សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទព័ត៌មាន អប់រំ ធុរកិច្ចល្អៗ

វាហាក់ដូចជារឿងអស់សំណើច ដែលនិយាយពីការប្រើប្រាស់ពេលទំនេរឱ្យមានប្រយោជន៍ ហើយវាមើលទៅដូចជាមិនទំនងដែលត្រូវ​គិតគូរទាំង​ពេលសម្រាកលំហែរ ឬថ្ងៃបុណ្យជាតិនោះ តែវាអាចជាចំណុចគួរពិចារណាដើម្បីឱ្យជីវិតកាន់តែប្រសើរ។

តាមពិតទៅ ជីវិតរស់នៅរបស់មនុស្សពោរពេញទៅដោយសុខនិងទុក្ខ ហេតុនេះ​ទោះបណ្តែតបណ្តោយខ្លួនដល់ណាក៏នៅតែជួបទុក្ខដែរ។ អ្វីដែលយើងអាចធ្វើបានគឺព្យាយាមគ្រប់លទ្ធភាព ដើម្បីឱ្យខ្លួនឯងស្ថិតក្នុងការគ្រប់គ្រងហើយធានាយើងមានផែនការច្បាស់លាស់ដើម្បីឱ្យការរស់នៅរបស់យើង ពោរពេញទៅដោយភាពរីករាយនិងការអភិវឌ្ឍ។

នៅថ្ងៃនេះ ក្រមា ប៉ុស្តិ៍ នឹងលើកយកសកម្មភាពសំខាន់ៗ២យ៉ាង សម្រាប់ពិចារណាដើម្បីប្រើប្រាស់ពេលវេលាឱ្យបានល្អ និងធ្វើឱ្យជីវិតកាន់តែប្រសើរ។

១. បង្ហើយការងារឱ្យអស់

ថ្ងៃឈប់សម្រាក ឬថ្ងៃបុណ្យជាតិនានា ជាពេលវេលាដែលមនុស្សគ្រប់គ្នា​រង់ចាំ តែមិនប្រាកដថាមនុស្សគ្រប់គ្នាអាចសម្រាកបាន​ដោយភាពរីករាយនោះទេ។ មានអ្នកខ្លះ ចំណាយពេលសម្រាកជាមួយនឹងភាពឈឺក្បាល ដោះស្រាយបញ្ហាមិនចេះចប់មិនចេះហើយ ឬបារម្ភពីថ្ងៃចូលទៅធ្វើការវិញត្រូវប្រឈមបញ្ហាធ្ងន់ធ្ងរនានាជាដើម។

ហេតុនេះ ជាដំណោះស្រាយ​មុនថ្ងៃឈប់សម្រាក គួរគិតគូរពីអ្វីដែលត្រូវបង្ហើយឱ្យអស់​ដើម្បីធានាថា​អ្វីគ្រប់យ៉ាងស្ថិតក្នុងការគ្រប់គ្រងហើយ​យើងអាចឈប់សម្រាកដោយស្ងប់ចិត្ត។ ទន្ទឹមនឹងគ្នានេះដែរ ​ប្រសិនបើយើង​មិនទាន់បាន​បញ្ចប់មុនពេលថ្ងៃឈប់សម្រាកមកដល់ យើងអាចសាកល្បង​បែងចែកពេលវេលាប៉ុន្មានម៉ោង​នៅពេលព្រឹកថ្ងៃសម្រាកដើម្បី​បង្ហើយឱ្យអស់។ 

ការធ្វើបែបនេះ អាចត្រូវបានគេយល់ឃើញថា​ជាការធ្វើឱ្យខ្ជះខ្ជាយ​ពេលវេលាសម្រាក តែបើគិតឱ្យបានល្អិតល្អន់ទៅវាជាការធ្វើរឿងតិចតែទទួលបានផលធំ ព្រោះបើមិនធ្វើវាទេទោះពេលវេលាសម្រាកយូរប៉ុណ្ណាក៏អាចរីករាយបានដែរ។

២.​យកពេលពិចារណា ពីការប្រើប្រាស់ធនធានឱ្យអស់លទ្ធភាព

ក្នុងការរស់នៅរបស់មនុស្សយើងម្នាក់ៗ ពេលខ្លះដោយសារតែរវល់ជាមួយការងារខ្លាំងពេក ឬរវល់ជាមួយនឹងការរកស៊ីខ្លាំងពេកយើងមិនមានពេលវេលាសម្រាប់​អភិវឌ្ឍ។ មូលហេតុនេះហើយដេលធ្វើឱ្យ​មនុស្សមួយចំនួន​ខិតខំប្រឹងប្រែងខ្លាំងតែមិនទទួលបានលទ្ធផលល្អ ឬកាន់តែខំកាន់តែជួបឧបសគ្គខណៈអ្នកខ្លះខំខ្លាំងតែ​ទទួលបានផលតិចជាដើម។

ហេតុនេះអ្វីដែលយើងអាចធ្វើបានក្នុងពេលវេលាសម្រាកនេះ យើងអាចសាកល្បង​រកពេលវេលាស្ងប់ស្ងាត់ណាមួយបន្ទាប់ពី​លម្ហែរជាមួយក្រុមគ្រួសារ ដើម្បីកត់ចំណាំពីស្ថានភាពជាក់ស្តែងដែលយើងកំពុងរស់នៅ និងធនធានដែលយើងមានដើម្បី​ច្នៃប្រើប្រាស់វាឱ្យមានប្រសិទ្ធភាព។

ចំណុចសំខាន់ដែលអាចនឹងធ្វើឱ្យជីវិតរបស់យើងផ្លាស់ប្តូរ គឺការកែច្នៃពេលវេលាដែលយើងអនុវត្តប្រចាំថ្ងៃឡើងវិញ ច្នៃ​ធនធានដែលយើងកំពុងមាន (លុយកាក់ធនធានមនុស្ស ឬ​ទំនាក់ទំនង) និង​វិធីសាស្ត្រអនុវត្តការងារនានា។ ក្រោយពេល​កត់ចំណាំបានច្បាស់ហើយ យើងនឹងមើលឃើញពីចន្លោះប្រហោងដែលត្រូវបំពេញ។ ហេតុនេះក្រោយពេល​មកពីដំណើរកម្សាន្ត ឬសម្រាកវិញជីវិតរបស់យើងនឹងទទួលបានការអភិវឌ្ឍកាន់តែខ្លាំង និងមានថាមពលកាន់តែខ្ពស់៕