រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាស្តីពី “ភាពជាដៃគូរវាងកម្ពុជា-ហុងកុង លើការស្តារឡើងវិញក្នុងយុគសម័យក្រោយវិបត្តិកូវីដ-១៩” (Rebuilding in Post-epidemic Era: Hong Kong-Cambodia Partnership) តាមប្រព័ន្ធវីដេអូ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម Edward Yau រដ្ឋមន្ត្រីពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចហុងកុង ប្រទេសចិន និងលោក សួន សុផល ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងជំរុញការវិនិយោគឯកជន ដែលជាតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមជាវាគ្មិនកិត្តិយស ព្រមទាំងតំណាងសហគ្រិនមកពីវិស័យឯកជន ចំនួនប្រមាណ ១៩០នាក់។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងសុន្ទរកថាស្វាគមន៍ និងកោតសរសើរចំពោះឯកឧត្តម Edward Yau រដ្ឋមន្ត្រីពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចហុងកុង ប្រទេសចិន លើកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំកិច្ចពិភាក្សានេះ ទោះបីមានការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ។ ឯកឧត្តមក៏បានជម្រាបពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា និងជនបរទេសគ្រប់រូប ប្រកបដោយជោគជ័យដ៏ធំធេង ដែលជាកត្តាសំខាន់ៗក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម រួមជាមួយការខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា រួមទាំងប្រសាសន៍ដ៏សំខាន់របស់សម្តចតេជោនាយករដ្ឋមន្រ្តី ដែលជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាសឲ្យបើកដំណើរការឡើងវិញលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២១ នេះ តទៅ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការបានជម្រាបពីទំនាក់ទំនងសេដ្ឋកិច្ច និងទំហំពាណិជ្ជកម្ម ក៏ដូចជាកាលានុវត្តន៍ភាពបើកទីផ្សារវិនិយោគ និងធុរកិច្ច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសភាពជាដៃគូពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងហុងកុង ក្រោយវិបត្តិកូវីដ-១៩។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ពីការបេ្តជ្ញារបស់កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាមួយហុងកុង ប្រទេសចិន ក្នុងការលើកកម្ពស់ និងសម្រួលដល់សហគមន៍ធុរកិច្ច ព្រមទាំងបានលើកទឹកចិត្តដល់សហគមន៍ធុរកិច្ចរបស់ហុងកុង ក្នុងការចូលរួមវិនិយោគបន្ថែមទៀតលើវិស័យសំខាន់ៗ រួមមាន៖ បច្ចេកវិទ្យា និងនវានុវត្តន៍ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថល សុខុមាលភាពសាធារណៈ ក្នុងការជួយក្នុងតំបន់ដើម្បីសម្រេចបាននូវកំណើនប្រកបដោយបរិយាប័ន្ន៕