វិធានការណ៍លើក្រដាសប្រាក់ 1$ 2$ និង5$ បានក្លាយជាប្រធានបទយ៉ាងមានប្រជាប្រិយភាពសម្រាប់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ននេះ ព្រោះប្រជាជនជាច្រើននាក់មានកាន់ក្រដាសប្រាក់ប្រភេទនេះនៅក្នុងដៃ ជាពិសេសអ្នកដែលប្រកបរបរលក់រាយ។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា ការចាត់វិធានការណ៍របស់ធនាគារជាតិនៃកម្ពុជាចំពោះលុយដុល្លាររាយនេះ ជារឿងចំណេញសម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយជាផ្នែកវិជ្ជមានផងដែរសម្រាប់លើកតម្កើងប្រាក់រៀលរបស់ខ្មែរ។
លោកបណ្ឌិត ចាន់ សុផល អ្នកជំនាញសេដ្ឋកិច្ចបានបញ្ជាក់ថា លោកគាំទ្រចំពោះចំណាត់ការ របស់ធនាគារជាតិនៃកម្ពុជាចំពោះប្រាក់ដុល្លាររាយៗទាំងអស់នេះ។ លោកបញ្ជាក់ថា ការធ្វើដូចនេះ នាំឱ្យកម្ពុជាចំណេញបានពីការបោះពុម្ពក្រដាសប្រាក់ថ្មី យកមកជំនួសពួកវា។ ជាទៅទូប្រទេសណាបោះពុម្ពរូបិយប័ណ្ណបានប្រទេសនោះចំណេញច្រើន។ ឧទាហរណ៍ប្រទេសអាមេរិកចំណាយតែ 2សេនប៉ុណ្ណោះសម្រាប់ការបោះពុម្ពក្រដាសប្រាក់100ដុល្លារ។
លោកបណ្ឌិត ចាន់ សុផល បានលើកឡើងថា៖ «បើតាមខ្ញុំយល់ គេអាចឱ្យអ្នកមានក្រដាសប្រាក់ទាំងនេះដូរតាមកន្លែងប្តូរប្រាក់យកប្រាក់រៀល ហើយឱ្យចំណេញ10% ថែមទៀតដើម្បីប្រមូលឆាប់អស់ពីទីផ្សារ»។
អ្នកជំនាញខាងលើបានបន្ថែមទៀតថា ការបោះពុម្ពក្រដាសប្រាក់រៀលជំនួសពួកវា (ក្រដាសប្រាក់ដុល្លាររាយ) ទំនងជាចំណេញច្រើនជាង 10% ឆ្ងាយណាស់។ គេអាចអនុវត្តកម្មវិធីនេះរយៈពេលពីរ ឬបីខែ ដោយមិនអនុញ្ញាតឱ្យមានការនាំចូលក្រដាសប្រាក់តម្លៃទាបៗនេះតទៅទៀតពីបរទេស។ បន្ទាប់ពីនេះ គេអាចដូរបានតាមកន្លែងប្តូរប្រាក់ និងតាមធនាគារជាតិជាចុងក្រោយ ដោយកាត់តម្លៃ 10% ទៅវិញ។
ពាក់ព័ន្ធនឹងបញ្ហាក្រដាសប្រាក់ដុល្លាររាយៗនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលប្រកាសហើយថា នៅតែអាចចរាចរណ៍បានលើទីផ្សារជាធម្មតា ខណៈយន្តការនៃការចាត់វិធានការណ៍របស់ធនាគារជាតិនៃកម្ពុជាគ្រាន់តែជាផ្នែកមួយដើម្បីកាត់បន្ថយចំនួនប្រាក់ដុល្លារប្រភេទនេះនៅកម្ពុជាតែប៉ុណ្ណោះ មិនមែនមានន័យថាឈប់ចាយនោះទេ។ តែទោះជាយ៉ាងនេះក្តី ប្រជាជនមួយចំនួនហាក់មានការបារម្ភ និងចាប់ផ្តើមឈប់ចាយស្របពេលដែលមានអ្នកខ្លះបង្ហាញការយល់ឃើញផ្សេងៗគ្នាជុំវិញបញ្ហានេះ ដោយក្នុងនោះមានទាំងភាពរីករាយ និងការព្រួយបារម្ភ។
អ្នកជំនាញផ្នែកហិរញ្ញវត្ថុ លោក ង៉ែត ជូ បានលើកឡើងពាក់ព័ន្ធនឹងបញ្ហានេះថា ខ្ញុំគាំទ្រការឈប់ចាយក្រដាសប្រាក់តូចៗ ព្រោះយើងអាចជំនួសដោយការចាយប្រាក់រៀលយ៉ាងងាយស្រួល និងវិធីសាស្ត្រជំហានៗឈានទៅរកការកាត់បន្ថយការប្រើប្រាក់ដុល្លារក្នុងសេដ្ឋកិច្ចកម្ពុជា។ ចាប់ពីថ្ងៃនេះ បើមានក្រដាសប្រាក់ 1$ 2$ ឬ5$ អាចយកទៅបង់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលប្រជាជនជំពាក់បាន។ នេះជាពេលវេលាល្អដ៏មមាញឹក ដែលគ្រឹះស្ថានទាំងនោះត្រូវទទួលយកក្រដាសប្រាក់ដុល្លារតូចៗ។
លោក ង៉ែត ជូ បញ្ជាក់ផងដែរថា មកដល់ពេលនេះធនាគារជាតិនៃកម្ពុជាមិនទាន់មានសេចក្តីសម្រេចជាក់លាក់ថាឱ្យឈប់ចរាចរណ៍ក្រដាសប្រាក់ទាំងនោះទេ។
គួរបញ្ជាក់ថា បើតាមស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ច កាលណាប្រជាជនចាប់ផ្តើមចាយក្រដាសប្រាក់របស់ប្រទេសខ្លួនមានន័យថាប្រទេសនោះចំណេញច្រើន ព្រោះការចាយលុយជាតិមានន័យថាជាការធ្វើឱ្យក្រដាសប្រាក់ទាំងអស់នោះមានតម្លៃខ្ពស់។ ជាក់ស្តែង ក្រដាសប្រាក់មួយសន្លឹកគេចំណាយត្រឹមតែប៉ុន្មានសេន ឬត្រឹមតែប៉ុន្មានរយរៀលតែប៉ុណ្ណោះដើម្បីបោះវាចេញ តែក្រោយពេលដែលវាត្រូវបានគេចាយនោះរូបិយប័ណ្ណនោះនឹងក្លាយជារបស់មានតម្លៃ2ម៉ឺន 5ម៉ឺន ឬច្រើនម៉ឺនទៅតាមទំហំដែលបានកំណត់ដោយធនាគារកណ្តាល។ ហេតុនេះការចូលរួមចាយលុយរៀល ជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចឱ្យកាន់តែមានភាពល្អប្រសើរ៕