កម្ពុជាបានកំណត់គោលដៅយ៉ាងសំខាន់មួយ គឺត្រូវអភិវឌ្ឍខ្លួនឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ2030 និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ 2050។ ដើម្បីសម្រេចគោលដៅនេះ ប្រទេសយើងចាំបាច់ត្រូវតែជំរុញឱ្យប្រជាជនទាំងអស់ មានចំណូលកើនឡើង ដែលវាជាផ្នែកយ៉ាងសំខាន់មួយក្នុងការជំរុញឱ្យផលិតផលក្នុងស្រុកសរុបមានការកើនឡើង។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និងដឹកជញ្ជូន បានលើកឡើងថា សហគ្រិនភាពជាផ្នែកយ៉ាងសំខាន់ខ្លាំងណាស់ ដើម្បីជំរុញកម្ពុជាឱ្យសម្រេចគោលដៅអភិវឌ្ឍ​ ព្រោះកាលណា​កម្ពុជាសំបូរទៅដោយក្រុមហ៊ុនសហគ្រាស នោះយើងនឹងអាចអូសទាញបាននូវប្រភពចំណូលជាច្រើន​ មកចាក់ចូលក្នុងសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង ប្រសិនបើគ្រប់តំបន់​ចាប់ផ្តើមមានសហគ្រាសធនតូច និងមធ្យមច្រើន នោះ​ម្ចាស់សហគ្រាសនីមួយៗនឹងអាចទាញយកផលចំណេញ​បានច្រើន ពីក្នុងចំណែកទីផ្សារ​សម្រាប់បន្តអភិវឌ្ឍ។ បន្ថែមពីលើនេះ វាក៏ជាច្រើនដ៏ល្អផងដែរក្នុងការបង្កើតឱកាសការងារសម្រាប់ប្រជាជន​ជាច្រើនផ្សេងទៀត ដែលបានបញ្ចប់ការសិក្សាលើជំនាញនានា។

ឯកឧត្តម ស៊ុន ចាន់ថុល បានបន្ថែមទៀតថាសហគ្រាសធនតូច និងមធ្យម ក៏អាចជាច្រកសំខាន់ផងដែរក្នុងការជំរុញឱ្យប្រជាជនរបស់យើងប្រើប្រាស់អស់លទ្ធភាពដើម្បីអភិវឌ្ឍគ្រប់ទីកន្លែង។ មូលហេតុសំខាន់ដែលឯកឧត្តមលើកឡើងបែបនេះ គឺដោយសារតែកម្ពុជាជាប្រទេសដែលមាន​សក្តានុពល​ទាំងផ្នែកកសិកម្ម ទេសចរណ៍និងផ្នែកផ្សេងៗទៀត។ ហេតុនេះប្រសិនបើមានសហគ្រិនច្រើន ​ត្រឡប់ទៅបង្កើតសហគ្រាស​នៅតំបន់ដែលខ្លួនរស់នៅវិញនោះយើងនឹងអាចអភិវឌ្ឍបានកាន់តែប្រសើរទាំងក្នុងទីក្រុង​ និងតំបន់ជនបទ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឯកឧត្តម ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា សហគ្រិនភាព ពិតជាមានសារៈសំខាន់​សម្រាប់ការអភិវឌ្ឍហើយអ្វីដែលកាន់តែត្រូវយកចិត្តទុកដាក់បន្ថែមទៀតនោះគឺការអភវិឌ្ឍសមត្ថភាពសហគ្រិនភាព ក្នុងយុគ្គសម័យ​បច្ចេកវិទ្យា៤.០ នេះ។ ហេតុនេះហើយ ទើបបច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡា បាន​ជំរុញឱ្យមានការយកចិត្តទុកដាក់អប់រំលើជំនាញសតវត្សទី២១ នៅគ្រប់ទីកន្លែង។បន្ថែមពីលើនេះ នៅក្នុងកម្មវិធីបង្រៀនរបស់សាលាជំនាន់ថ្មី ក៏មានបន្ថែមផងដែរនូវមុខវិជ្ជាសហគ្រិនភាព​ និងបច្ចេកវិទ្យា ដើម្បីជំរុញឱ្យ​យុវជនជំនាន់ថ្មីរបស់កម្ពុជា ​មានសមត្ថភាពនិងយកចិត្តទុកដាក់កាន់តែខ្លាំងលើជំនាញប្រកបដោយសក្តានុពលទាំងអស់នោះ៕