សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ប្រភេទ​ក្រុម​ឈាម​របស់​មនុស្ស​មាន​ ៤​ធំ​ៗ​គឺ ប្រភេទ​ក្រុម​​ឈាម A ឈាម​​ B ឈាម​ AB និង​ក្រុម​ឈាម​ O។​ តាម​​ការ​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​បង្ហាញ​ថា លក្ខណៈ​ ឬ​អត្តចរិត​​​ជា​រួម នឹង​បង្ហាញ​លើ​មនុស្ស​​តាម​ប្រភេទ​ក្រុម​ឈាម​របស់​ពួក​គេ​។ ក្រឡេក​​មើល​ទៅ​ប្រទេស​ជប៉ុន​​ឯ​ណោះ ពលរដ្ឋ​ជប៉ុន​ មាន​ជំនឿ​លើ​រឿង​នេះ​ខ្លាំងតាំង​ពី​ទសវត្ស​ឆ្នាំ​១៩៣០ ដោយ​ហេតុ​ថាមាន​ការ​ស្រាវជ្រាវ​​ផ្ទាល់​​របស់​សាស្រ្តាចារ្យ​ជំនាញ ទៅ​លើ​ឧបនិស្ស័យ​របស់​មនុស្ស​ ទៅ​តាម​ក្រុម​ឈាម ពិសេស​លើ​ផ្នែ​ក​ការងារ​ និង​ស្នេហា ហើយ​លទ្ធផល​​ទូទៅ​ដែល​ពួក​គេ​បាន​ឃើញ​គឺ​ ពិត​ដូច​​ទៅ​នឹង​ទ្រឹស្តី​វិទ្យាសាស្រ្ត​។ ចង់​ដឹង​​ថា​ប្រភេទ​ឈាមបង្ហាញ​ពី​អត្ថចរិត​មនុស្ស​ម្នាក់​ៗ ​ប្លែក​​គ្នា​តាម​ក្រុម​ឈាម​ដូច​ម្តេច​ខ្លះអាន​ទាំង​អស់​គ្នា​៖

.អត្តចរិត​​មនុស្ស​ប្រភេទ​ក្រុម​ឈាម​ A

​​​​​អ្នក​​ដែល​មាន​ប្រភេទ​ក្រុម​ឈាម​ A គឺ​ជា​មនុស្ស​​ឆាប់​រំភើប ឆាប់​រង​ប្រតិកម្ម​ មាន​ភាព​សហការ​ល្ អអារម្មណ៍​ជ្រាល​ជ្រៅ ជក់​ចិត្ត​​លើ​រឿង​អ្វី​មួយ​ខ្លាំង ហើយ​ក៏​មាន​​ភាព​ឆ្លាត​វៃ​ផង​ដែរ។ តាម​វិទ្យាសាស្រ្ត ពួក​គេ​ជា​មនុស្ស​ពូកែ​អត់​ធន់ ស្មោះ​ត្រង់ និង​ស្រលាញ់​ក្តី​ស្ងប់​សុខដូច​នេះពួក​គេ​មិន​សូវ​ជា​ចូល​ចិត្ត​ចង់​មាន​ជម្លោះ​ជា​មួយ​នរណា​ទេ។ ប៉ុន្តែ​ក្នុង​​ពេល​ខ្លះពួក​គេ​ក៏​ប្រតិកម្ម​ខ្លាំង​​ណាស់​ដែរ។ ពួក​គេ​ មិន​ចូល​ចិត្តបំពាន​ច្បាប់​ទម្លាប់ ដែល​កំណត់​ដោយ​សង្គម​​នោះ​ទេ និង​ចូល​ចិត្ត​គោរព​តាម​វិន័យ​។

***កត់​សម្គាល់​ផង​ដែរ​​ថា ពួក​គេ​ចំណាយ​ពេល​ច្រើន​​ក្នុង​ការ​សម្រេច​ចិត្ត និង​​​​ព្រិត​ព្រៀង​​ខ្លាំង​ក្នុង​ជីវិត​ ប៉ុន្តែ​មិន​អាច​ធ្វើ​ការងារ​ច្រើន​ក្នុង​ពេល​តែ​មួយ​បាន​ទេ។ ​មាន​សណ្តាប់​ធ្នាប់​របៀប​រៀប​រយ​ជា​ចំណូល​ចិត្ត​របស់​ពួក​គេ ហើយ​​មនុស្ស​ក្នុង​ក្រុម​ឈាម​នេះច្រើន​ងាយ​កើត​ស្រ្តែស ​ដោយ​សារ​កម្រិត​អ័រម៉ូន​ស្រ្តែស​(Cortisol) ច្រើន​​ក្នុង​ខ្លួន​។

