ភ្នំពេញ៖ ដោយមើលឃើញពីគម្រោងអភិវឌ្ឍន៍ដីឡូតិ៍មួយចំនួន ដែលកំពុងអនុវត្តខុសស្តងដារ និងបទដ្ឋានគតិយុត្តិ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ បានណែនាំដល់ម្ចាស់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ ត្រូវគិតគូរពីការរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងគម្រោង ឱ្យបានត្រឹមត្រូវទៅតាមការកំណត់នៃច្បាប់នគរូបនីយកម្មដើម្បីបង្កភាពងាយស្រួលដល់អិតិថិជនរបស់ខ្លួន។

លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានមើលឃើញថា គម្រោងអភិវឌ្ឍដីឡូតិ៍មួយចំនួន ហាក់មិនបានរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានត្រឹមត្រូវនោះទេ ដូចជាការរៀបចំប្រព័ន្ធបង្ហូរទឹក និងបណ្តាញភ្លើង ហើយគម្រោងតិចណាស់ដែលធ្វើបាន និងគម្រោងមួយចំនួនទៀតធ្វើមិនបាន។

លោកបន្តថា សម្រាប់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ដែលបានរៀបចំឱ្យមានប្រព័ន្ធលូ ទឺក និងបណ្តាញភ្លើង គឺទទួលបានអត្រាជោគជ័យខ្ពស់ ហើយគេបានបន្តទៅអភិវឌ្ឍន៍មួយគម្រោងហើយ ថែមមួយគម្រោងទៀត ហើយបន្តកាន់តែជោគជ័យ ខណៈដែលមានគម្រោងអភិវឌ្ឍដីឡូតិ៍មិនច្បាស់លាស់  តែងតែបរាជ័យ។ 

លោកថ្លែងថា៖ “យើងមិននិយាយក្រុមហ៊ុនណា ឬអ្នកអភិវឌ្ឍន៍ណាទេ ប៉ុន្តែត្រូវតែពង្រឹងស្តង់ដារ គោរពបទដ្ឋានគតិយុត្ត និងរៀបចំឱ្យមានប្រព័ន្ធលូ ទឹក ភ្លើង និងពង្រឹងគុណភាពឱ្យបានត្រឹមត្រូវ នោះនឹងទទួលបានការគាំទ្រពីអតិថិជន និងជោគជ័យចំពោះគម្រោងរបស់គេជាមិនខាន។ គួរចំណេញតិច ប៉ុន្តែលក់ឱ្យបានច្រើនគម្រោងនៅក្នុងពេលដ៏ខ្លី ប្រសើរជាងចង់បានចំណេញច្រើនតែមួយគ្រា ហើយក៏ទ្រឹងនៅមួយកន្លែងតែម្ដង”។   

លោក អ៊ូ វុទ្ធី អគ្គនាយក្រុម Top Investment  Cambodia Realty ដែលជាអ្នកអភិវឌ្ឍន៍គម្រោងដីឡូតិ៍បានទទួលស្គាល់ដែរថា ករណីខាងលើនេះ វាអាចនឹងកើតឡើងចំពោះអ្នកអភិវឌ្ឍន៍ដីឡូតិ៍មួយចំនួន ដែលមិនមានច្បាប់ទម្លាប់ និងគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ប៉ុន្តែ ដោយឡែកសម្រាប់ក្រុមហ៊ុនដែលមានច្បាប់ និងអាជ្ញាបណ្ណអភិវឌ្ឍន៍ត្រឹមត្រូវ និងជាអ្នកអភិវឌ្ឍន៍ពិតប្រាកដ តែងតែគោរពតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាល។ 

លោកបញ្ជាក់ថា សម្រាប់ក្រុមហ៊ុនរបស់លោក រាល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធតែងតែអនុវត្តទៅតាមសេចក្តីណែនាំរបស់ក្រសួងពាក់ព័ន្ធ ទាំងផ្លូវ បង្គោលឡូតិ៍ បណ្តាញលូ និងបង្គោលភ្លើងទៅតាមអ្វីដែលបានកំណត់បទដ្ឋាន ដើម្បីមានតម្លាភាពក្នុងការអភិវឌ្ឍន៍ និងផ្តល់សេចក្តីទុកចិត្តដល់អ្នកទិញដីឡូតិ៍។ 

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីឆ្នាំ២០២០ ឱ្យដឹងថា ម្ចាស់អាជីវកម្មដីឡូតិ៍ទាំងអស់ ដែលមានទំហំដីក្រោម ១០,០០០ ម៉ែត្រការ៉េ ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតអាជីវកម្មដីឡូតិ៍នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត។ ចំណែកឯ ម្ចាស់អាជីវកម្មដីឡូតិ៍ទាំងឡាយណាដែលមានទំហំដីចាប់ពី១០,០០០ ម៉ែត្រការ៉េឡើង ត្រូវដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណអភិវឌ្ឍដីឡូតិ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បន្ថែមពីនេះ ម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូតិ៍ទាំងអស់ ដែលមិនចូលរួមអនុវត្តតាមការអំពាវនាវនេះ ក្រសួង ឬមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងចាត់វិធានការរដ្ឋបាល និងធ្វើការផាកពិន័យ ស្របតាមប្រកាសលេខ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។ 

ក្នុងមាត្រា៤៤នៃសេចក្តីជូនដំណឹងខាងលើបានចែងថា ការប្រកបអាជីវកម្មអភិវឌ្ឍដីឡូតិ៍គ្មានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ឬប្រកាសលក់មុនទទួលបានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ត្រូវទទួលរងពិន័យអន្តរការណ៍ពីក្រសួង ឬមន្ទីរចំនួន ៥០.០០០.០០០ រៀល។ ក្នុងករណីមិនរាងចាល ចំនួនទឹកប្រាក់ផាកពិន័យនេះ ត្រូវគុណទ្វេដង រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ត៕