ភ្នំពេញ៖ ស្ថាប័នធនាគារ គឺជាគ្រឹះស្ថានសេវាហិរញ្ញវត្ថុ ដែលផលិតនិងលក់ មូលធនជាសាធារណៈប្រកបទៅដោយវិជ្ជាជីវៈ និងបានដើរតួយ៉ាងសំខាន់នៅក្នុងផ្នែក សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ធនគារមានតួនាទីសំខាន់ៗដូចខាងក្រោម៖ 

តួនាទីអន្តរការី៖ បង្វែរការសន្សំជាសាច់ប្រាក់ពីសាធារណៈជន ឲ្យទៅជាឥណទានសម្រាប់សហគ្រាសពាណិជ្ជកម្មនិងសហគ្រាសផ្សេងទៀត ដើម្បីវិនិយោគនៅក្នុងការសាងសង់ សម្ភារបរិក្ខារ ឧបករណ៍ប្រើប្រាស់និងសន្និធិ។ល។ 

តួនាទីទូទាត់៖ គឺជាការអនុវត្ដនូវការទូទាត់ផ្សេងៗសម្រាប់ទំនិញនិងសេវាកម្ម ក្នុងនាមជាអតិថិជនរបស់ពួកគេ ដូចជាការចេញនិងការទូទាត់ជំរះមូលប្បទានបត្រផ្ទេរសាច់ប្រាក់ ការទូទាត់តាមប្រពន្ធ័អេទ្បិត្រូនិច និងការដកប្រាក់តាមប្រព័ន្ធម៉ាស៊ីនទំនើបអេធីអឹម(ATM)។ 

តួនាទីជាអ្នកធានា៖ ឈរពីខាងក្រោយអតិថិជនរបស់គេ ដើម្បីធ្វើការទូទាត់ ឬសងនូវបំណុលរបស់អតិថិជន នៅពេលដែលអតិថិជនទាំងនោះមិនអាចសងឲ្យទៅម្ចាស់បំណុលរបស់គេក្នុងកាលៈទេសៈចៃដន្យ ដោយធនាគារគ្រាន់តែចេញនូវលិខិតឥណទាន ដើម្បីបង្ហាញនូវទឹកប្រាក់នៅក្នុងគណនីអតិថិជនរបស់គេ។ 

តួនាទីគ្រប់គ្រងហានិភ័យ៖ ជួយទៅដល់អតិថិជនក្នុងការរៀបចំនូវការគ្រប់គ្រងប្រតិបត្ដិការហិរញ្ញវត្ថុ សម្រាប់ការកើតមានហានិភ័យនៃការបាត់បង់ទ្រព្យសម្បត្ដិ និងជីវិតមនុស្ស។ 

តួនាទីជាទីប្រឹក្សាលើការសន្សំ៖ ជួយដល់អតិថិជនលើការផ្ដល់ការប្រឹក្សាយោបល់ សម្រាប់គោលដៅរយៈពេលវែងក្នុងការធ្វើឱ្យមានជីវិតល្អប្រសើរ ដូចជាគម្រោងសាងសង់ឬគម្រោងអាជីវកម្មផ្សេងៗ ដើម្បីជៀសវាងទុកប្រាក់សន្សំមិនចរាចរនៅលើទីផ្សារ។ 

តួនាទីជាអ្នកថែរក្សាវត្ថុមានតម្លៃ៖ ទុកដាក់វត្ថុមានតម្លៃរបស់អតិថិជន និងវាយតម្លៃប្រកបដោយភាពសុក្រិតភាពនូវតម្លៃរបស់ទ្រព្យសកម្មឬទ្រព្យសម្បត្ដិ ដែលធ្វើប្រតិបត្ដិការនៅលើទីផ្សារ។ 

តួនាទីជាភ្នាក់ងារ៖ ក្នុងនាមជាអ្នកតំណាងឲ្យអតិថិជនដើម្បីចាត់ចែង និងការពារនូវទ្រព្យសកម្មរបស់ពួកគេឬចេញនិងលស់ ឬទទួលទូទាត់លក់ចេញនិងទិញចូលនូវប័ណ្ណភាគហ៊ុននានា។ ជាធម្មតា សកម្មភាពទាំងនេះត្រូវបានផ្ដល់ឲ្យដោយនាយកដ្ឋានសច្ចភាពរបស់ធនាគារ។ 

តួនាទីអ្នកអនុវត្តគោលនយោបាយ៖ ធ្វើប្រតិបត្តិការស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងគោលបំណងឲ្យមានកំណើនសេដ្ឋកិច្ច និងឈានទៅដល់គោលដៅដែលសង្គមចង់បាន៕