.អត្តចរិត​​មនុស្ស​ប្រភេទ​ក្រុម​ឈាម​ B

អ្នក​សម្គាល់​មើល​ថាពួក​គេ​ជា​មនុស្ស​ច្នៃ​ប្រឌិត និង​សម្រេច​ចិត្ត​លឿន​។ ប៉ុន្តែ​ពួក​គេ​មិន​ពូកែ​ខាង​ធ្វើ​អ្វី​ៗ​តាម​លំដាប់ ឬ​ឱ្យ​​មាន​សណ្តាប់​ធ្នាប់​នោះ​ឡើយ។ ពួក​គេ​មាន​ចំណង់​ខ្លាំង​លើ​អ្វី​មួយ​ពេល​ដែល​​គេ​ចាប់​អារម្មណ៍និង​យក​ចិត្ត​ទុក​ដាក់​​ផ្តោត​លើ​រឿង​នោះ​។ ប៉ុន្តែ​ក៏​ដូច​អ្នក​ក្រុម​ឈាម​A ដែរ ពួក​គេ​មិន​សូវ​ជា​អាច​ធ្វើ​​ការងារ​ច្រើនក្នុង​ពេល​តែ​មួយ​​នោះ​ទេ។​

***កត់​សម្គាល់​ផង​ដែរ​ថា មនុស្ស​ក្រុម​ឈាម​ B ជា​អ្នក​គិត​ស៊ី​ជម្រៅ និង​ដាច់​អហង្ការ​ចំពោះ​មនុស្ស​គ្រប់​គ្នាហើយ​​​មិត្ត​ភក្តិ​ពួក​គេ​ច្រើន​តែ​ជា​មិត្ត​ភក្តិ​ល្អ​​ និង​​ជា​មនុស្ស​ទុក​ចិត្ត​បាន​ប៉ុណ្ណោះ​។ ក្រុម​មនុស្ស​ឈាម​ B ច្រើន​​ជួប​ការ​រើស​អើង​ច្រើន ដោយ​សារ​​អត្ត​ចរិត​​អាត្មានិយម និង​​មិន​សូវ​សហការ​។ ដូច​នេះ​សង្គម​ច្រើន​មើល​ពួក​គេ​ក្នុង​ផ្លូវ​អវិជ្ជមាន ​ច្រើន​ជាង​ចំណុច​ល្អ​របស់​ពួក​គេ ជា​ហេតុ​នាំ​ឱ្យ​​ពួក​គេ​មិន​សូវ​មាន​មិត្តភក្តិ​ច្រើន​ទេ។

.អត្តចរិត​​មនុស្ស​ប្រភេទ​ក្រុម​ឈាម​ AB

អ្នក​មាន​ក្រុម​ឈាម ​AB គឺ​​មាន​ន័យ​ថាពួក​គេ​ប្រៀប​ដូច​នឹងការ​បញ្ចូល​អត្តចរិត​ក្រុម​អ្នក​ឈាម A និង B បញ្ចូល​គ្នា​។ ពួក​គេ​​ច្រើន​សម្គាល់​ថាជា​មនុស្ស​ស្មុគ​ស្មាញ​ ពិបាក​យល់​​ពី​ពួក​គេពេល​ខ្លះ​ដូច​អ្នក​ក្រុម​ឈាម A ហើយ​ពេល​ខ្លះ​ដូច​អ្នក​ក្រុម​ឈាម​ B ។ ពួក​គេ​ច្រើន​ព្យាយាម​​លាក់​អត្តចរិត​ពិត​ពួក​គេ ពី​អ្នក​មិន​ធ្លាប់​​ស្គាល់​គ្នា ហើយ​អ្នក​ចង់​ស្គាល់​ពួក​គេ​ច្បាស់ ទាល់​តែ​​ត្រូវ​ចំណាយ​ពេល​ខ្លះ ទើប​អាច​សម្រេច​ថាពួក​គេ​ជា​មនុស្ស​បែប​ណា​។

