ទីក្រុងវៀងចន្ទន៍៖ ប្រទេសឡាវ នឹងចាប់ផ្តើមលក់អគ្គិសនីក្នុងពេលឆាប់ៗនេះ ទៅប្រទេសសិង្ហបុរី ក្រោមគម្រោងសមាហរណកម្មថាមពល ឡាវ-ថៃ-ម៉ាឡេស៊ី-សិង្ហបុរី (LTMS-PIP)។

យោងតាមរបាយការណ៍ប្រចាំថ្ងៃ របស់កាសែត Vientiane Times កាលពីថ្ងៃចន្ទ លើកឡើងថា ថាមពលអគ្គិសនីទំហំ 100 MW នឹងត្រូវបានផ្គត់ផ្គង់ដោយប្រទេសឡាវ ទៅកាន់ប្រទេសសិង្ហបុរី។

កិច្ចព្រមព្រៀងទិញថាមពល ត្រូវបានចុះហត្ថលេខានៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវ កាលពីថ្ងៃសុក្រ ដោយនាយកគ្រប់គ្រងនៃអគ្គិសនីរដ្ឋឡាវ (EDL) លោក ចាន់ថាប៊ុន (Chanthaboun Soukaloun) និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Keppel Infrastructure Holdings  ។

កាលពីខែកញ្ញា ឆ្នាំ 2014 ឡាវ ថៃ ម៉ាឡេស៊ី និងសិង្ហបុរី បានស្វែងយល់ពីគំនិតនៃដែនពាណិជ្ជកម្មលើសពីប្រទេសជិតខាង តាមរយៈសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) និងបណ្តាញថាមពលអាស៊ាន (APG)។

លោក  ចាន់ថាប៊ុន មានប្រសាសន៍ថា៖ ដំបូងឡើយ នេះគ្រាន់តែជាគំនិត ចក្ខុវិស័យ ក្តីស្រមៃ និងគោលដៅពង្រឹងបណ្តាញសមាហរណកម្មថាមពលក្នុងតំបន់ប៉ុណ្ណោះ។ ថ្ងៃនេះ យើងបានឈានដល់គោលដៅបន្ថែមទៀតរបស់យើងក្នុងការអនុវត្តគម្រោងឡាវ ថៃ ម៉ាឡេស៊ី និងសិង្ហបុរី (LTMS) ទៅកាន់ប្រទេសសិង្ហបុរី

លោក ចាន់ថាប៊ុន ជឿជាក់ថា គម្រោងនេះនឹងក្លាយជាព្រឹតិ្តការណ៍ដ៏គួរឱ្យកត់សម្គាល់មួយទៀត សម្រាប់គោលដៅធំជាងមុន ក្នុងការសម្រេចបានបណ្តាញថាមពលអាស៊ាននាពេលខាងមុខ។

នៅឆ្នាំ 2017 កន្លងទៅ, EDL បានចាប់ផ្តើមបេសកកម្មលក់ថាមពលទៅ ប្រទេសម៉ាឡេស៊ី ជាមួយនឹងការផ្ដើមនៃគម្រោងឡាវ ថៃ និងម៉ាឡេស៊ី (LTM)។ គម្រោងនេះគឺជានិមិត្តសញ្ញានៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាង EDL អាជ្ញាធរអគ្គិសនីថៃ (EGAT) និង Tenaga Nasional Berhad (TNB) នៃប្រទេសម៉ាឡេស៊ី។