សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ពាណិជ្ជកម្ម គឺ​សម្តៅ​ទៅ​លើការ​ដណ្តើម​ឧត្តម​ភាព​ក្នុង​ការ​​លក់​ផលិត​ផល ហើយ​ការ​ប្រកួត​ប្រជែង​​​នេះ​ត្រូវ​បាន​បែង​ចែក​ជា​២​ប្រភេទ​គឺ​៖ ការ​ប្រកួត​ប្រជែង​ពេញ​លេញ និង​ការ​​ប្រកួត​ប្រជែង​​​ផ្តាច់​មុខ​​។

***​កត្តា​នាំ​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង

  • ការ​ប្រកួត​​ប្រជែង​កម្រិត​ខ្ពស់ គឺ​កើត​ឡើង​នៅ​ពេល​ដែល​នៅ​លើ​ទី​ផ្សារ​មាន​អ្នក​ផ្គត់​ផ្គង់​ ឬ​អ្នក​លក់​ផលិត​ផល​​ដូច​គ្នា​មាន​ចំនួន​ច្រើន​។

  • ការ​ប្រកួត​ប្រជែង​​​ផ្តោត​លើ​​ផលិត​ផល​មួយ​ប្រភេទ ឬ​ជំនាញ​ឯក​ទេស នៅ​លើ​ទី​ផ្សារ​អ្នក​​លក់​ផលិត​ផល​ដូច​គ្នា​ច្រើន ប៉ុន្តែ​​ផ្តោត​​ទៅ​លើ​លក្ខណៈ​ពិសេស​​ខុស​ៗ​គ្នា​នៃ​ផលិត​ផល​ដោយ​បំពេញ​តម្រូវ​ការ​តូច​ៗ​នៅ​លើ​​ទី​ផ្សារ​។

  • ការ​ប្រកួត​ប្រជែង​កម្រិត​ទាប ស្ថានភាព​ប្រកួត​ប្រជែង​នោះ​កើត​មាន​នៅ​ពេល​ដែល​នៅ​លើ​ទី​ផ្សារ​មាន​អ្នក​ផ្គត់​ផ្គង់ ឬ​លក់​ផលិត​ផល​ដូច​គ្នា​មាន​ចំនួន​តែ​ពីរ ឬ​បី​ប៉ុណ្ណោះ​។

  • ការ​ប្រកួត​ប្រជែង​​ផ្តាច់​មុខ គឺ​ជា​ស្ថានភាព​ប្រកួត​ប្រជែង​ដែល​នៅ​ក្នុង​ឧស្សាហកម្ម​​មាន​អ្នក​​​ផ្គត់​ផ្គង់​ ឬ​លក់​ផលិត​ផល​​តែ​មួយ ឬ​ផ្តាច់​មុខ​តែ​​ឯង​។ ជា​ទូ​ទៅ​ក្រុមហ៊ុន​​ផ្តាច់​មុខ​តែង​ទទួល​ប្រយោជន៍​​​ពី​ការ​ប្រកួត​ប្រជែង និង​មាន​ឥទ្ធិពល​ក្នុង​ការ​គ្រប់​គ្រង​ថ្លៃ​ផលិត​ផល​។

Image

​​***​​កម្លាំង​ប្រកួត​ប្រជែង​

  • កម្លាំង​ប្រកួត​ប្រជែង​​នៃ​គូ​ប្រជែង​នៅ​លើ​ទី​ផ្សារ​៖ ត្រូវ​តែ​ស្វែង​​យល់​ឱ្យ​បាន​ច្បាស់​ពី​គូ​ប្រជែង​ដែល​កំពុង​​ប្រកួត​ប្រជែង​​​​នៅ​លើ​ទី​ផ្សារ។

  • ការ​គំរាម​កំហែង​នៃ​គូ​​ប្រជែង​ដែល​ចូល​ថ្មី​៖ ការ​គំរាម​កំហែង​របស់​គូ​ប្រជែង​ដែល​ចូល​ថ្មី​ប្រសិន​បើ​ផលិត​ផល​ថ្មី​របស់​ពួក​គេ​បាន​ទទួល​ជោគ​ជ័យ​​នៅ​ពេល​​ដំបូង​។ ទី​ផ្សារ​ខ្លះ​មាន​ភាព​ងាយ​ស្រួល​​ក្នុង​ការ​ជ្រៀត​ចូល ប៉ុន្តែ​ទី​ផ្សារ​មាន​ការ​ពិបាក​ដោយ​ហេតុ​មាន​របាំង​ប្រកួត​ប្រជែង​ដែល​ធ្វើ​​ឱ្យ​គូ​ប្រជែង​ចូល​ថ្មី​មាន​ការ​ពិបាក​។ របាំង​ប្រកួត​ប្រជែង​មាន​ដូច​ជា​ តម្រូវ​ការ​លើ​ធន​ធាន​សម្រាប់​វិនិយោគ​​មាន​កម្រិត​ខ្ពស់​ ជា​ពិសេស​ធន​ធាន​ហិរញ្ញ​វត្ថុ​ ធន​ធាន​មនុស្ស​ សំដៅ​លើ​បច្ចេក​វិទ្យា និង​បទ​​ពិសោធ​​​ច្រើន​ឆ្នាំ​ដើម្បី​ផលិត​ផល​​ដែល​ចំណាយ​ថ្លៃ​ដើម​តិច​។

***​​ការ​ប្រកួត​ប្រជែង​​នៅ​ក្រៅ​ប្រទេស​

កើត​ឡើង​នៅ​ពេល​ដែល​ក្រុមហ៊ុន​​មួយ​ចាប់​ផ្តើ​ម​អាជីវកម្ម​ផលិតផល​ និង​លក់​ផលិត​ផល​និង​សេវាកម្ម​នៅ​ទី​ផ្សារ​ក្រៅ​ប្រទេស។ ក្រុមហ៊ុន​ជា​ច្រើន​បាន​ពង្រីក​អាជីវកម្ម​ចេញ​ទៅ​ក្រៅ​ប្រទេស​។ទី​ផ្សារ​ក្រៅ​ប្រទេស​ជា​ទី​ផ្សារ​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍ ​នៅ​ពេល​ដែល​ទី​ផ្សារ​ទាំង​នោះ​មាន​ការ​លូត​លាស់​ខ្លាំង​ជាង​ទី​ផ្សារ​ក្នុង​ស្រុក​។

ការ​​ប្រកួត​ប្រជែង​​​​នៅ​ក្រៅ​ប្រទេស​មាន​លក្ខណៈ​ទូ​លំ​ទូលាយ និង​ជា​រឿ​យ​ៗ​​បង្កើត​ឱ្យ​មាន​​នូវ​ទម្រង់​​ប្រកួត​ប្រជែង​ និង​កម្លាំង​ប្រកួត​​ប្រជែង​ថ្មី​​ៗ​ជា​ច្រើន​នៅ​​លើ​ទី​ផ្សារ​។ និន្នាការ​ប្រកួត​បច្ចុប្បន្ន​​នៅ​លើ​ទី​ផ្សារ​ក្រៅ​ប្រទេស​គឺ​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​សម្ព័ន្ធ​ភាព​ជំនួយ​ឬ​កិច្ច​ព្រម​ព្រៀង​​រវាង​ក្រុមហ៊ុន​​ពីរ​ ឬ​ច្រើន​​ធ្វើ​អាជីវកម្ម​រួម​គ្នា​ដើម្បី​​សម្រេច​គោល​ដៅ​រួម​។ កម្លាំង​ប្រកួត​ប្រជែង​​ក្រៅ​ប្រទេស​ជះ​ឥទ្ធិពល​ទៅ​លើ​ពាណិជ្ជកម្ម​ពិភព​លោកនិង​ធនធាន​របស់​ប្រទេស​នីមួយ​ៗហើយ​ការ​ប្រកួត​ប្រជែង​នេះ គឺ​ជំរុញ​​ឱ្យ​ក្រុមហ៊ុន​នី​មួយ​ៗ​ត្រូវ​តែ​ខំ​ប្រឹង​ដើម្បី​ជ្រៀត​ចូល និង​ប្រកួត​នៅ​លើ​ទី​ផ្សារ​​ក្រៅ​ប្រទេស​។