Image

​​​***កត់​សម្គាល់​ផង​ដែរ​ថា ក្រុម​ឈាម​ AB ជា​ប្រភេទ​ឈាម​ដែល​កម្រ​មិន​សូវ​​មាន​ នៅ​ទូ​ទាំង​ពិភព​លោក​។ពួក​គេ​​​ច្រើន​ជា​មនុស្ស​​​មាន​គេ​ចាប់​អារម្មណ៍​ច្រើន និង​ងាយ​ស្រួល​​ក្លាយ​ជា​មិត្ត​ភក្តិ​នរណា​ម្នាក់ ប៉ុន្តែ​ពួក​គេ​ប្រុង​ប្រយ័ត្ ន​ម៉ត់​ចត់​ខ្លាំង ​ពេល​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​នរណា​មួយ និង​ជា​មនុស្ស​​សម្រេច​ដាច់​ណាត់​ផង​ដែរ។ ហើយ​អ្វី​ដែល​ពិសេស​ទៀត​នោះគឺ ​ពួក​គេ​​ច្រើន​ពូកែ​ខាង​​វិភាគ និង​ត្រិះ​រិះ​ជា​ទេព្យ​កោសល្យ​ពី​ធម្មជាតិ​របស់​ពួក​គេ​។

​​.អត្តចរិត​​មនុស្ស​ប្រភេទ​ក្រុម​ឈាម​ O

អ្នក​មាន​ក្រុម​ឈាម ​O ច្រើន​តែ​ជា​មនុស្ស​ហ៊ាន​ធ្វើ ចូល​ចិត្ត​​ចេញ​ដើរ​ហើរ​ខាង​​ក្រៅ និង​រៀន​ពី​បទ​ពិសោធ​ថ្មី​ៗ​ប្លែក។ ពួក​គេ​ច្រើន​​មាន​ទម្លាប់​​បង្កើត​គោល​ដៅ ​​​ឬ​ដាក់​លក្ខខណ្ឌ​ខ្ពស់​​សម្រាប់​ខ្លួន​ឯង និង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​សម្រេច​​ក្តី​សុបិន្ត​នោះ​។ ពួក​គេ​​ជា​មនុស្ស​ដែល​មាន​ភាព​ដឹក​នាំ​​ក្នុង​ខ្លួន ​ហើយ​អ្វី​ៗ​ជា​ឧបសគ្គ​ច្រើន​មិន​អាច​រា​រាំង ឬ​ឆាឆៅ ចិត្ត​សម្រេច​គោល​ដៅ​គេ​ឡើយ​ ដែល​ច្រើន​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយ​​ជា​មនុស្ស​គិត​តែ​ពី​ខ្លួន​ឯងដោយ​មិន​ដឹង​ខ្លួន។

​​​​***កត់​សម្គាល់​ផង​ដែរ​ថា ក្រុម​មនុស្ស​ឈាម​ O ជា​មនុស្ស​​អាច​សម្រប​ខ្លួន​បាន​ល្អ ជា​មួយ​​ស្ថានភាព​ប្រែ​ប្រួល​ផ្សេង​ៗ​។ ពួក​គេ​ចេះ​បត់​បែន និង​ដោះ​ស្រាយ​បញ្ហា​ក្នុង​ស្ថានការណ៍​តឹង​តែង​ បាន​ល្អ​ជាង​ប្រភេទ​ក្រុម​ឈាម​ដទៃ​។ ចំណុច​ពិសេស​ៗ​បន្ថែម​នៃ​អត្តចរិត​ពួក​គេដូច​ជា ភាព​ជឿ​ជាក់ ប្រុង​ប្រយ័ត្ន ឯករាជ្យ ទុក​ចិត្ត​បាន និង​លះ​បង់​ផង​ដែរ​៕

ប្រភព៖ 

https://timesofindia.indiatimes.com/life-style/health-fitness/health-news/whats-your-blood-group-the-answer-might-reveal-some-interesting-things-about-you/photostory/69024174.cms?picid=69024194

https://www.tofugu.com/japan/japanese-blood-type/