ក្នុងការគ្រប់គ្រងក្រុមហ៊ុន ឬស្ថាប័ន​នានាមានរឿងជាច្រើនដែលត្រូវយកចិត្តទុកដាក់ ដើម្បីជំរុញផែនការសកម្មភាពឱ្យដំណើរការទៅបានដោយរលូននិង​ទទួលបានភាពជោគជ័យ។ ក្នុងចំណោមចំណុចគន្លឹះទាំងអស់ ការគ្រប់គ្រងធនធានមនុស្សជាចំណុចសំខាន់មួយផងដែរដែលអ្នកគ្រប់គ្រងស្ថាប័នចាំបាច់ត្រូវយកចិត្តទុកដាក់។

លោក អួង បូរិន អ្នកជំនាញបណ្តុះបណ្តាលធនធានមនុស្ស បានលើកឡើងថា ធនធានមនុស្សគឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់ក្រុមហ៊ុននីមួយៗ ព្រោះផ្នែកនេះជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញឱ្យ​គ្រប់ដំណើរការទាំងអស់អាចអនុវត្តបានដោយរលូន។ ប្រសិនបើធនធានមនុស្សមានបញ្ហា នោះ​ចង្វាក់ផលិតកម្ម ឬសេវាកម្មក៏មានបញ្ហាដែរ។ហេតុនេះហើយទើប​គ្រប់ស្ថាប័នទាំងអស់យកចិត្តទុកដាក់ និងប្រុតប្រយ័ត្ន​លើផ្នែកមួយនេះ។

តែទោះជាយ៉ាងនេះក្តី លោកមើលឃើញថា​ស្ថាប័នមួយចំនួន​ហាក់បារម្ភច្រើនជាមួយនឹងចំនួនមនុស្ស​ មិនមែនបារម្ភជាមួយនឹងធនធានមនុស្សនោះទេ។ លោកថា​តាមពិតទៅ ការមើលទៅលើចំនួនមនុស្សនិងធនធានមនុស្សជាចំណុចខុសគ្នា។ ប្រសិនបើចង់បានចំនួនមនុស្សដើម្បីចូលមកប្រើការងារក្នុងក្រុមហ៊ុនមិនខ្វះនោះទេ តែអ្វីដែលលំបាកគឺធនធានមនុស្ស។

លោក អួង បូរិន បាននិយាយថា ៖«​បើចង់បានចំនួនមនុស្ស យើងអាចទៅផ្សារដើមគរ នឹងឃើញសុទ្ធតែមនុស្ស។យើងអាចអញ្ជើញពួកគេឱ្យចូលធ្វើការងារថ្ងៃណាក៏បានដែរ តែប្រសិនបើយើងចង់បានធនធានមនុស្សទើបយើងត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន»។

អ្នកជំនាញធនធានមនុស្សខាងលើបានលើកឡើងផងដែរថា គ្រប់ស្ថាប័នទាំងអស់មិនមែនត្រូវការត្រឹមតែចំនួនមនុស្សនោះទេតែគេត្រូវការសមត្ថភាពពិតប្រាកដ ក្នុងការបំពេញការងាររបស់មនុស្សទាំងអស់នោះ។ ហេតុនេះ​ពេលខ្លះក្នុងក្រុមហ៊ុន មិនអាចរកមនុស្សដែលមានធនធាន​ច្រើនចូលមកធ្វើការងារភ្លាមៗនោះទេ តែត្រូវ​មានកម្មវិធីច្បាស់លាស់ដើម្បីបណ្តុះបណ្តាលពួកគេ ឱ្យមានធនធានកាន់តែច្រើន។ នៅពេលសមាជិកម្នាក់ៗក្នុងក្រុមហ៊ុន មានសមត្ថភាពកាន់តែខ្លាំង នោះចង្វាក់ផលិតកម្មនិង​សកម្មភាពរបស់ក្រុមហ៊ុនកាន់តែមានថាមពល និងសក្តានុពលទៅតាមនោះដែរ៕