សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ការចាប់ផ្ដើមចូលធ្វើការដំបូងៗ អ្នកអាចនឹងត្រូវជួបបញ្ហាច្រើនដែលមិនធ្លាប់រំពឹងទុក អាស្រ័យលើបរិយាកាស និងវប្បធម៌ការងារតាមក្រុមហ៊ុន និងស្ថាប័ននីមួយៗ។ ប៉ុន្តែទោះជាយ៉ាងណា ក៏នៅតែមានចំណុចសំខាន់ៗមួយចំនួនដែលអ្នកគួរបង្រៀនខ្លួនឯង មុនចាប់ផ្ដើមចូលខ្លួនទៅធ្វើការជាក្រុមក្នុងស្ថាប័ននោះ។ 

១. អ្នកត្រូវដឹងត្រួសៗអំពីក្រុមហ៊ុន ឧស្សាហកម្ម ក៏ដូចជាផ្នែកដែលអ្នកនឹងត្រូវទៅធ្វើការនោះជាមុន ដើម្បីងាយស្រួលក្នុងការសម្របខ្លួន និងប្រើចំណុចខ្លាំងរបស់ខ្លួនក្នុងការបំពេញការងារឱ្យមានប្រសិទ្ធភាព។

២. អ្នកត្រូវបង្រៀនខ្លួនឯងឱ្យចេះរស់ក្នុងភាពជាមនុស្សជំទង់។ នេះមានន័យថា អ្នកត្រូវស្វែងយល់អំពីវិធីធ្វើជាមនុស្សមានទំនួលខុសត្រូវសម្រាប់ការរស់នៅរបស់ខ្លួន ទោះក្នុងកាលៈទេសៈណាក៏ដោយ។ អ្នកដឹងថាត្រូវបែងចែកពេលវេលា ប្រាក់កាស និងវិធីសាស្ត្ររស់នៅបែបណាឱ្យបានស្រួល និងកុំឱ្យលង់ខ្លួនទៅក្នុងបំណុលជាដើម។ ក្រៅពីនេះ អ្នកគួរយល់ដឹងអំពីជំនាញគ្រឹះនៃជីវិត ដែលអ្នកនឹងមានទំនួលខុសត្រូវក្នុងការទៅបំពេញការងារប្រចាំថ្ងៃ និងមានភាពអំណត់។

៣. អ្នកត្រូវរៀនបន្សាំខ្លួនឯងក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ អ្នកគួរតែយល់ដឹងអំពីជំនាញក្នុងការចុះសម្រុងជាមួយមនុស្សប្រភេទផ្សេងៗគ្នា ហើយវានឹងអាចជួយឱ្យអ្នកធ្វើការងារបានដោយងាយស្រួល មិនចាំបាច់ភ័យខ្លាចរឿងកើតមានទំនាស់ក្នុងក្រុម ឬជាមួយថ្នាក់ដឹកនាំជាដើម។ 

៤. អ្នកត្រូវប្រាប់ខ្លួនឯងថា "ការលេងនយោបាយ" នឹងកើតមានក្នុងក្រុមហ៊ុនមួយចំនួន ដូចជាការនិយាយដើមគ្នា ចាក់ចូចគ្នា កាច់កុងគ្នា ឬក្លែងធ្វើល្អនឹងគ្នាជាដើម។ ពេលចូលក្នុងបរិយាកាសការងារ អ្នកត្រូវតែអាចស្វែងយល់ពីរឿងនេះ និងអាចឈររឹងមាំ មិនឱ្យរឿងអវិជ្ជមានទាំងនេះប៉ះពាល់ដល់ប្រសិទ្ធភាពការងាររបស់អ្នក។ ទោះជាយ៉ាងណា អ្នកត្រូវប្រាប់ខ្លួនឯងកុំឱ្យប្រឡូកខ្លួនចូលក្នុងទង្វើមិនថ្លៃថ្នូរទាំងនោះ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អ្នកនៅថ្ងៃណាមួយ។

៥. អ្នកត្រូវត្រៀមខ្លួនក្នុងការតុបតែងខ្លួនឱ្យស័ក្ដិសមនឹងតួនាទី និងគោលការណ៍របស់ក្រុមហ៊ុន ព្រោះកន្លែងការងារនីមួយៗមានគោលការណ៍ខុសៗគ្នា។ កន្លែង ឬតួនាទីខ្លះតម្រូវឱ្យបុគ្គលិកស្លៀកពាក់ តុបតែងខ្លួនបែបវិជ្ជាជីវៈ សូម្បីតែការផាត់មុខ សក់ ស្បែកជើង ឬឯកសណ្ឋាន ឯខ្លះទៀតបុគ្គលិកអាចស្លៀកពាក់ដោយសេរីក្នុងកម្រិតសមរម្យ។

៦. អ្នកត្រូវបង្កើតទំនុកចិត្តសម្រាប់ខ្លួនឯង និងតាំងចិត្តរៀនសូត្រអ្វីថ្មីៗ ការជួបមនុស្សថ្មី។ អ្នកក៏គួរមានទំនុកចិត្តក្នុងការស្វែងរកជំនួយ និងដំណោះស្រាយពីអ្នកពាក់ព័ន្ធ ពេលអ្នកជួបបញ្ហាមិនអាចដោះស្រាយខ្លួនឯងបាន៕