សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ការជូនសម្ភារៈ ឬកាដូផ្សេងៗឱ្យគ្នាទៅវិញទៅមក គឺជារឿងដែលពេញនិយមបំផុតសម្រាប់យុវវ័យទៅកាន់គូរសង្សារ ប្ដីប្រពន្ធ និងមនុស្សជាទីស្រឡាញ់។ ប្រភេទនៃកាដូមួយចំនួនមិនមែនចេះតែឱ្យទៅដៃគូបាននោះទេ ពីព្រោះថាកាដូខ្លះពេលដែលឱ្យទៅគេហើយ គេអាចនឹងពេញចិត្តឬមិនពេញចិត្តក៏ថាបាន។ ម្យ៉ាងវិញទៀតកាដូក៏អាចបង្ហាញពីសេចក្ដីស្រឡាញ់ទៅកាន់មនុស្សជុំវិញខ្លួនបាន។ ដូច្នេះខាងក្រោមនេះគឺជាកម្រងប្រភេទកាដូដែលសាកសមបំផុតសម្រាប់នារីៗ ដើម្បីជូនទៅកាន់ដៃគូរបស់ខ្លួនដែលមើលទៅមានលក្ខណៈថ្លៃថ្នូរ​និងសមរម្យ៖

១.អាវយឺត មើលទៅមានភាពសាមញ្ញ ហើយលក្ខណៈថ្លៃថ្នូរចំពោះដៃគូ។​ ក្នុងនោះផងដែរការជ្រើសរើសយកពណ៌អាវមិនត្រូវមានលក្ខណៈឆើតឆាយ ឬក៏ពណ៌ដែលដិតពេកនោះទេ។ ដូច្នេះពណ៌ដែលសាកសមបំផុតសម្រាប់បុរសឱ្យមើលទៅមានលក្ខណៈថ្លៃថ្នូរ គឺរួមមានពណ៌ស ពណ៌ខៀវ និងពណ៌ប្រផេះស្រាលជាដើម។​ដោយហេតុថាពណ៌ទាំងនេះគឺងាយស្រួលសម្រាប់មនុស្សប្រុសពាក់បានគ្រប់កម្មវិធីមិនថាទៅធ្វើការ ទៅសាលារៀន ឬទៅដើរលេងជុំមិត្តភក្តិនោះឡើយ។​

២.កាបូបលុយ បើអ្នកទិញកាបូបលុយឱ្យគេ ហាក់បីដូចជាចង់មានន័យថាអ្នកចង់ជូនពរឱ្យស្វាមី ឬមនុស្សជាទីស្រឡាញ់របស់អ្នកមានលុយចាយច្រើនៗ។ ជាមួយគ្នានេះដែរកាដូបែបនេះអាចប្រើបានយូរ ហើយដាក់ជាប់ខ្លួនបានជានិច្ច ដើម្បីរំឮកដល់នារីម្នាក់ដែលបានជូនវាមកឪ្យគាត់។

៣.កាបូបយួរដៃ ចំពោះកាដូប្រភេទនេះ វាអាចមានតម្លៃថ្លៃបន្តិច ប៉ុន្តែកាបូបយួរដៃបង្ហាញនូវភាពទាន់សម័យ ម៉ត់ចត់ ភាពថ្លៃថ្នូរហើយក៏អាចយកតាមខ្លួនជាប់ជាប្រចាំថ្ងៃដូចគ្នា។​ ក្នុងនោះផងដែរវារឹតតែសាកសមបើដៃគូរបស់អ្នកជាអ្នកធ្វើការបែបក្រុមហ៊ុនជាដើម។

៤.សៀវភៅ អ្នកប្រហែលជាចង់ឱ្យដៃគូរបស់អ្នកទម្លាក់ទូរស័ព្ទដៃទុកខ្លះ ហើយត្រឡប់មកអានសៀវភៅវិញមែនទេ? សាកល្បងជូនសៀវភៅទៅកាន់គាត់ ជាប្រភេទសៀវភៅបែបអភិវឌ្ឍខ្លួន ឬសៀវភៅធ្វើជំនួញជាដើម គាត់នឹងចាប់ផ្ដើមគិតថា“អ្នកជាមនុស្សស្រីម្នាក់ដែលជួយទាញឱ្យគាត់ចេះធ្វើរឿងណាដែលមានប្រយោជន៍ទៅថ្ងៃអនាគត”។

