កំពង់ស្ពឺ៖ ខ្នងផ្សា  ជាតំបន់ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កង់ជើង  ឃុំតាសាល ស្រុកឱរ៉ាល់  ខេត្តកំពង់ស្ពឺ។  ខ្នងផ្សាមានទីតាំងប្រសព្វមុំបីរវាងខេត្តកោះកុង  កំពង់ស្ពឺ  និងពោធិ៍សាត់។  ខ្នងផ្សាជាតំបន់មួយដែលសំបូរទៅដោយព្រៃឈើក្រាស់ៗ  ជ្រលងភ្នំខ្ពស់ៗ  វាលស្មៅដ៏ខៀវខ្ចី  និងផ្កាព្រៃស្រស់ស្អាតជាច្រើនប្រភេទ  ជាពិសេសខ្នងផ្សារសំបូរទៅដោយសត្វព្រៃកម្រៗ  ជាច្រើនប្រភេទ។

អ្នកដំណើររីករាយជាមួយទេសភាពនៅលើខ្នងផ្សា រូបថតដោយ៖ We Adventure

បន្ទាប់ពីបានឃើញបងប្អូនដែលចូលចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេងជាច្រើននាក់ បានទៅដល់ខ្នងផ្សា  អ្នកសារព័ត៌មានរបស់ក្រមាប៉ុស្តិ៍បានធ្វើការសាកសួរពីចំណាប់អារម្មណ៍ខ្លះៗ ពីពួកគាត់។

កញ្ញា ចៅ  សោភ័ណ  ដែលជានារីម្នាក់ចូលចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេងដូចជា ដើរព្រៃ  បោះតង់  ជិះម៉ូតូធំៗ  និងលេងកីឡាប្លែកៗ  បានប្រាប់ពីមូលហេតុ  ក៏ដូចជាចំណាប់អារម្មណ៍ដែលគាត់បានទៅលេងនៅខ្នងផ្សាក្នុងអំឡុងពេលខែឧសភា ជាមួយនឹងក្រុមមិត្តភក្ដិ   ហើយគាត់បានស្គាល់ខ្នងផ្សា ដ៏ស្រស់ស្អាតតាមរយៈការណែនាំពីមិត្តរបស់គាត់ ដែលបានទៅលេងនៅទីនេះមុនគាត់ប្រហែលជាងមួយអាទិត្យ។ គាត់បានចែករំលែកពីហេតុផលដែលខ្នងផ្សាមានភាពទាក់ទាញថា គឺដោយសារតែមានរូបភាពទាក់ទាញស្អាតៗ  ចែករំលែកតាមប្រព័ន្ធផ្សព្វ​ផ្សាយ  ហើយមួយវិញទៀតអាចបណ្តាលមកពីស្ថានភាព  និងចំណង់ចំណូលចិត្តរបស់អ្នកដែលចូលចិត្តសកម្មភាពបែបទ្បើងភ្នំ និងទទួលបានបរិយាកាសបរិសុទ្ធដូចនៅខ្នងផ្សា។

កញ្ញាចៅ សោភ័ណ ( រូបថតដោយ៖ We Adventure)

កញ្ញា ចៅ  សោភ័ណ  បានលើកឡើងថា៖ «ខ្ញុំចង់ហ្វឹកហាត់ការដើរទ្បើងភ្នំឲ្យបានរឹងមាំនិងដើម្បីផ្តល់ថាមពលឲ្យផ្លូវចិត្ត  ជាពិសេសចង់ផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងធម្មជាតិជាទីស្រលាញ់។ ខ្ញុំចូលចិត្តវាលស្មៅខៀវខ្ចីធំល្វឹងល្វើយ  មេឃ  ពពក ព្រះអាទិត្យរះ  ខ្យល់បរិសុទ្ធ  និងទឹកក្នុងអូរត្រជាក់»។

