ភ្នំពេញ ៖ ដោយសារតែផលប្រយោជន៍ដែលទទួលបានពីកម្រៃជើងសារនៃការលក់អចលនវត្ថុ មានភាពក្រាស់ក្រែលជាងការបំពេញកិច្ចការងារនៅការិយាល័យទូទៅ បច្ចុប្បន្នគេឃើញមានយុវជន យុវនារីជាច្រើនមានការចាប់អារម្មណ៍បោះជំហានឈានចាប់យកអាជីពថ្មី ក្នុងនាមជាភ្នាក់ងារលក់អចលនវត្ថុ ដែលក្នុងនោះមានអ្នកទទួលបានផលប្រយោជន៍ក្នុងរយៈពេលខ្លី ហើយអ្នកខ្លះទៀតហាក់ជួបភាពបរាជ័យ ហើយឈានដល់ការសម្រេចចិត្តចោលទៅវិញក៏មានដែរ។
ពាក់ព័ន្ធទៅនឹងការចាប់យកជំនាញក្នុងនាមជាភ្នាក់ងារលក់អចលនវត្ថុ ដែលមានការពេញនិយមនៅពេលនេះ ប្រធានក្រុមប្រឹក្សាភិបាលសមាគម អ្នកជំនាញអចលនទ្រព្យកម្ពុជា លោក ឃាង ពុទ្ធី បានចែករំលែកនូវចំណេះដឹង រួមជាមួយនឹងការផ្តល់នូវបទពិសោធន៍ផ្ទាល់ខ្លួនផងដែរថា ការក្លាយខ្លួនមកជាភ្នាក់ងារលក់អចលនវត្ថុគឺជារឿងងាយស្រួល មិនចាំបាច់ធ្វើកិច្ចសម្ភាសន៍ច្រើនដំណាក់កាល មិនចាំបាច់មានសញ្ញាបត្រថ្នាក់បរិញ្ញា ឬបរិញ្ញាជាន់ខ្ពស់នោះទេ ក៏អាចធ្វើបានដែរ ហើយអ្នកខ្លះធ្វើឡើងក្នុងនាមជារូបវ័ន្តបុគ្គលក៏មានដែរ។
លោក ឃាង ពុទ្ធី បានមានប្រសាសន៍ថា “ឃើញគេធ្វើបាន យើងត្រូវគិតថា យើងក៏អាចធ្វើបានដែរ ប៉ុន្តែត្រូវស្ទាបស្ទង់មើលថា តើគេធ្វើយ៉ាងណាអាចសម្រេចការលក់បាន មើលពីរបៀបនៃកិច្ចទំនាក់ទំនងរបស់គេ ស្វែងយល់ពីចំណេះដឹងរបស់គេ ភាពឈ្លៀសវៃ ក្លាយហាន តស៊ូ ស្មោះត្រង់ រួមជាមួយនឹងឱកាសនៃការលក់ផងដែរ”។
លោកបានបញ្ជាក់ថា “អ្នកខ្លះគាត់អាចលក់អចលនវត្ថុបានដោយគ្មានការប្រឹងប្រែង បានន័យថាគាត់លក់បានដោយសារឱកាសដែលគេផ្ដល់ឱ្យ ព្រមទាំងសំណាងរបស់គាត់មកដល់។ នៅត្រង់ចំណុចនេះ ខ្ញុំចង់បញ្ជាក់ថា ទោះគាត់លក់បានក្នុងលក្ខខណ្ឌងាយស្រួលដូចការលើកឡើងខាងលើ លក់បានដោយសារឱកាសដែលគេផ្តល់ឱ្យ រួមជាមួយនឹងសំណាងផងដែរ ចុះបើគាត់មិនមានចំណេះដឹងពាក់ព័ន្ធទៅនឹងទីផ្សារអចលនវត្ថុដែលគាត់កំពុងលក់ គាត់មិនអាចឆ្លើយតបបានទៅនឹងការចង់ដឹងរបស់អតិថិជន គាត់មិនចេះស្វែងយល់ពីស្ថានភាព និងកម្រិតនៃការចង់បានរបស់អតិថិជន សំណួរសួរថា តើគាត់ម្នាក់នេះអាចលក់បានដែរឬទេ ហើយបើលក់បាន តើគាត់បានបែបនេះប៉ុន្មានដង? ចម្លើយគឺអត់បានច្រើននោះទេ បើទោះជាមានការផ្តល់ឱកាស បូកនឹងព្រេងសំណាងមកដល់ ក៏លទ្ធភាពនៃការលក់គ្មានភាគរយនោះទេ”។
អ្នកជំនាញរូបនេះបានបញ្ជាក់ថា “ភ្នាក់ងារលក់ដែលជោគជ័យ គឺមានផ្ទុកនូវគន្លឹះសំខាន់ជាងគេបំផុតនោះគឺចំណេះដឹង ទាំងចំណេះដឹងទូទៅ ចំណេះដឹងពាក់ព័ន្ធនឹងសេដ្ឋកិច្ចសង្គម ការនិយាយស្ដី និងកិច្ចទំនាក់ទំនង ការស្វែងយល់ពីទីផ្សារអចលនទ្រព្យដែលគាត់កំពុងស្ថិតនៅ ចំណេះដឹងផ្នែកភាសា ជាពិសេសការចេះប្រើប្រាស់នូវបច្ចេកវិទ្យាផ្សព្វផ្សាយ ដែលកំពុងមានភាពរីកចម្រើននាពេលបច្ចុប្បន្ន ដែលជាមធ្យោបាយមួយដ៏ល្អក្នុងកិច្ចជំនួយជួយជំរុញការលក់របស់ពួកគេ”។
លោកថា “ជាក់ស្ដែងនៅក្នុងឱកាសនៃសម័យកូវីដ១៩ ដែលទីផ្សាររួមមានភាពស្ងប់ស្ងាត់នេះ គួរកុំចំណាយពេលចោលដោយឥតប្រយោជន៍ ប៉ុន្តែគួរយកឱកាសនេះស្វែងយល់សិក្សាបន្ថែមឱ្យបានច្បាស់ដើម្បីជាទុនបន្ថែម លុះពេលទីផ្សារអចលនទ្រព្យវិលត្រឡប់មករកសភាពដើមវិញ យើងនឹងកាន់តែមានឱកាសច្រើនក្នុងការទទួលបានចំណែកទីផ្សារយ៉ាងពិតប្រាកដ”៕