៥.ទឹកអប់ រឿងរ៉ាវមួយក្នុងចំណោមភាពទាក់ទាញរបស់បុរស គឺក្លិនខ្លួន បើមិត្តប្រុសរបស់អ្នកមានក្លិនក្រអូបប្រហើរ ច្បាស់ជាគាត់មានទំនុកចិត្តក្នុងខ្លួនបានថែមមួយកម្រិតទៀត។ ដូច្នេះដើម្បីបង្កើនភាពជឿជាក់ក្នុងការចូលចំណោមជាមួយមនុស្សដទៃ និងមានភាពទាក់ទាញជូនមកកាន់គាត់គ្រប់ពេលវេលាទឹកអប់ជាប្រភេទកាដូមួយ

ដែលពិតជាសាកសមសម្រាប់គាត់។​

៦.សម្ភារៈកីឡា បុរសភាគច្រើនចូលចិត្តលេងកីឡា​ណាស់ ពោលគឺមិនមែនផ្តោតទៅលើបាល់ទាត់តែមួយមុខឡើយ។ ហេតុដូច្នេះការផ្ដល់កាដូជាលក្ខណៈសម្ភារៈកីឡា អាចបង្ហាញពីចំណាប់អារម្មណ៍ចំពោះដៃគូថាអ្នកមានការយកចិត្តទុកដាក់លើចំណង់ចំណូលចិត្តរបស់គាត់ ហើយចំណងស្នេហារបស់អ្នកនឹងកាន់តែស្អិតរមួតថែមមួយកម្រិតទៀតផងដែរ។

៧.ពែងអនុស្សាវរីយ៍ របស់បែបនេះមានលក្ខណៈសាមញ្ញបំផុត អាចមិនស្ថិតក្នុងការគិតរបស់អ្នក។ ប៉ុន្តែកាដូបែបនេះគឺមានន័យណាស់ ព្រោះបើគាត់ជាអ្នកញ៉ាំកាហ្វេរាល់ពេលព្រឹក គាត់នឹងយកកែវនោះមកប្រើប្រាស់រាល់ថ្ងៃ ហើយវានឹងធ្វើឱ្យអ្នកត្រូវបានលេចឡើងនៅក្នុងការចងចាំរបស់គាត់គ្រប់ពេលវេលាផងដែរ។

៨.នាឡិកាដៃ មនុស្សមួយចំនួនបានយល់ឃើញថា ការជូននាឡិកា គឺជារឿងដែលមិនគួរធ្វើព្រោះថានៅពេលដែលនាឡិកាឈប់ដើរនោះក៏មានន័យថា​ ស្នេហារបស់អ្នកអាចនឹងបែកបាក់គ្នាផងដែរ។ ក៏ប៉ុន្តែនៅពេលបច្ចុប្បន្នការជូនកាដូប្រភេទនេះពិតជាមានភាពពេញនិយមខ្លាំងណាស់សម្រាប់គូស្នេហ៍ដើម្បីបង្ហាញពីក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ ហើយម្យ៉ាងវិញទៀតនាឡិកាដៃបានបង្ហាញអំណាចនិងភាពអស្ចារ្យរបស់បុរសផងដែរ។

សរុបរួមមកវិញការជូនកាដូឱ្យទៅមនុស្សជាទីស្រឡាញ់ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឱ្យចំណងស្នេហ៍មានភាពស្អិតរមួត និងបង្ហាញពីក្ដីស្រឡាញ់ចំពោះមនុស្សសំខាន់។ ដូច្នេះហើយអ្នកត្រូវយកចិត្តទុកដាក់ជាមួយការជ្រើសរើសកាដូដែលជូនដល់គេហើយថែមទាំងអាចបង្ហាញពីភាពសំខាន់របស់គេ សម្រាប់អ្នកឱ្យកាន់តែប្រសើរឡើង ហើយសុភាពនារីក៏អាចជ្រើសយកជម្រើសណាមួយ ដែលយើងបានបង្ហាញនូវខាងលើនេះដើម្បីជូនទៅកាន់សុភាពបុរសដែលធ្វើឱ្យគាត់ប្រាកដជាមានការពេញចិត្តជាក់ជាមិនខាន៕