អាយុចូលដល់ខ្ទង់២០ឆ្នាំហើយ យុវវ័យយើងម្នាក់ៗក៏ដល់ពេលគ្រប់គ្រាន់ ក្នុងការចាប់ផ្ដើមមាននូវការងារធ្វើនិងអាចរកប្រាក់ចំណូលឱ្យខ្លួនឯងជាបណ្ដើរៗ ដោយមិនចាំបាច់ពឹងពាក់លើហិរញ្ញវត្ថុដែលបានមកពីអាណាព្យាបាលតទៅទៀតឡើយ។ ក្នុងនោះផងដែរពេលវេលានេះហើយ ដែលយុវវ័យត្រូវរៀបចំទុកដាក់ប្រាក់ចំណូលផ្ទាល់ខ្លួនឱ្យមានប្រសិទ្ធិភាពទុកសម្រាប់ពេលចាស់ទៅ។
១.ឈប់ចាយវាយខ្ជះខ្ជាយ៖ យុវវ័យមួយចំនួននៅអំឡុងពេលដែលខ្លួនទើបតែចេះរកប្រាក់ចំណូលបានដោយខ្លួនឯងដំបូងបែបនេះ យុវវ័យមិនទាន់បានរៀបចំទុកដាក់លុយឱ្យបានល្អនោះទេ។ ភាគច្រើនពួកគេតែងតែចំណាយប្រាក់ទាំងនោះទៅលើសម្ភារៈនិយម ដូចជាទូរស័ព្ទដៃទំនើបដើរលេងកម្សាន្ត ហាងប្រេនៗ និងសម្លៀកបំពាក់ថ្លៃៗជាដើម។
២.រៀបចំ និងគ្រប់គ្រងបញ្ជីប្រាក់ចំណូល៖ ប្រាក់ចំណូលជាទូទៅមួយខែទើបមានម្ដង ប៉ុន្តែប្រាក់ចំណាយវិញមួយថ្ងៃៗត្រូវចំណាយប្រាក់ជាច្រើនដង។ ដូច្នេះហើយអ្នកត្រូវមានបញ្ជីចំណូលចំណាយផ្ទាល់ខ្លួនមួយសម្រាប់វិភាគពីការចាយវាយរបស់អ្នកឱ្យមានតុល្យភាពជានិច្ចពោល គឺមិនត្រូវចំណាយប្រាក់ឲ្យលើសពីប្រាក់ចំណូលច្រើនខែពេកឡើយ។ អ្នកធ្លាប់ឆ្ងល់ជាមួយខ្លួនឯងដែរទេ? ពីមួយខែទៅមួយខែមិនឃើញសល់អ្វីសោះ ថែមទាំងចាយវាយខ្លួនឯងស្ទើរតែមិនគ្រប់ទៀតផង។ ទាំងនេះអាចបណ្ដាលមកពីអ្នកមិនទាន់ចេះរៀបចំបញ្ចីប្រាក់ចំណូលចំណាយឲ្យបានត្រឹមត្រូវដើម្បីទុកចាយវាយសម្រាប់ខ្លួនឯងនៅពេលអនាគត។
៣.កុំចង់ល្អហួសមាឌ៖ ការប្រើប្រាស់លុយរបស់អ្នកត្រូវមានកម្រិតទៅតាមប្រាក់ចំណូល មិនមែនរកបានតិចក៏ស្រាប់តែចាយវាយច្រើននោះទេ។ ជាក់ស្តែងរបស់ខ្លះត្រូវអត់បានក៏គួរតែអត់ខ្លះទៅ ហើយត្រូវចាយវាយទៅតាមសមត្ថភាពកុំឱ្យហួសហេតុពេក។ ឧទាហរណ៍ដោយឃើញទូរស័ព្ទដៃចេញថ្មីភ្លាមមិនបានទេ ក៏ទិញយកមកប្រើមុនគេភ្លាមបាត់ទៅហើយ ប៉ុន្ដែត្រូវប្រើរយៈពេលយ៉ាងយូរណាស់ ដើម្បីបានលុយយកមកទិញ ទិញបានប្រើហើយបានត្រឹមតែមួយឆ្នាំក៏ហួសសម័យទៅហើយ។ដូច្នេះកុំចង់ល្អហួសមាឌនាំតែកើតការពិបាកទៅថ្ងៃអនាគតចំពោះខ្លួនឯងនោះទេ។
៤.រស់នៅបែបសន្សំសំចៃ៖ យ៉ាងណាមិញអ្នកត្រូវសន្សំប្រាក់ឲ្យបានច្រើនទាន់ខ្លួននៅក្មេងព្រោះក្នុងវ័យ ២០ឆ្នាំអ្នកអាចរកប្រាក់ចំណូលបានដោយខ្លួនឯងហើយ។ ក្នុងនោះផងដែរអ្នកគួរតែរៀនស្គាល់ដូចគ្នាពីតម្លៃនៃការខិតខំប្រឹងប្រែងស្វែងរកប្រាក់ពីមួយខែៗរបស់ខ្លួន ព្រោះវាមិនមែនជារឿងងាយស្រួលដូចការចាយវាយនោះទេ។ ហេតុនេះអ្នកត្រូវរៀនចេះត្បិតត្បៀតជាមួយសម្ភារៈនិយម ប្រើប្រាស់របស់របរល្មមៗបានហើយ កាត់បន្ថយការជប់លៀងនិងដើរលេងកម្សាន្តខាងក្រៅច្រើនពេកពេលសម្រាកពីការងារ។
៥.ប្រើលុយជាប្រយោជន៍ដល់អនាគត៖ យុវវ័យគួរតែមានការគិតឱ្យបានដិតដល់ជាមួយអនាគត ស៊ូលំបាកពីក្មេងឱ្យហើយដើម្បីស្រណុកសុខស្រួលនៅពេលវ័យចំណាស់។ ដូចគ្នានេះដែរអ្នកត្រូវចេះប្រឹងប្រែងកសាងខ្លួនឱ្យបានល្អ រៀបចំទុកដាក់លុយកាក់ចាយវាយឱ្យមានកម្រិត និងបែងចែងលុយរបស់ខ្លួនទៅតាមផ្នែកនីមួយៗដែលអ្នកត្រូវការ។
ជារួមមកវិញដូច្នេះហើយកុំអាងតែខ្លួននៅក្មេង ទើបតែចេះរកប្រាក់ចំណូលដំបូងបានដោយខ្លួនឯងហើយយកលុយទៅចាយវាយសប្បាយតាមការចង់បានរបស់ខ្លួនមួយពេល។ ដោយមិនបានយកចិត្តទុកដាក់ជាមួយបញ្ហាដែលអ្នកត្រូវកែប្រែឱ្យបានប្រសើរឡើងទៅថ្ងៃខាងមុខ កែប្រែគំនិតឱ្យក្លាយជាមនុស្សធំគិតឱ្យបានវែងឆ្ងាយ មានមហិច្ចតាឱ្យធំ បើទោះបីជាវាមិនបានដូចការប្រាថ្នាទាំងស្រុង ក៏អ្នកនឹងសម្រេចបានជោគជ័យជាងមនុស្សដែលមានមហិច្ចតាតូចជាងអ្នកដែរ៕