សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទ ព័ត៌មានរហ័ស

ភ្នំពេញ៖ នៅក្នុងប្រទេសកម្ពុជា មានអ្នកប្រកបមុខរបរជាភ្នាក់ងារលក់អចលនវត្ថុជាច្រើនដែលអ្នកខ្លះ ក៏មានវិជ្ជាជីវៈ និងមានការទទួលស្គាល់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប៉ុន្តែមួយចំនួនទៀត ក៏មិនមានដែលជាហេតុធ្វើឱ្យបានទំនុកចិត្តពីអតិថិជន។   

លោក វ៉ា វីរៈ សមាជិកក្រុមប្រឹក្សាភិបាល របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានឱ្យដឹងថា ដើម្បីក្លាយជាភ្នាក់ងារលក់អចលនវត្ថុមួយបានត្រឹមត្រូវ និងមានវិជ្ជាជីវៈ ត្រូវតែមានការទទួលស្គាល់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើមិនមានទេ គឺមិនអាចហៅថាភ្នាក់ងារលក់អចលនវត្ថុនោះទេ ។

លោកបន្តថា មនុស្សមួយចំនួនក៏បានយល់ច្រឡំចំពោះភ្នាក់ងារអចលនវត្ថុ និងភាគច្រើនមិនបានឱ្យតម្លៃទៅលើភ្នាក់ងារអចលនវត្ថុទេ ដោយគិតថា ភ្នាក់ងារអចលនវត្ថុគ្រាន់តែជួយរកអ្នកទិញ និងអ្នកលក់ ដើម្បីឱ្យត្រូវគ្នា ដើម្បីបានកម្រៃជើងសារប៉ុណ្ណោះ។ 

ទោះជាយ៉ាងណា លោក វ៉ា វិរៈ បញ្ជាក់ថា ការគិតបែបនេះ គឺមិនត្រឹមត្រូវនេះ ព្រោះជាទូទៅគឹគេមិនហៅកម្រៃជើងសារទេ គេហៅថា ប្រាក់វិជ្ជាជីវៈ ។ នៅក្នុងប្រទេសកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ឱ្យគឺមានតែ ៣ ភាគរយ ប៉ុណ្ណោះ បើធៀបជាមួយនឹងបណ្តាប្រទេសមួយចំនួន គឹមិនច្រើននោះទេ  ។

បើទោះបីយ៉ាងនេះ ក៏ ម្ចាស់អលនទ្រព្យមួយចំនួន បានតថ្លៃឱ្យចុះមកនៅ ត្រឹម ១ ឬ  ២ ភាគរយ បន្ថែមទៀត ហើយក៏មានក្រុមហ៊ុន ឬ ភ្នាក់ងាលក់មួយចំនួនយល់ព្រមទទួលយកផងដែរ ។ ភ្នាក់អចលនទ្រព្យ សំដៅដល់ការមានវិជ្ជាជីវៈត្រឹមត្រូវ និងមានវិញ្ញាបនបត្រដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  និងមានក្រុមហ៊ុនដែរ។ ក្រៅពីនោះ គេមិនហៅថាភ្នាក់ងារអចលនវត្ថុ។

បើតាមលោក វ៉ា វិរៈ  ភ្នាក់ងារអចលនវត្ថុ ត្រូវមានជំនាញ និង ចំណេះនៅក្នុងតំបន់ដែលខ្លួនបាននឹងកំពុងប្រកបមុខរបរ  បើសិនជាភ្នាក់ងារលក់ដីធ្លី ត្រូវយល់ដឹងពីភូមិសាស្ត្រ ឱ្យបានច្បាស់លាស់ពាក់ព័ន្ធនឹង ភូមិសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធផ្សេង។ ចំណែក អ្នកដែលលក់ខុនដូ ឬ  លក់ផ្ទះ ក៏ត្រូវដឹងពីតំបន់ដែលកំពុងប្រតិបត្តិការដូចគ្នានេះដែរ  ។ 

លោកបន្ថែមថា ជំនាញមួយទៀត គឺការលក់ ដែលត្រូវធ្វើយ៉ាងណា យកអចលនវត្ថុ ឱ្យបានមកសិន ( Listings ) និងត្រូវលក់ឱ្យចេញ (Selling)។   ដើម្បីលក់ចេញ ត្រូវមានជំនាញទីផ្សារ ដែលជាដំបូងត្រូវស្គាល់ខ្លួនឯងជានណា មានបទពិសោធ និងចំណុចខ្លាំងអ្វីខ្លះ។ 

លោកថ្លែងថា «  ការលក់មិនមែនគ្រាន់តែ រងចាំអតិថិជនឱ្យទិញ និងរងចាំគេឱ្យមកទិញទេ គឹការលក់ត្រូវចេះ ស្រាយបញ្ហាជូនអតិថិជនដែលមាន  (problem solving skill)៕