រាជធានីភ្នំពេញ៖ របាយការណ៍ពីធនាគារជាតិនៃកម្ពុជា ស្តីពីការអភិវឌ្ឍន៍វិស័យនេះក្នុងឆ្នាំ ២០២១ បង្ហាញថា ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុកម្ពុជាមានភាពរឹងមាំ និងរក្សាបានភាពធន់ខ្ពស់ បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩។
ក្នុងរបាយការណ៍ បង្ហាញថា ទ្រព្យសកម្មសរុបនៃធនាគារ( ពាណិជ្ជ និងឯកទេស) នៅកម្ពុជា បានកើនឡើង ១៨.៨% ដល់ ៦០ពាន់លានដុល្លារ។ប្រភពសំខាន់នៃ ចំណូលគឺ ៦៧% បានមកពីប្រាក់បញ្ញើ ១៩% បានពីមូលនិធិភាគទុនិក និង១៤% ផ្សេងទៀតបានមកពីឥណទាន។
ការផ្តល់ប្រាក់កម្ចីពីធនាគារពាណិជ្ជ និងធនាគារឯកទេសដល់អតិថិជនមានចំនួន ៣៨.៦ លានដុល្លារគិតត្រឹមដំណាច់ឆ្នាំ២០២១ គឺបានកើនឡើង ២៤.៤% បើធៀបទៅឆ្នាំមុន។ ប្រាក់បញ្ញើបានកើនឡើង១៧% ក្នុងឆ្នាំ២០២១ ដល់ ៣៥.១ ពាន់លានដុល្លារ ខណៈដែលប្រាក់កម្ចីមិនដំណើរការមានចំនួន ២ %នៃសមាមាត្រ សរុបកាលពីឆ្នាំមុន។
របាយការណ៍ដដែលបានបង្ហាញថា៖ ទំហំឥណទាននៅបន្តកើនឡើង ដោយសារកំណើនតម្រូវការវិនិយោគនិងចំណាយផ្សេងៗតាមវិស័យដែលទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច ខណៈដែលឥណទានមិនដំណើរការនៅមានកម្រិតទាប។
ចំពោះអត្រាការប្រាក់ជាមធ្យមទាំងការប្រាក់បញ្ញើ និងអត្រាការប្រាក់ឥណទាន បានបន្តធ្លាក់ចុះ ដែលផ្តល់ផលវិជ្ជមានដល់អតិថិជនក្នុងការទទួលបានប្រភពទុនតម្លៃសមរម្យ៕