កញ្ញា  ស៊ុំ  ឈាងម៉េង ដែលជាស្ថានិករបស់ហេ្វកបុកផេក  We  Adventure  ដែលផេករៀបចំដំណើរកម្សាន្តបែបផ្សងព្រេងលក្ខណៈបោះតង់ ដើរព្រៃ  ទៅសមុទ្រ  បានប្រាប់ឲ្យដឹងថាគាត់បានស្គាល់ខ្នងផ្សាដោយសារតែមានហ្វេកបុកផេកផុសរូបស្រស់ស្អាតជាច្រើន ហើយគាត់ក៏បានបបួលមិត្តភក្តិមួយក្រុមធ្វើដំណើរផ្សងព្រេងទៅភ្នំដ៏ស្រស់ស្អាតនោះ​។ គាត់បានទៅខ្នងផ្សាពីរលើកមករួចហើយ  ហើយគាត់ក៏បានប្រាប់ពីមូលហេតុដែលបានទៅម្តងហើយ  ម្តងទៀត  គឺដោយសារតែទេសភាពនៅទីនោះស្រស់ស្អាត  ហើយគយគន់ទេសភាពនៅទីនោះដោយមិនចេះណាយឡើយ  ដោយសារតែទេសភាពនៅទីនោះ  គឺវាមានការផ្លាស់ប្តូរទៅតាមពេលវេលា  ជាពិសេស គឺវាលស្មៅពណ៌ខៀវខ្ចីដុះលាតសន្ធឹងពេញភ្នំ ពាសពេញដី  និងមើលទៅហុំព័ន្ធដោយពណ៌បៃតងខ្ចី  អមទៅដោយជ្រោះពពកវិលជុំវិញ  មើលទៅស្រស់សាយ  និងទាក់ចិត្តចង់ឲ្យទៅម្តងហើយម្តងទៀត។ 

កញ្ញា ស៊ុំ ឈាងម៉េង ដែលជាស្ថានិករបស់ហេ្វកបុកផេក We Adventure ( រូបថតដោយ៖ We Adventure)

កញ្ញា  ស៊ុំ  ឈាងម៉េង​​ បានលើកឡើងថា៖ « នៅលើភ្នំខ្នងផ្សារខ្ញុំអាចអង្គុយមើលទេសភាពពពក  ទេសភាពថ្ងៃរះ  ថ្ងៃលិច  ចែងចាំងដូចស្លឹកមាសជះមកលើរាងកាយមនុស្សគ្រប់គ្នា។  មួយវិញទៀត ខ្ញុំចូលចិត្តការដែលក្រោកពីព្រលឹមម៉ោង  ៣-៤  ទៀបភ្លឺ ដើរកាត់វាលស្មៅពីខ្នងសំពៅ  ទៅខ្នងផ្សា  ដើរជាមួយនឹងផ្សែងចុះអព្ទយ៉ាងច្រើន  ហោះហើរ  ប៉ះនឹងខ្លួនខ្ញុំ វាប្រៀបបានទៅនឹងការដើរក្នុងក្តីសុបិនអញ្ចឹង»។

សម្រាប់អ្នកដែលមានបំណងចង់ទៅលេងខ្នងផ្សា  គឺត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤  ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ។  ដែលត្រូវឆ្លងកាត់ស្ពានខេត្តកំពង់ស្ពឺប្រមាណជាង១គីឡូ​និងចូលតាមផ្លូវស្តុបតេលា  (ច្បារមន)។  បន្ទាប់មកបត់ទៅស្តាំប្រមាណជាង១គីឡូ  នឹងបានឃើញផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញាប្រាប់ថាផ្លូវទៅឱរ៉ាល់។ អ្នកត្រូវតែបត់ចូលតាមច្រកឱរ៉ាល់  (ផ្លូវលេខ៤៤)  ប្រហែលជា​  ៥០គីឡូ  អ្នកនឹងទៅដល់រង្វង់មូលឱរ៉ាល់ បន្ទាប់មកអ្នកអាចបន្តដំណើរទៅមុខតាមផ្លូវលំប្រមាណ ៣៥គីឡូ  ដោយជិះកាត់តាម  តេទឹកពុះ  អ្នកនឹងទៅដល់ភូមិ រលាក់កងជើង  ដែលជាភូមិនៃភ្នំខ្នងផ្សា៕