សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

មនុស្សភាគច្រើនគិតថាការងារឯករាជ្យ (Freelance) គឺជាអាជីពដ៏អស្ចារ្យមួយ ពោលគឺអ្នកមានសេរីភាពដែលអាចធ្វើការពីទីណាក៏បាន ពេលណាក៏បាន និងដោយវិធីណាក៏បាន។ ប៉ុន្តែគ្រប់យ៉ាងដែលអ្នកឃើញវិជ្ជមាន សុទ្ធតែមានចំណុចអវិជ្ជមានរបស់វាដែលអ្នកគួរពិចារណាឱ្យបានដិតដល់។ បើអ្នកកំពុងអេះអុញក្នុងការសម្រេចចិត្តថាតើគួរប្ដូរទៅធ្វើជា Freelance វិញដើម្បីទទួលបានសេរីភាព និងឯករាជ្យភាពដូចរៀបរាប់ខាងលើ អ្នកគួរអានអត្ថបទនេះសិនមុនធ្វើការសម្រេចចិត្តចុងក្រោយ។

១. អ្នកអាចនឹងមានអារម្មណ៍ឯកោ

ការធ្វើការដោយខ្លួនឯងអាចជារឿងល្អ ប៉ុន្តែយូរៗទៅ អ្នកអាចនឹងមានអារម្មណ៍បែបឯកោ ព្រោះកន្លែងដែលអ្នកធ្វើការនោះគឺជាកន្លែងផ្ទាល់ខ្លួនដូចជាក្នុងបន្ទប់ ឬ​ផ្ទះជាដើម។ ដូច្នេះអ្នកគួរចេញទៅខាងក្រៅធ្វើការនៅកន្លែងណាដែលអ្នកអាចមានអ្នកជជែកលេង ដើម្បីផ្លាស់ប្ដូរយោបល់ បង្កើតទំនាក់ទំនង ដែលវានឹងធ្វើឱ្យការងាររបស់អ្នកកាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះ។

២. អាចនឹងបង្កើតទម្លាប់អាក្រក់ដោយមិនដឹងខ្លួន

មែន! ការធ្វើការដោយមិនចាំបាច់ទៅកន្លែងធ្វើការគឺជារឿងដ៏ល្អមួយ។ អ្នកអាចអង្គុយមុខកុំព្យូទ័រ ធ្វើការពីលើគ្រែ ទាំងមិនបាច់ប្ដូរខោអាវគេងក៏បាន។ វាស្ដាប់ដូចជាអស្ចារ្យណាស់ ប៉ុន្តែយូរៗទៅអ្នកអាចនឹងចាប់អារម្មណ៍ថា អ្នកភ្លេចងើបទៅលុបមុខ ឬងូតទឺក២ថ្ងៃជាប់គ្នាផងក៏ថាបាន ឬទម្លាប់មិនញ៉ាំអាហារពេលព្រឹកដោយសារតែខ្ជិល ចង់បញ្ចប់ការងារដែលកំពុងធ្វើក៏មាន។ ដូច្នេះហើយ ទោះបីជាអ្នកចង់ធ្វើការងារឯករាជ្យ អ្នកក៏គួរដាក់កាលវិភាគខ្លួនឯងឱ្យបានច្បាស់លាស់ និងជៀសវាងនៅតែក្នុងផ្ទះដែលអាចនាំឱ្យមានទម្លាប់អាក្រក់ទាំងនោះដោយមិនដឹងខ្លួន។

៣. ពិបាកកំណត់ទំហំការងារ និងប្រាក់ខែឱ្យបានស្ថិតស្ថេរ

ដោយសារតែការងារ Freelance គឺផ្អែកទៅលើអតិថិជនដែលនឹងមករកអ្នក ហេតុនេះហើយអ្នកអាចនឹងពិបាកក្នុងការកំណត់ថាតើអ្នកអាចមានការងារធ្វើច្រើននៅពេលណា ហើយចំណូលបានប៉ុណ្ណាឱ្យស្ថិតស្ថេរ។​ ប្រសិនបើអ្នកមានអតិថិជនដែលមិនអាចផ្ដល់ឱ្យអ្នកគ្រប់នូវចំណូលដែលអ្នកចង់បាន នោះអ្នកនឹងត្រូវស្វែងរកអតិថិជនថែម ការងារបន្ថែមដើម្បីឱ្យគ្រប់អ្វីដែលអ្នកត្រូវការ។ នេះអាចជាចំណុចដ៏រសើបមួយសម្រាប់អ្នកដែលចង់ប្រឡូកក្នុងការងារ Freelance ថ្មីៗ ហើយចង់ចាកចេញពីការងារពេញម៉ោង គួរពិចារណាឡើងវិញជាមុនសិន។

៤. អ្នកមិនអាចកំណត់បានថា គួរបញ្ឈប់នៅពេលណា

ការងារជា Freelance មានន័យថា បើអ្នកមិនធ្វើការ អ្នកនឹងមានអារម្មណ៍ថាអ្នកនឹងបាត់ចំណូល។ ហេតុនេះហើយ សម្រាប់អ្នកធ្វើការ Freelance ក្នុងផ្នែកមួយចំនួនអាចនឹងទន្ទេញឃ្លាថា "បង្ហើយការងារមួយទៀតសិន មុនចូលគេង" ដែលជាហេតុនាំឱ្យពួកគេត្រូវជ្រុលខ្លួនបន្តរហូតដល់យប់ជ្រៅ ឬទៀបភ្លឺជាញឹកញាប់ដោយមិនដឹងខ្លួន។ ដូច្នេះដើម្បីរក្សាបានទាំងគុណភាពការងារ និងសុខភាពផ្ទាល់ខ្លួន អ្នកគួរចេះបែងចែកកាលវិភាគការងារឱ្យបានច្បាស់លាស់ ទាំងម៉ោងញ៉ាំអាហារ និងម៉ោងសម្រាក កុំធ្វើឡូកឡំគ្នាគ្មានពេលវេលាច្បាស់លាស់នោះ៕