***​​ពេល​ខ្លះកើត​មាន​​អំពើ​នៃ​ការ​ប្រកួត​ប្រជែង​មិន​ស្មោះ​ត្រង់​

អំពើ​​នៃ​ការ​ប្រកួត​ប្រជែង​ណាដែល​ផ្ទុយ​ពី​គោល​ការណ៍​​នៃ​​ការ​អនុវត្ត​​ទៀង​ទាត់​នៅ​ក្នុង​វិស័យ​ឧស្សាហកម្មពាណិជ្ជកម្ម សេវាកម្មត្រូវ​ចាត់​ទុក​ថាជា​ការ​ប្រកួត​ប្រជែង​មិន​ស្មោះ​ត្រង់​(មាត្រា​២២នៃ​ច្បាប់​ស្តី​ពី ម៉ាកពាណិជ្ជនាមនិង​អំពើ​នៃ​ការ​ប្រកួត​ប្រជែង​មិន​ស្មោះ​ត្រង់​)

ទង្វើ​​ទាំង​ឡាយ​ដូច​ខាង​ក្រោម​ត្រូវ​ចាត់​ទុក​ថាបាន​បង្កើត​នូវ​អំពើ​​នៃ​ការ​ប្រកួត​ប្រជែង​មិន​ស្មោះ​ត្រង់​៖.ការ​បង្កើត​​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​តាម​មធ្យោបាយ​​ណា​មួយជា​មួយ​សហគ្រាស ជា​មួយ​ទំនិញឬ​ជា​មួយ​សកម្មភាព​ឧស្សាហកម្ម​​ពាណិជ្ជកម្ម​ ឬ​សេវាកម្ម​នៃ​គូ​ប្រកួត​ប្រជែង​។

.ការ​ពោល​អះ​អាង​មិន​ត្រឹម​ត្រូវ​ក្នុង​ពាណិជ្ជកម្មដែល​ធ្វើ​ឱ្យ​ខូច​កេរ្ត៍​ឈ្មោះសហគ្រាស ទំនិញ ឬ​សកម្មភាព​ឧស្សាហកម្មពាណិជ្ជកម្ម​ ឬ​សេវាកម្ម​នៃ​គូ​ប្រកួត​ប្រជែង​។

.ការ​បញ្ជាក់ ​ឬ​ការ​ពោល​អះ​អាង​ដែល​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​ពាណិជ្ជកម្មហើយ​ដែល​អាច​ធ្វើ​ឱ្យ​សាធារណជន​ភាន់​ច្រឡំ​អំពី​ប្រភេទ​ដំណើរ​ការ​ផលិតលក្ខណៈ​ ភាព​សម​ស្របសម្រាប់​គោល​បំណង​របស់​គេឬ​បរិមាណ​នៃ​ទំនិញ​។ (មាត្រា​២២នៃ​ច្បាប់​ស្តី​ពី ម៉ាកពាណិជ្ជនាមនិង​អំពើ​នៃ​ការ​ប្រកួត​ប្រជែង​មិន​ស្មោះ​ត្រង់​)។

ប្រភព៖នាយក​ដ្ឋាន​ស្រាវជ្រាវផ្សព្វផ្សាយនិង​បណ្តុះ​បណ្តាល​ច្បាប់​​​​ក្នុង​វិស័យ​ព្រហ្ម​ទណ្ឌនៃ​ក្រសួង​យុត្តិធម៌