធ្លាក់ចុះ ស្ទើតែគ្មានចំណេញអ្វីសោះ។
លោក ភីធឺ ធៀល បានលើកឧទាហរណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ដែលរកប្រាក់ចំណេញតិចជាង 1% ពីសំបុត្រហោះហើរ មិនមែនជាអាជីវកម្មដែលគួរតែប្រឡូកចូលនោះទេ៕