រាជធានីភ្នំពេញ៖ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជា បានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ KHQR ជាផ្លូវការ ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន ក្នុងការទូរទាត់ប្រាក់ មានសុវត្ថិភាព ងាយស្រួល និងមានស្ដង់ដារ។

KHQR គឺជាកូតស្តង់ដាររួម (EMV) ដែលត្រូវបានអភិវឌ្ឍដោយធនាគារជាតិនៃកម្ពុជា ហើយអាចឱ្យកម្មវិធីទូរស័ព្ទរបស់សមាជិក (បច្ចុប្បន្ន ៣៧គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ) អាចស្កេន KHQR និងធ្វើការទូទាត់ប្រាក់បាន។ កម្មវិធីទូរស័ព្ទរបស់គ្រឹះស្ថានជាសមាជិកបាគងនីមួយៗក៏មានស្តង់ដារ KHQR ដែរ ព្រមទាំងអាចស្កេនទូទាត់គ្នាទៅវិញទៅមកបានផងដែរ។ 

លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា៖ គិតមកដល់ពេលបច្ចុប្បន្ន មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន៣៧បានចូលរួមអភិវឌ្ឍមុខងារ KHQR ក្នុងនោះ២៩គ្រឹះស្ថាន បានដាក់ឱ្យដំណើរការសាកល្បងប្រកបដោយជោគជ័យ តាមហាងលក់ទំនិញរបស់ពាណិជ្ជករប្រមាណ ២៣០,០០០ ទីតាំង

ការបង្កើតនូវប្រព័ន្ធ KHQR ធ្វើឡើងស្របពេលជាមួយគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានផ្ដល់ សេវាទូទាត់សងប្រាក់ បាននិងកំពុងប្រកួតប្រជែង ក្នុងការដាក់ឱ្យប្រើប្រាស់សេវាទូទាត់ឌីជីថល ប្រកបដោយនវានុវត្តន៍ ជាពិសេសការទូទាត់ និងផ្ទេរប្រាក់តាមមធ្យោបាយអេឡិចត្រូនិកដូចជា សេវាធនាគារអ៊ីនធឺណិត សេវាធនាគារចល័ត សេវាទូទាត់ចល័ត ដែលរួមមានការទូទាត់តាមឃ្យូអរកូត (QR Code) ផងដែរ។

លោកស្រី ជា សិរី៖ ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ KHQR ថ្ងៃនេះ នឹងចូលរួមចំណែកជំរុញនវានុវត្តន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុលើការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុប្រកបដោយជំនឿទុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្ន ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល