ឧបករណ៍ផ្ទះបាយគឺជាផ្នែកសំខាន់មួយនៃផ្ទះរបស់អ្នក។ វាត្រូវបានប្រើសម្រាប់រក្សាទុករៀបចំ ចម្អិនម្ហូបអាហាររាល់ថ្ងៃរបស់អ្នក សម្ភារៈផ្ទះបាយចាប់ពីទូរទឹកកករបស់អ្នករហូតដល់ចង្ក្រាន ហើយសូម្បីតែកូនស្លាបព្រា គួរត្រូវបានថែរក្សាឱ្យបានត្រឹមត្រូវ។ មិនត្រឹមតែការថែរក្សាឧបករណ៍របស់អ្នកធ្វើឱ្យផ្ទះបាយរបស់អ្នកក្លាយជាកន្លែងដែលមានសុវត្ថិភាពប៉ុណ្ណោះទេ វាថែមទាំងជួយសន្សំសំចៃពេលវេលា ថវិកា និងការខំប្រឹងប្រែងទៀតផង។
១. រក្សាការសម្អាតជាកត្តាចម្បង
ការសម្អាតសម្ភារៈផ្ទះបាយរបស់អ្នកយ៉ាងហ្មត់ចត់បន្ទាប់ពីប្រើរាល់ដងគឺជាមធ្យោបាយងាយស្រួលបំផុតមួយដើម្បីថែរក្សារបស់របររបស់អ្នក។ អ្នកត្រូវតែមានទម្លាប់សម្អាតបន្ទាប់ពីការប្រើរាល់លើក អ្នកនឹងដឹងថា វាជួយសន្សំសំចៃបានច្រើន។ ពពួកបាក់តេរី ឬផ្សិតអាចរស់នៅលើផ្ទៃផ្ទះបាយ និងរាលដាលដល់ប្រដាប់ប្រដាប្រើប្រាស់ ហើយអាចឈានទៅដល់អាហារដែលអ្នកបរិភោគ អាចបណ្តាលឱ្យគ្រួសារអ្នកឈឺបាន។ អ្នកអាចចៀសវាងហានិភ័យទាំងអស់នេះបានដោយធ្វើតាមកាលវិភាគសម្អាតយ៉ាងទៀងទាត់។
២. ត្រួតពិនិត្យឧបករណ៍របស់អ្នកឱ្យបានទៀងទាត់
បង្កើតទម្លាប់នៃការពិនិត្យមើលឧបករណ៍ផ្ទះបាយរបស់អ្នក សម្រាប់បង្ការបញ្ហាដែលអាចកើតមានពេលវេលាល្អបំផុតក្នុងការធ្វើបែបនេះគឺនៅពេលសម្អាត។ ការស្វែងរក និងដោះស្រាយបញ្ហាតូចតាចអាចការពារអ្នកពីការបញ្ហាធំលើការជួសជុល និងគ្រោះថ្នាក់ជាយថាហេតុ។ ការថែរក្សាឱ្យបានទៀងទាត់អាចជួយបង្កើនអាយុកាលរបស់របរប្រើប្រាស់របស់អ្នក។
៣. ឧស្សាហ៍សម្លៀងកាំបិតរបស់អ្នក
ការសម្លៀងកាំបិតឱ្យមុត គឺជាវិធីថែរក្សាកាំបិតរបស់អ្នក និងជួយឱ្យកាំបិតប្រើបានយូរ ហើយថ្មីជានិច្ច ក៏ដូចជាផ្តល់ឱ្យអ្នកនូវលទ្ធផលល្អប្រសើរជាងមុន និងកាន់តែមានសុវត្ថិភាពក្នុងការប្រើប្រាស់។
៤. ធ្វើតាមការណែនាំ
ថ្ងៃផលិត ការប្រើប្រាស់ និងថ្ងៃផុតកំណត់ ជាអាយុកាលនៃឧបករណ៍ប្រើប្រាស់របស់អ្នកត្រង់ចំណុចនេះតែងតែត្រូវបានគេមើលរំលងជាញឹកញាប់។ ដូច្នេះមើលតាមសៀវភៅណែនាំ វាគឺជាវិធីសំខាន់និងងាយស្រួលក្នុងការថែរក្សាសម្ភារៈផ្ទះបាយឱ្យបានត្រឹមត្រូវ។ ជាពិសេសសម្រាប់គ្រឿងម៉ាស៊ីនផ្ទះបាយ ការអានសៀវភៅណែនាំផ្តល់ជូនអ្នកនូវព័ត៌មានលម្អិតជាក់លាក់អំពីរបៀបសម្អាតនិងថែទាំឧបករណ៍របស់អ្នក។
៥. គួរទិញសម្ភារៈតែពីហាងដែលមានការអនុញ្ញាតត្រឹមត្រូវ
គួរទិញឧបករណ៍ប្រើប្រាស់របស់អ្នកពីហាងដែលមានការអនុញ្ញាត ជាមួយនឹងការធានា។ នេះនឹងធានាថា ឧបករណ៍ប្រើប្រាស់របស់អ្នក ដូចជាទូរទឹកកក ចង្ក្រាន និងគ្រឿងអេឡិចត្រូនិចទាំងអស់ត្រូវបានដំឡើងចូលក្នុងផ្ទះបាយរបស់អ្នកឱ្យបានត្រឹមត្រូវ៕