សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

មិនថាប្រទេសណាមួយនោះទេនៅលើពិភពលោក តែងតែមានចំនួនអ្នកមានតិចជាងចំនួនអ្នកក្រ។ ហើយក្នុងនោះផងដែរចំនួនអ្នកក្រ តែងតែព្យាយាមប្រឹងប្រែងរកសុីនិងតស៊ូដើម្បីឲ្យខ្លួន ប្រែក្លាយទៅជាអ្នកមានហរិញ្ញវត្ថុរឹងមាំដូចអ្នកមានទូទៅដែរ។ ប៉ុន្តែជាអកុសល តិចតួចណាស់នៃអ្នកក្រភាគច្រើន ដែលអាចប្រែក្លាយខ្លួនទៅជាអ្នកមានបាន។

ដូចនេះខាងក្រោម គឺជាមូលហេតុនៅក្រោយភាពមានបាន របស់មហាសេដ្ឋីទាំងអស់នោះ៖

១. ហ៊ានគិតធំ

ក្នុងផ្នត់គំនិតរបស់អ្នកមាន ពួកគេនិយមចូលចិត្តគិតទៅលើរឿងរ៉ាវ និងសកម្មភាពដែលអាចនាំឲ្យពួកគេក្លាយទៅជាមនុស្សរីកចម្រើនក្នុងអាជីវកម្មធំៗ ជាជាងអាជីវកម្មតូចតាច។ ខណៈដែលអ្នកក្រ ចូលចិត្តគិតទៅលើរឿងរ៉ាវតូចៗនិងងាយស្រួលងាយឆាប់ទទួលបានផលរហ័ស ជាជាងការខិតខំប្រឹងប្រែងរយៈពេលយូរអង្វែង។

២. ការគ្រប់គ្រងហិរញ្ញវត្ថុ

តាមរយៈការសង្កេតមើលឃើញជារឿយៗ អ្នកមានតែងតែមានការគិតយ៉ាងសុីជម្រៅ ទៅលើការចាយវាយនិងចំណូលរបស់ខ្លួន មុនពេលដែលពួកគេសម្រេចចិត្តធ្វើអ្វីមួយ។ ហើយជាទូទៅ រាល់ការចាយវាយរបស់ពួកគេ តែងតែមានបញ្ជីសៀវភៅកត់ត្រា និងដឹងលឺពីការចាយវាយប្រាក់ចំណូលរបស់ខ្លួនយ៉ាងច្បាស់លាស់។

៣. ថ្លឹងថ្លែងភាពភ័យខ្លាចនិងជោគជ័យ

រាល់ពេលសម្រេចចិត្តធ្វើអ្វីមួយដែលថ្មី នរណាម្នាក់ក៏មានភាពភ័យខ្លាច ខ្លាចខ្លួនឯងធ្វើមិនបាន ខ្លាចខ្លួនឯងរងនូវការខាតបង់និងខ្លាចខ្លួនឯងទទួលរងការបរាជ័យជាដើម។ ប៉ុន្តែសម្រាប់មហាសេដ្ឋី ពួកគេដាក់កម្រិតភាពភ័យខ្លាចរបស់ខ្លួនឲ្យមានកម្រិតទាបជាងភាពជោគជ័យ ដែលពួកគេអាចនឹងសម្រេចបាននៅពេលខាងមុខ។ ដូច្នេះវាជាមធ្យោបាយលើកទឹកចិត្ត ឲ្យពួកគេហ៊ានចាប់ផ្តើមធ្វើអ្វីដែលថ្មី បើទោះបីជាលទ្ធផលចេញមករបៀបណា ក៏ពួកគេនឹងទទួលយកផងដែរ។

៤. ការបេ្តជ្ញាចិត្តខ្ពស់

អ្នកមានតែងតែផ្តោតទៅលើការតាំងចិត្តរបស់ខ្លួនឲ្យខ្ពស់ ហើយពួកគេតែងតែធ្វើវាជារៀងរាល់ថ្ងៃ មិនមែនចាប់ផ្តើមតាំងចិត្តខ្ពស់បានតែថ្ងៃដំបូងនោះទេ។ ហើយក៏ព្រោះការតាំងចិត្តយ៉ាងរឹងមាំរបស់ខ្លួន ធ្វើឲ្យពួកគេត្រូវខិតខំប្រឹងប្រែងធ្វើការរកសុីជារៀងរាល់ថ្ងៃមិនថា ថ្ងៃឈប់សម្រាក ឬបុណ្យទៀនអ្វីឡើយ៕