មិនថាបុគ្គលិក ឬក៏ថ្នាក់ដឹកនាំនោះទេតែងតែទាមទារឲ្យមានការលើកទឹកចិត្តខ្លួនឯង និងពីមនុស្សជុំវិញខ្លួនឯងចំពោះការងាររបស់ខ្លួន។ ហើយតួនាទីរបស់អ្នកដឹកនាំ គួរតែបង្កើតឲ្យមានភាពវិជ្ជមាននៅកន្លែងធ្វើការក៏ដូចជាបរិយាកាសការងារ ដើម្បីភ្ជាប់ទំនាក់តំនងរវាងក្រុមការងារ។ វាមិនមែនជាកិច្ចការដែលពិបាកក្នុងការបង្កើតឲ្យមានសកម្មភាពទាំងនោះទេ។ខាងក្រោមនេះជាគន្លឹះ ៥ យ៉ាងដែលធ្វើឲ្យបុគ្គលិករបស់អ្នកគិតថា ខ្លួនគាត់មានតម្លៃនៅកន្លែងធ្វើការ:

១/​ បង្ហាញពីការសរសើរ

គ្រប់គ្នាតែងតែចង់លឺពាក្យសរសើរចំពោះលទ្ធផលនិងស្នាដៃដែលគាត់អាចសម្រេចបាន ជាពិសេសពីថ្នាក់ដឹកនាំរបស់ខ្លួន។បុគ្គលិកនឹងមានអារម្មណ៍រីករាយ ប្រសិនបើពួកគេត្រូវបានទទួលស្គាល់ការសរសើរនូវស្នាដៃរបស់ពួកគេ នោះពួកគេនឹងរីករាយចំពោះការងារនិងគិតថាពួកគេបានបំពេញការងារបានយ៉ាងត្រឹមត្រូវ។

២/ យកចិត្តទុកដាក់

អ្នកគួរតែយកចិត្តទុកដាក់ចំពោះក្រុមការងាររបស់អ្នក មុននឹងអ្នករំពឹងចង់បាននូវលទ្ធផលការងារដ៏ល្អរបស់ពួកគេ។ ដោយការសួរសុខទុក្ខសួរពីក្រុមគ្រួសារ​ ដំណើរកម្សាន្ត និងការចែករំលែកភាពរីករាយជាមួយគ្នា។ វាក៏បង្កើតឲ្យមានទំនាក់ទំនងល្អជាមួយគ្នាដែលបង្កើតឲ្យមានបរិយាកាសការងារល្អផងដែរ។

៣/ ការបង្ហាត់បង្ហាញនិងធ្វើឲ្យរីកចម្រើន

មេដឹកនាំល្អ តែងតែរកគ្រប់មធ្យោបាយដើម្បីឲ្យក្រុមការងាររបស់ខ្លួនមានភាពរីកចម្រើន។ ហើយបុគ្គលិកតែងតែចង់អភិវឌ្ឍ និងធ្វើឲ្យខ្លួនឯងមានការរីកចម្រើនហើយក៏ចង់ទទួលបាននូវការតម្លើងតួនាទីពីអ្នកដឹកនាំ​របស់ខ្លួនផងដែរ។ អ្នកបង្កើតឲ្យមានការបង្រៀនបន្ថែមនូវជំនាញ ដែលជាប់ទាក់ទងនឹងការងារ​ផ្តល់ការជួយគាំទ្រនិងយកចិត្តទុកដាក់ចំពោះគាត់ផងដែរ។ វាជាការលើកទឹកចិត្តដ៏ល្អដល់បុគ្គលិក និងធ្វើឲ្យពួកគាត់ក្លាយជាបុគ្គលិកដែលមានការអភិវឌ្ឍន៍ហើយក៏បង្កើនដល់លទ្ធផលការងារផងដែរ។

៤/ ផ្តល់ពេលវេលា

អ្នកអាចផ្តល់ពេលវេលារបស់អ្នកឲ្យដល់គាត់ដើម្បីគាត់បានសួរ និងពិភាក្សានូវប្រធានបទ និងសំណួររបស់គាត់។ប្រសិនបើអ្នកមិនអាចឆ្លើយភ្លាមនោះទេ​ អ្នកអាចសុំពេលឲ្យគាត់រង់ចាំបន្តិច ហើយប្រើពាក្យសម្តីទឹកមុខ និងកាយវិការឲ្យបានល្អបំផុតនោះបុគ្គលិករបស់អ្នកនឹងមានអារម្មណ៍ថា អ្នកពិតជាគាំទ្រនូវកិច្ចការងាររបស់គាត់ជានិច្ច។

៥/ ការបង្កើតកម្មវិធីផ្សេងៗ

ការទទួលស្គាល់នូវលទ្ធផលការងាររបស់បុគ្គលិករបស់អ្នក ហើយបង្កើតឲ្យមានកម្មវិធីបន្តិចបន្តួចសម្រាប់ក្រុមការងាររបស់អ្នកដូចជាខួបកំណើត និងការសម្រេចការងារសំខាន់អ្វីមួយ។ អ្នកក៏អាចបង្កើតជាការជប់លៀងប្រចាំឆ្នាំខួបនៃការបង្កើតក្រុមហ៊ុន និងការសម្រេចនូវការងារសំខាន់ៗរបស់ក្រុមហ៊ុនផងដែរ។ ទោះជាយ៉ាងណាវាក៏ធ្វើបរិយាកាសការងារល្អនិងក្រុមការងារមានភាពរីករាយផងដែរ៕