ខេត្តកណ្ដាល៖ ទេសរដ្ឋមន្រ្តី ស៊ុនចាន់ថុល  បានលើកឡើងថា ក្រុមហ៊ុនសង់ផ្លូវជាតិលេខ២ និង២២ ប្រើគ្រឿងចក្រហួសសម័យ និងសង់ក្រោមស្ដង់ដាររបស់ក្រសួង។ ការលើកឡើងបែបនេះ ក្នុងពេលផ្ដល់បទសំភាសន៍ជាមួយអ្នកសារព័ត៌មាន នាថ្ងៃទី ២៣ មេសា នេះ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ក្រុមហ៊ុនសាងសង់មិនមានគ្រឿងចក្រ និងកម្លាំងពលកម្មគ្រប់គ្រាន់ជាមូលហេតុដែលនាំឱ្យការសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២មិនអាចបញ្ចប់តាមកិច្ចសន្យាកំណត់ មិនមែនបណ្តាលមកពីបញ្ហាជំងឺកូវីដ-១៩ ដូចការអះអាងរបស់ក្រុមហ៊ុននោះទេ និងបានបញ្ជាក់ពីគោលជំហរក្នុងការពង្រឹងការគ្រប់គ្រងលើការសាងសង់ឱ្យបានម៉ឺងម៉ាតដើម្បីធានាគុណភាពផ្លូវនេះជាប់បានយូរ។

គម្រោងសាងសង់ពង្រីកនិងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២ និង ២២ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២សម្រេចលទ្ធផលការងារបាន៧៦,២០%។

សូមជម្រាបជូនថា៖គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងផ្លូវនេះមានប្រវែងសរុប៧២,១៧គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅដល់អូរចំបក់មានប្រវែង ៦២,៥៦ គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ដល់អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រស្ថិតក្នុងភូមិសាស្រ្តខេត្តតាកែវ។ 

គម្រោងនេះគ្រោងចំណាយថវិកា៥៦,១លានដុល្លាសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េនិងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនHasanEngineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនDasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture គ្រោងចំណាយពេលសាងសង់៣០ខែ គិតចាប់ពីចុងឆ្នាំ២០១៩៕

ឯកឧត្តម ស៊ុន ចាន់ថុល៖ក្រុមហ៊ុនសង់ផ្លូវជាតិលេខ២និង២២ ប្រើគ្រឿងចក្រហួសសម័យ និងសង់ក្រោមស្ដង់ដារក្រសួង