កម្មវិធីប្រជុំតាមវីដេអូដូចជា Zoom, WebEx, Skype និង GoToMeeting គឺជាឧបករណ៍ដ៏ល្អមួយដែលអាចឱ្យអ្នកធ្វើការនៅផ្ទះអាចជួបជាមួយអ្នកសហការ និងមិត្តរួមការងារ។ វាអនុញ្ញាតឱ្យមានការសម្រេចចិត្តតាមពេលវេលាជាក់ស្តែង និងកសាងទំនាក់ទំនងផ្ទាល់ខ្លួនជាមួយមិត្តរួមការងារក្នុងពេលតែមួយ។ ខណៈពេលដែលការប្រជុំជាមួយឧបករណ៍ទាំងនេះអាចមានប្រសិទ្ធភាពតែក៏មានរឿងត្រូវប្រុងប្រយ័ត្នមួយចំនួនដែរ។ ប្រសិនបើអ្នកត្រូវការចូលរួមក្នុងការប្រជុំទាំងនេះ នេះគឺជារឿងមួយចំនួនដែលត្រូវចងចាំ៖
១. វីដេអូដែលបង្ហាញភាពអាម៉ាស
អ្នកប្រហែលជាគិតថារឿងនេះមិនចាំបាច់ត្រូវនិយាយទេ ប៉ុន្តែប្រសិនបើអ្នកនៅក្នុងបន្ទប់ដែលមានមនុស្សច្រើន ហើយអ្នកនឹងចូលរួមនៅក្នុងការប្រជុំតាមវីដេអូ ឬអ្នកស្ថិតនៅខាងមុខក្រុមរបស់អ្នក ស្រាប់តែអ្នកមានសកម្មភាពមិនប្រក្រតី ដូចជាកេះច្រមុះ ខាំក្រចក ឆ្កឹះធ្មេញ កុំភ្លេចថាអ្នកស្ថិតនៅក្នុងការប្រជុំការងារ។ រឿងមួយទៀតត្រូចដឹងនោះគឺ
នៅពេលដែលមានការប្រជុំតាមទូរស័ព្ទគឺត្រូវការភាពស្ងៀមស្ងាត់ ដូច្នេះសូមកុំឱ្យមានសំឡេងរំខាន។
២. បញ្ហាគ្រួសារ
ជាការពិតណាស់ រឿងគ្រួសារដូចជា កូនយំ ពេលម្ដាយប្រជុំ ជាដើមគឺជាបញ្ហាដ៏រំខាន។ ក្រៅពីនេះ ស្វាមី ឬភរិយា ឬកូនរបស់អ្នកឈរអាក្រាតកាយនៅក្នុងផ្ទៃខាងក្រោយនៃវីដេអូរបស់អ្នកក្នុងពេលប្រជុំក៏អាចប៉ះពាល់ការប្រជុំរបស់អ្នកមិនតិចដែរ។ ត្រូវប្រាកដថាក្រុមគ្រួសាររបស់អ្នកបានដឹង និងគោរពច្បាប់ការងារនៅឯផ្ទះរបស់អ្នក។
៣. បញ្ហាសត្វចិញ្ចឹម
អ្នកណាមិនស្រលាញ់សត្វចិញ្ចឹម? ប៉ុន្តែឧទាហរណ៍ថា នៅពេលដែលអ្នកកំពុងធ្វើវីដេអូប្រជុំហើយ ពេលនោះស្រាប់តែមានសំឡេងឆ្កែរបស់អ្នកព្រុស តើអ្នកនឹងធ្វើដូចម្ដេច? ដូចគ្នានេះដែរ សត្វឆ្មារបស់អ្នកបានមកជិះជាន់ ក្រឡុកលើក្តារចុច ហើយវាយបញ្ចូលពាក្យផ្សេងៗចូលទៅក្នុងការសន្ទនានោះ! តើអ្នកនឹងធ្វើដូចម្ដេច?
ប្រសិនបើមានការប្រជុំ ហើយអ្នកក៏មានសត្វចិញ្ចឹមនៅក្បែរ វាមិនមែនជាគំនិតល្អទេដែលដាក់សត្វចិញ្ចឹមរបស់អ្នកមកជាមួយក្នុងការប្រជុំការងារនោះ!
៤. ការចែករំលែកអេក្រង់រញ៉េរញ៉ៃច្រើន
ប្រព័ន្ធនៃការប្រជុំជាវីដេអូ ច្រើនអនុញ្ញាតឱ្យអ្នកចែករំលែកអេក្រង់របស់អ្នកជាមួយអ្នកដទៃនៅក្នុងការប្រជុំ។ នេះអាចឱ្យអ្នកចែករំលែកវាជាមួយសមាជិកក្រុមរបស់អ្នក ដើម្បីឱ្យពួកគេអាចមើលឃើញ។ ប្រសិនបើអ្នកមានអារម្មណ៍ចង់ចែកចាយអេក្រង់របស់អ្នកនោះ សូមចងចាំថាអេក្រង់របស់អ្នកនឹងអាចមើលឃើញដល់អ្នករាល់គ្នា។
៥. សុភាវធម៌ក្នុងការនិយាយ
ការជជែកតាមអ៊ិនធឺណិត គឺងាយស្រួល និងបានឮដល់គ្រប់ទីកន្លែង។ តើមានអ្វីខុស បើគ្រាន់តែជាការនិយាយសោះនោះ? នៅពេលនិយាយអំពីការប្រជុំតាមវីដេអូ ការជជែកអាចក្លាយជាប្រធានបទដែលទាក់ទាញការយកចិត្តទុកដាក់ពីការប្រជុំ។ សូមពិនិត្យមើលប្រព័ន្ធបច្ចេកទេសជាមុនមុននឹងចាប់ផ្ដើម។ ដូចគ្នាផងដែរ ពាក្យសម្ដីរបស់អ្នកក៏សំខាន់ផងដែរ ព្រោះក្នុងពេលប្រជុំជាពិសេសមានមនុស្សរាប់សិបនាក់នៅក្នុងការប្រជុំ ដូច្នេះសូមប្រើពាក្យពេចន៍ឱ្យបានសមរម្យ៕