ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេ នៅត្រឹមថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ សេចក្តីព្រាងច្បាប់ថ្មី ស្តីពីការវិនិយោគនឹងត្រូវគណៈរដ្ឋមន្ត្រីបើកកិច្ចប្រជុំពេញអង្គពិនិត្យ និងពិភាក្សា បីឈានដល់ការធ្វើសម្រេចសេចក្ដីព្រាងច្បាប់ជាផ្លូវការ មុនពេលបញ្ជូនទៅរដ្ឋសភា ខណៈដែលគេជឿជាក់ថា តាមរយៈច្បាប់ថ្មីស្ដីពីការវិនិយោគនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយជំរុញឲ្យមានកំណើននៅក្នុងវិស័យអចលនទ្រព្យ។

នៅក្នុងច្បាប់វិនិយោគថ្មី បានអនុគ្រោះនិងជួយសម្រួលដល់បណ្តា​វិនិយោគិនជាច្រើន ដែលមានគម្រោងវិនិយោគនិងអភិវឌ្ឍន៍ក្រោមទុន១០លានដុល្លារ អាចសុំការសម្រេចត្រឹមអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ខណៈដែលច្បាប់ចាស់បានអនុញ្ញាតក្នុងតម្លៃទុនវិនិយោគក្រោម ២លានដុល្លារប៉ុណ្ណោះ ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោកឧកញ៉ា​ លឹម ហេង បានមានប្រសាសន៍ថា  សេចក្តីព្រាងច្បាប់ថ្មីនេះ អនុគណៈ​កម្មា​ធិការវិនិយោគខេត្តរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចមានសិទ្ធិសម្រេចអនុម័តលើគម្រោងវិនិយោគដែលមានតម្លៃក្រោម ១០លាដុល្លារ និង​រៀបចំ​ច្រកចេញចូលតែមួយ ដោយមិនចាំបាច់រត់ឯកសារមកកាន់ភ្នំពេញដូចពីមុនទៀតនោះទេ ដែលច្បាប់ចាស់អាចអនុម័តបានត្រឹមតែ ២លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។

លោកឧកញ៉ាបានបញ្ជាក់ថា ៖ “កាលពីមុន អនុគណៈកម្មាធិការវិនិយោគខេត្តរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចមានសិទ្ធិសម្រេចអនុម័តលើគម្រោង​វិនិយោគ ​ដែល​មានតម្លៃយ៉ាងច្រើនត្រឹម២លានដុល្លារប៉ុណ្ណោះ ដែលអាចជាបញ្ហារាំងស្ទះដល់គម្រោងវិនិយោគធំៗមួយចំនួន ឬអូសបន្លាយពេលវេលា​ក្នុង​ការ​ទទួលបានឯកសារ និងការសម្រេចទៅលើគម្រោងវិនិយោគ ដែលមានតម្លៃលើសពី២លានដុល្លារ ប៉ុន្តែក្រោយពេលច្បាប់នេះចូលជាធរមាន នោះ​នឹង​ជួយ​សម្រួលនិងទាក់ដល់គម្រោងវិនិយោគថ្មីបន្ថែមយ៉ាងច្រើនជាពិសេសនៅតាមបណ្តាខេត្តសំខាន់ៗមួយចំនួន”។

ពាក់ព័ន្ធទៅនឹងការអនុម័តនិងដាក់ចូលជាធរមាននៃច្បាប់វិនិយោគថ្មីនេះ អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជាលោកឧកញ៉ា លឹម ហេង បានមាន​ប្រសាសន៍បញ្ជាក់ថា វានឹងជួយដល់គម្រោងវិនិយោគនិងអភិវឌ្ឍនៅក្នុងវិស័យជាច្រើន រាប់ទាំងវិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យទេសចរណ៍នោះទេ សូម្បីតែវិស័យអចលនទ្រព្យក៏ទទួលបានផលប្រយោជន៍យ៉ាងច្រើនផងដែរ ហើយតម្លៃអាចនឹងកើនឡើងជាងពេលបច្ចុប្បន្ននេះជាក់ជាមិនខាន។

លោកឧកញ៉ាបានថ្លែងយ៉ាងដូច្នេះថា គម្រោងវិនិយោគដែលមានតម្លៃក្រោម១០លានដុល្លារមិនមែនមានតែវិស័យឧស្សាហកម្មនោះទេ ក្នុងនោះក៏មាន​វិស័យទេសចរណ៍ វិស័យអចលនទ្រព្យផងដែរ ដូចជាការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានបែបលំហែរ គម្រោងសាងសង់សណ្ឋាគារ គម្រោងអភិវឌ្ឍ​តំបន់​កម្សាន្តកែច្នៃជាដើម ដែលសុទ្ធតែពាក់ព័ន្ធទៅនឹងការប្រើប្រាស់ដីធ្លី និងសំណង់ហើយសូម្បីតែគម្រោងវិនិយោគក្នុងវិស័យ​ឧស្សាហកម្ម ក៏តម្រូវ​មានការ​សាង​សង់រោងចក្រនិងសហគ្រាសដែរ ដូច្នេះចង់ៗមិនចង់វានឹងជំរុញឲ្យតម្លៃដីដែលជាផ្នែក​មួយនៅក្នុងវិស័យ​អចលនទ្រព្យ​មានការកើនឡើង។

ដូចទៅនឹងប្រសាសន៍លើកឡើងរបស់អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោកឧកញ៉ា លឹម ហេង ខាងលើនេះ បច្ចុប្បន្នគេសង្កេតមានគម្រោងវិនិយោគនិងអភិវឌ្ឍន៍តំបន់ទេសចរណ៍ និងកម្សាន្តគម្រោងសាងសង់លំនៅដ្ឋានបែបលំហែរនៅតាមបណ្តាខេត្ត ដែលមានសក្ដានុពលក្នុងវិស័យទេសចរណ៍ដូចជា​ខេត្តកំពត កែប កោះកុង រតនៈគីរី និងមណ្ឌលគីរី កំពុងកើនឡើងនូវគម្រោងជាច្រើន ដែលជំរុញឲ្យតម្លៃដីដែលធ្លាប់តែ​ស្ថិតនៅក្រៅ​ក្រសែ​ភ្នែក​អ្នក​វិនិយោគ​ប្រែជាឡើងថ្លៃជាបន្តបន្ទាប់ដោយនឹកស្មានមិនដល់៕