បច្ចុប្បន្ននេះ មាន​ប្រជាជនជាច្រើនបាន​បញ្ចេញសកម្មភាពលើបណ្តាញសង្គម ​ពាក់ព័ន្ធនឹង​ផ្អើលរៀនច្បាប់ស្រូបទាញដើម្បីក្លាយជាសេដ្ឋី និងទទួលបានអ្វីគ្រប់យ៉ាងក្នុងជីវិតដោយមិនបាច់ខំប្រឹង។ បន្ថែមពីលើនេះ វាបានក្លាយជា​ប្រព័ន្ធនៃការរកស៊ី​លក់ផលិតផល​ឬសេវាណាមួយបន្តគ្នា ដោយក្រុមនីមួយៗ ជ្រើសរើស​តំណាងចែកចាយ​រាប់សិបនាក់ ហើយប្រើច្បាប់ស្រូបទាញដើម្បីឱ្យអាជីវកម្មរបស់ខ្លួនជោគជ័យ។

ពាក់ព័ន្ធនឹងបញ្ហានេះ​ លោកស្រី ចេន សុភាព សហគ្រិនស្ត្រីនៅកម្ពុជា និង​ជា​ម្ចាស់ជ័យលាភី​ជជែកពីភាពជាអ្នកដឹកនាំ​ បានឱ្យដឹងថា ច្បាប់ស្រូបទាញកំពុងតែស្រូបលុយ​របស់បងប្អូន ដែល​យកច្បាប់នេះមកធ្វើជាជំនឿបែបអរូបិយ​ហើយ។ ក្នុងនាមជាសហគ្រិន និងជាគ្រូម្នាក់ លោកស្រីគ្រាន់តែចង់ចែករំលែក​ដល់បងប្អូនមួយចំនួនថា​ ច្បាប់ស្រូបទាញ​ មិនមែនជាច្បាប់ដែលសូត្រហើយ​បានលុយ ដោយមិនមានការខិតខំប្រឹងប្រែងនោះទេ។ ដើម្បីសម្រេចជោគជ័យក្នុងជីវិតបាន យើងត្រូវ​ព្យាយាម ក្នុងផ្លូវត្រូវរៀបផែនការឱ្យបានត្រឹមត្រូវ មានគោលដៅត្រូវ និងមានសកម្មភាពត្រូវ។

លោកស្រីលើកឡើងថា ច្បាប់នេះគឺជាគំនិតដែលបង្កើតសទៅជាសកម្មភាព បង្កើតទៅជាទម្លាប់ រហូតក្លាយជាឧបនិស្ស័យ មិនមែនគ្រាន់តែឃើញគេបង្ហាញពេជ្រចែងចាំង បង្ហាញឡានថ្លៃៗ បង្ហាញផ្ទះធំៗ តាមបណ្តាញសង្គម ហើយធ្វើតាមមាត់គេ ក៏ទទួលបានងាយៗនោះទេ។ លោកស្រីសង្កត់ធ្ងន់ថា អ្វីដែលមនុស្សភាគច្រើនឃើញនោះ មិនសុទ្ធតែជាការពិតទេ។ មនុស្សអាចបង្កើតអ្វីៗទាំងអស់បានដោយសារសកម្មភាព និងការខិតខំប្រឹងប្រែងយ៉ាងសកម្ម មិនមែន​ស្រួលៗបានលុយ​មកដោយឯកឯងនោះទេ។ សូមពិចារណា និងជឿដោយមានហេតុផល កុំខ្ចីលុយគេដើម្បីធ្វើតាមការជឿ ដោយសារចង់ស្រូបលុយនោះ ជារឿងខុសធំហើយ។

សហគ្រិនខាងលើធ្លាប់បានលើកឡើងក្នុងបណ្តាញសង្គមផងដែរថា  លោកស្រីធ្លាប់អានសៀវភៅប្រភេទនេះយូរណាស់មកហើយ មិននឹកស្មានថា មានអ្នកចេះប្រើយកមកបង្រៀនបានលុយរាប់ម៉ឺនដុល្លារតាមអនឡាញ ហើយមានមនុស្សជឿភ្លូកទឹកភ្លូកដីដូច្នេះសោះ។ បងប្អូនអ្នកជឿ សូមធ្វើសកម្មភាពឱ្យបានលើសពីការជឿផង។ ច្បាប់ស្រូបទាញមិនអាចស្រូបមនុស្សឈឺឱ្យជាវិញបានទេ។ បើមិនមានការព្យាបាល​ឱ្យបានត្រឹមត្រូវពីពេទ្យជំនាញនោះទេ យើងនៅតែឈឺដដែល។ ច្បាប់ស្រូបទាញ ក៏មិនអាចស្រូបអ្នកក្រឱ្យក្លាយជាអ្នកមានបានដែរ បើមិនខំប្រឹងដោយបញ្ញា។

គួរបញ្ជាក់ថា កន្លងមក​មានគេរៀបចំសិក្ខាសាលាធំៗជាច្រើន​ពាក់ព័ន្ធនឹងច្បាប់ស្រូបទាញ ដោយ​គេបានបង្ហាញឱ្យឃើញពីភាពស្តុកស្តម្ភ និង​​សកម្មភាពប្លែកៗជាច្រើន ដើម្បីអូសទាញឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម​បានឃើញហើយបោះលុយ​ ដើម្បីធ្វើជាតំណាងចែកចាយ​លក់ផលិតផល ដែលគេកំពុងផ្សព្វផ្សាយ។ មានអ្នកខ្លះបានលើកឡើងជាសំណួរថា បើតំណាងចែកចាយច្រើនម្លឹងៗ ដោយផលិតផលខ្លះ មានអ្នកលក់ច្រើនជាងអ្នកទិញទៅទៀតនោះតើរកអ្នកទិញឯណាមកទិញផលិតផលនោះប្រើ?