ភ្នំពេញ៖ សហគ្រាសនិងអាជីវកម្មមួយចំនួន ដែលដួលរលំនៅពេលបច្ចុប្បន្ននេះ ភាគច្រើនគឺបណ្តាលមកពីកង្វះទុនសម្រាប់ទ្រទ្រង់ បើទោះជាមានស្ថាប័នធានាគារឯកជនមួយចំនួន សហការក្នុងការផ្តល់កម្ចីយ៉ាងទូលាយ ខណៈដែលសហគ្រិនឬម្ចាស់អាជីវកម្មទាំងនោះ មិនចេះរៀបចំឯកសារអាជីវកម្មត្រឹមត្រូវដើម្បីអាចទទួលបានប្រាក់កម្ចីទុន។
លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយរងក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានលើកឡើងថា សម្រាប់វិស័យ SME ដែលម្ចាស់អាជីវកម្មជាសហគ្រិនវ័យក្មេងនេះ ត្រូវបានយកចិត្តទុកដាក់យ៉ាងសំខាន់ពីសំណាក់រាជរដ្ឋាភិបាលជាមួយនឹងការទម្លាក់កញ្ចប់ថវិការសង្គ្រោះរាប់រយលានដុល្លារ តាមរយៈសហប្រទានជាមួយធនាគារសហគ្រាសធុនតូចនិងមធ្យម (SME Bank of Cambodia)។ ប៉ុន្តែអ្វីដែលជាឧបសគ្គរបស់ម្ចាស់សហគ្រាស ក៏ដូចជាម្ចាស់អាជីវកម្មមួយចំនួនគឺការកង្វះខាតចំណេះដឹងលើការរៀបចំឯកសារពីផែនការអាវកម្មរួមជាមួយនឹងឯកសារពាក់ព័ន្ធនានាពីសំណាក់សហគ្រិនទាំងនោះ។
លោកបណ្ឌិតបានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមកញ្ចប់ថវិកាបម្រុងជំនួយទុនសម្រាប់វិស័យ SME យ៉ាងច្រើន ដែលរហូតមកដល់ពេលនេះកញ្ចប់ថវិកាទាំងនោះក៏នៅមិនទាន់ប្រើប្រាស់អស់នៅឡើយប៉ុន្តែដែលសំខាន់បំផុតនោះគឺនៅត្រង់ថា វិស័យឯកជនដែលនិយាយសំដៅសហគ្រិនមួយចំនួន មិនចេះពីរបៀបធ្វើបែបណាអាចទៅយកលុយជំនួយកម្ចីទាំងនោះបានយកមកប្រើប្រាស់និងទប់លំនឹងអាជីវកម្មរបស់ខ្លួន»។
លោកបណ្ឌិតបន្តថា៖ «ភាគច្រើនអ្នកទាំងនោះ មិនចេះពីរបៀបនៃការរៀបចំឯកសារដើម្បីទៅយកកម្ចីជំនួយដែលអ្នកខ្លះសូម្បីតែផែនការនៃកិច្ចដំណើរការអាជីវកម្ម ទាំងរយៈពេលខ្លី ទាំងរយៈពេលវែងក៏មិនអាចសរសេរបាន ដែលចំណុចនេះគឺជារឿងសំខាន់បំផុត។
មួយវិញទៀតសម្រាប់អ្នកដែលអាចទទួលបានកញ្ចប់ថវិកាជំនួយទុន ក៏យកទៅប្រើខុសគោលដៅក៏មានដូចជាការសរសេរស្នើសុំខ្ចីសម្រាប់កិច្ចដំណើរការអាជីវកម្ម A ប៉ុន្តែពេលទទួលបានប្រាក់កម្ចីជំនួយទុន មកបែរជាយកទៅប្រើនៅក្នុងអាជីវកម្ម B ទៅវិញ ដែលទាំងអស់នេះហើយជាធាតុផ្សំក្នុងការធ្វើឲ្យដំណើរការអាជីវកម្មត្រូវដួលរលំ»។
ជាចុងក្រោយលោកបណ្ឌិត តាន់ មុនីវណ្ណ បានទទូចឲ្យម្ចាស់អាជីវកម្មធុនតូចនិងមធ្យម ទាំងអស់ជាពិសេសសហគ្រិនវ័យក្មេង គួរស្វែងយល់ពីចំណេះដឹងបន្ថែមពាក់ព័ន្ធទៅនឹងការរៀបចំឯកសារការធ្វើផែនការអាជីវកម្មចាប់ពីពេលនេះ និងបន្តទៅនឹងអនាគត ព្រោះបើគ្មានផែនការអាជីវកម្មនោះទេ នោះរាល់ប្រតិបត្តិការទាំងអស់នឹងធ្វើឡោះងក្នុងភាពប្រថុយប្រថាន ប្រៀបដូចជាមនុស្សដើរនៅក្នុងពិភពមួយដែលគ្មានផែនដីបង្ហាញផ្លូវយ៉ាងដូច្នោះដែរ៕