ខេត្តសៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ​ទទួល​បាន​សិទ្ធិ​វិនិយោគ​ដោយ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ (AIAI) ដែល​ជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Yunnan Investment Holdings របស់​ចិន​ក្នុង​ចំនួន​ទឹកប្រាក់ ៨៨០​លាន​ដុល្លារ និង​ត្រូវបាន​សាងសង់​លើ​ផ្ទៃដី ៧៥០ ​ហិកតា។

តាមគម្រោង អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ នឹងសាងសង់ជា៣ដំណាក់ ដែលដំណាក់កាលទី១ អាចទទួលបានអ្នកដំណើរ ប្រមាណ ៧លាននាក់ ក្នុងមួយឆ្នាំ និងការសង់ដំណាក់កាលទី២ អាចទទួលអ្នកដំណើរបាន ១០លាននាក់ ដំណាក់កាលទី៣ នឹងអាចទទួលអ្នកដំណើរបានដល់ ២០លាននាក់។

អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ ស្ថិត​នៅក្នុង​លំដាប់ 4E ដោយមាន​ផ្លូវ​រត់​ប្រវែង ៣,៦០០ ​ម៉ែត្រ ទទឹង ៤៥​ ម៉ែត្រ មាន៣៨ ចំណត​យន្តហោះ និង​មាន​ក្រឡា​ផ្ទៃ​ស្ថានីយ​អ្នកដំណើរ​ជាង ៨ ​ម៉ឺន​ម៉ែត្រការ៉េ​ ស្ថិតក្រោម​កិច្ចព្រមព្រៀង​គម្រោង​វិនិយោគ BOT ៥៥ ​ឆ្នាំ​។

គិតត្រឹមចុងខែមីនា ឆ្នាំ២០២២នេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី សម្រេចវឌ្ឍនភាព ការងារបានចំនួន២៦,៧%ហើយ ក្នុងនោះ៖ កំណាត់ផ្លូវចាប់ពីអាកាសយានដ្ឋានមកដល់ផ្លូវជាតិលេខ៦៤ អ៊ុតកៅស៊ូបានប្រវែង៧,៦៥%គីឡូម៉ែត្រ និងកំណាត់ផ្លូវចាប់ពីផ្លូវជាតិលេខ៦៤ មកដល់ផ្លូវជាតិលេខ៦ ការងារឈូសឆាយសម្អាតបានប្រវែង៨គីឡូម៉ែត្រ លើប្រវែងសរុប១៦,៥ គីឡូម៉ែត្រ និងការងារកាយ ដីគ្មានគុណភាពបានប្រវែង៣០០ម៉ែត្រ។

ដោយឡែកគម្រោងសាងសង់ផ្លូវហាយវ៉េ តភ្ជាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅកាន់ផ្លូវ ជាតិលេខ៦ ត្រង់គីឡូម៉ែត្រលេខ២៩៤ មានប្រវែងសរុប ២៤,១៣៣ គីឡូម៉ែត្រ ដែលក្នុងនោះ កំណាត់ទី១ សាងសង់ជាបួនគន្លង មានទទឹងផ្លូវ២៣,៥ម៉ែត្រ (ចាប់ពី K០+១០០ ដល់ K២+១០០) និងកំណាត់ទី២ សាងសង់ជាពីរគន្លង មានទទឹងផ្លូវ១២,៥ម៉ែត្រ (ចាប់ពី K២+១០០ ដល់ K២៤+១៣៣)។

តាមរយៈអាកាសយានដ្ឋាន​ថ្មី​នេះ ​គឺជា​គម្រោង​កម្រិត​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ចិន និង​កម្ពុជា ដែល​នឹង​នាំមក​នូវ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​ជំនួស​អាកាសយានដ្ឋាន​ចាស់​ដែល​មិនអាច​ទទួល​យន្តហោះ​ធំៗ និង​មកពី​តំបន់​ឆ្ងាយៗ​ ។ មួយវិញទៀត វា​នឹង​ធ្វើឱ្យ​តំបន់​នៅ​ជុំវិញ​អាកាសយានដ្ឋាន​នេះ មាន​ការរីកចម្រើន​ផងដែរ​៕